អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានបង្ហាញការហួសចិត្ត និងព្រួយបារម្ភជាខ្លាំង ដែលមកទល់នឹងពេលនេះទៅហើយ យន្តការគ្រប់គ្រងរបស់ក្រសួងជំនាញនៅតែបណ្តោយឱ្យមានការលួចចរាចរឱសថខុសច្បាប់ គ្មានលិខិតអនុញ្ញាត ហូរចូលមកក្នុងស្រុកយ៉ាងអនាធិបតេយ្យ។ អ្នកជំនាញរូបនេះ បានព្រមានថា ការប្រើប្រាស់ឱសថដែលមិនមានការទទួលស្គាល់ ឬពិនិត្យត្រឹមត្រូវពីក្រសួងសុខាភិបាលបែបនេះ វាអាចបង្កហានិភ័យធ្ងន់ធ្ងរក្នុងរយៈពេលវែងដល់សុខភាពអ្នកប្រើប្រាស់។ លោកវេជ្ជបណ្ឌិត សង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងមានវិធានការទប់ស្កាត់ការលួចចរាចរឱសថខុសច្បាប់ទាំងនេះឱ្យបានតឹងរឹងបន្ថែមទៀត ដើម្បីធានាការពារសុខភាពសាធារណៈ និងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋលើការប្រើប្រាស់ឱសថ និងវិស័យសុខាភិបាលនៅកម្ពុជា។
ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គម បានមើលឃើញពីភាពធូរលុងនៃយន្តការច្បាប់ ដោយលោកយល់ថា ការលួចចរាចរទំនិញខុសច្បាប់នៅតែជាមហារីកសង្គមដ៏ធំមួយ។ អ្វីដែលកាន់តែព្រួយបារម្ភនោះ គឺការហូរចូលថ្នាំពេទ្យគ្មានច្បាប់ទម្លាប់ត្រឹមត្រូវរាប់ម៉ឺនប្រអប់ ដែលអាជ្ញាទើបបង្ក្រាបបានកាលពីពេលថ្មីៗ ដែលវាបានស្តែងឱ្យឃើញថា យន្តការអនុវត្តច្បាប់ និងការតាមដានរបស់ក្រសួងសុខាភិបាលហាក់នៅមានភាពទន់ជ្រាយ ដែលធ្វើឱ្យក្រុមទុច្ចរិតមិនញញើតនឹងទោសទណ្ឌ។ ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះស្នើឱ្យរាជរដ្ឋាភិបាលជីកកកាយរកឫសគល់ និងវាយកម្ទេចមេខ្លោងនៅពីក្រោយ ព្រោះថ្នាំពេទ្យគ្មានច្បាប់ទាំងនេះ មិនត្រឹមតែមិនអាចព្យាបាលជំងឺបានទេ តែវាជាឃាតករលាក់មុខដែលអាចផ្តាច់ជីវិពលរដ្ឋបានគ្រប់វិនាទី។
គួររំលឹកថា កាលពីពេលថ្មីៗកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយការិយាល័យនិយ័តកម្មសុខាភិបាល បានស្ទាក់ចាប់រថយន្តមួយគ្រឿង និងបានរកឃើញថ្នាំពេទ្យសរុបចំនួន៤៥កេសធំមានដល់ទៅ១២០ប្រភេទ ដែលស្មើនឹងជាង២ម៉ឺន៣ពាន់ប្រអប់ ដែលសុទ្ធសឹងតែជាឱសថខុសច្បាប់ គ្មានលិខិតអនុញ្ញាត និងគ្មានបញ្ជីកាត្រឹមត្រូវ។ ទោះជាយ៉ាងណាការបង្ក្រាបបានថ្នាំពេទ្យខុសច្បាប់ដ៏ច្រើននេះ មិនមែនជារឿងត្រូវអបអរសាទរទាំងស្រុងនោះទេ ប៉ុន្តែវាជាការទះកំផ្លៀងយ៉ាងដំណំទៅលើប្រព័ន្ធរឹងបន្តឹងសន្តិសុខសុខាភិបាលរបស់កម្ពុជា។ ក្រុមអ្នកវិភាគ បានលើកឡើងជាសំណួរចាក់ដោតថា តើថ្នាំពេទ្យខុសច្បាប់រាប់ម៉ឺនប្រអប់ទាំងនេះអាចហោះរំលងច្រកព្រំដែន និងភ្នែកច្រមុះរបស់អាជ្ញាធរមានសមត្ថកិច្ចដោយរបៀបណា? ប្រសិនបើគ្មានការឆ្លើយតប ឬចាត់វិធានការក្តៅពីក្រសួងសុខាភិបាល ក្នុងការបិទចន្លោះប្រហោងនេះទេ នោះសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់នឹងនៅតែបន្តស្ថិតក្នុងភាពគំរាមកំហែង៕
អត្ថបទ សោម ស្រីពេជ្រ