អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានលើកឡើងថា ជំងឺគ្រុនឈាម និងគ្រុនចាញ់ នៅតែជាបញ្ហាសម្រាប់សុខភាពសាធារណៈ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ជាពិសេសក្នុងរដូវវស្សា ដែលមានភ្លៀងធ្លាក់ និងទឹកដក់ច្រើន ដែលវាបានបង្កលក្ខខណ្ឌអំណោយផលដល់ការកកើត និងបង្កើនចំនួនមូសចម្លងជំងឺ។
អ្នកជំនាញរូបនេះយល់ថា ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធគួរពង្រឹងការផ្សព្វផ្សាយចំណេះដឹងអំពីជំងឺទាំងនេះ ស្វែងរកអ្នកជំងឺឱ្យបានឆាប់រហ័ស និងធានាឱ្យមានការព្យាបាលទាន់ពេលវេលា ព្រមទាំងដាក់ចេញវិធានការកម្ចាត់មូសចម្លងជំងឺ។ ជាមួយគ្នានេះ ការសហការរវាងអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏មានសារសំខាន់ក្នុងការតាមដាន ត្រួតពិនិត្យ និងបង្ការការរីករាលដាលនៃជំងឺទាំងនេះផងដែរ។ ទន្ទឹមនឹងនេះអ្នកឧកញ៉ាវេជ្ជបណ្ឌិត អំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើសុខភាពរបស់ខ្លួន ហើយប្រញាប់ទៅពិនិត្យនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ប្រសិនបើមានរោគសញ្ញាគួរឱ្យសង្ស័យ ដូចជា ក្តៅខ្លួនខ្លាំង អស់កម្លាំងខ្លាំង ឬមានឈាមហូរតាមអញ្ចាញធ្មេញ ដើម្បីទទួលបានការពិនិត្យ និងព្យាបាលទាន់ពេលវេលា។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌ បានកត់សម្គាល់ថា ប្រជាពលរដ្ឋមួយចំនួននៅមិនទាន់មានការយល់ដឹង និងប្រុងប្រយ័ត្នគ្រប់គ្រាន់ក្នុងការបង្ការជំងឺគ្រុនឈាម និងគ្រុនចាញ់នៅឡើយទេ ដោយសារជំងឺទាំងនេះអាចកើតមានក្នុងរដូវវស្សា និងទឹកជំនន់។ យ៉ាងណាមិញអ្នកជំនាញរូបនេះ បានណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចៀសវាងកន្លែងដែលមានមូសច្រើន និងប្រើមុងពេលគេង ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺ។ ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត ក៏បានស្នើឱ្យក្រសួងសុខាភិបាលបង្កើនការផ្សព្វផ្សាយអំពីវិធីបង្ការ និងការពារជំងឺឆ្លងទាំងនេះឱ្យបានទូលំទូលាយ ជាពិសេសនៅតាមសហគមន៍មូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹង និងចូលរួមបង្ការការរីករាលដាលនៃជំងឺ។ បន្ថែមលើនេះ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការបង្ការដោយសម្អាតបរិស្ថានជុំវិញផ្ទះ ស្លៀកពាក់ឱ្យបានជិតល្អ ប្រើថ្នាំការពារមូសខាំ និងកុំទុកឱ្យមានទឹកដក់ដែលអាចជាកន្លែងបង្កាត់ពូជមូស។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់ទុកជំងឺគ្រុនឈាមជាអាទិភាពបច្ចុប្បន្ន ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត ដោយផ្តោតជាចម្បងលើការអប់រំសុខភាពសហគមន៍ ការលុបបំបាត់ជម្រកមូស ការបាញ់ថ្នាំកម្ចាត់មូស និងការលើកកម្ពស់គុណភាពសង្គ្រោះព្យាបាលនៅតាមមន្ទីរពេទ្យឱ្យកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់អ្នកជំងឺគ្រប់រូប៕
អត្ថបទ៖ ជា ម៉ារ៉ា