ការរត់ប្រណាំងដណ្តើមប្រៀបលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) រវាងមហាអំណាចអាម៉េរិក និងចិន កំពុងឈានដល់កម្រិតក្តៅគគុក និងស្វិតស្វាញបំផុត។ ការប្រជែងឥទ្ធិពលនេះកំពុងបង្កើតជាសម្ពាធយ៉ាងខ្លាំងមកលើតំបន់អាស៊ីអាគ្នេយ៍។ អ្នកវិភាគអន្តរជាតិមួយរូបបានព្រមានថា យុទ្ធសាស្ត្រអព្យាក្រឹតភាព ដែលអាស៊ានធ្លាប់ប្រើប្រាស់ជាខែលការពារខ្លួនរាប់ទសវត្សរ៍មកនេះ អាចនឹងលែងគ្រប់គ្រាន់ទៀតហើយ ហើយកំពុងប្រែប្រួលទៅជាការទទួលខុសត្រូវដ៏ធ្ងន់ធ្ងរសម្រាប់តំបន់។ តើសង្គ្រាម AI នេះកំពុងបំបែកបំបាក់ ឬទាញអាស៊ានឱ្យធ្លាក់ចូលក្នុងការប្រកួតប្រជែងគ្នារបស់មហាអំណាចឬយ៉ាងណា?
សារព័ត៌មាន Asia Times បានចុះផ្សាយការវិភាគរបស់លោក រ៉ូននី សាសមីតា (Ronny Sasmita) អ្នកវិភាគផ្នែកសេដ្ឋកិច្ចនយោបាយ និងភូមិសាស្ត្រនយោបាយអន្តរជាតិ ដោយបានលើកឡើងថា ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងប្រញាប់ប្រញាល់កសាងប្រព័ន្ធអេកូឡូស៊ី AI ប្រកួតប្រជែងគ្នា យុទ្ធសាស្ត្រការពារហានិភ័យយូរអង្វែងរបស់អាស៊ាន អាចនឹងលែងអាចការពារស្វ័យភាពយុទ្ធសាស្ត្ររបស់ខ្លួនបានទៀតហើយ។
អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ អាស៊ីអាគ្នេយ៍បានទាញយកផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនពីការប្រកួតប្រជែងរវាងមហាអំណាច។ តាមរយៈការរក្សាទំនាក់ទំនងស្មើមុខស្មើជើងជាមួយទាំងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង បណ្តាប្រទេសអាស៊ាន បានទាក់ទាញការវិនិយោគ ពង្រីកពាណិជ្ជកម្ម និងរក្សាបាននូវលំហការទូតយ៉ាងទូលំទូលាយ។ ប៉ុន្តែបច្ចុប្បន្នការប្រកួតប្រជែង AI កំពុងកែប្រែសមាសភាគទាំងអស់នេះ។
លោក រ៉ូននី សាសមីតា បានបញ្ជាក់ថា សញ្ញានៃការបែកចែកនេះបានស្តែងចេញយ៉ាងច្បាស់តាមរយៈការបង្កើតស្ថាប័នត្រួតត្រា AI ផ្សេងគ្នារបស់មហាអំណាចទាំងពីរ ក្នុងនោះសិង្ហបុរី និងហ្វីលីពីន បានសម្រេចចិត្តចូលរួមក្នុងគំនិតផ្តួចផ្តើម Pax Silica ដឹកនាំដោយសហរដ្ឋអាម៉េរិក ដើម្បីពង្រឹងសុវត្ថិភាព និងភាពជឿជាក់ នៃខ្សែច្រវាក់ផ្គត់ផ្គង់បច្ចេកវិទ្យាទំនើប។ ចំណែកឥណ្ឌូនេស៊ី កម្ពុជា ឡាវ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា បានក្លាយជាសមាជិកស្ថាបនិក នៃអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក ដែលបង្កើតឡើងក្នុងខែកក្កដា ឆ្នាំ២០២៦ ក្រោមគំនិតផ្តួចផ្តើមរបស់ចិន។
អ្នកវិភាគរូបនេះបានបន្ថែមថា សម្ពន្ធភាពចម្រុះទាំងនេះមិនទាន់បញ្ជាក់ថា អាស៊ានបែកបាក់គ្នានោះទេ ប៉ុន្តែវាបានបង្ហាញថា បណ្តាប្រទេសអាស៊ានកំពុងត្រូវបានទាញទម្លាក់ឱ្យធ្លាក់ចូលក្នុងបណ្តាញស្ថាប័នបច្ចេកវិទ្យាពីរផ្សេងគ្នា ដែលពិបាកនឹងដកខ្លួន។
ជាការពិតណាស់ បច្ចេកវិទ្យា AI មិនត្រឹមតែជាឧបករណ៍បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាបេះដូង និងជាឆ្អឹងខ្នងនៃប្រព័ន្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម ឡូជីស្ទិក យោធា និងការរស់នៅក្នុងសង្គមទំនើប។ សម្រាប់អាស៊ាន គ្រោះថ្នាក់ពិតប្រាកដមិនត្រឹមតែជាការទាមទារភាពស្មោះត្រង់ខាងនយោបាយពីសំណាក់ក្រុងវ៉ាស៊ីនតោន ឬក្រុងប៉េកាំងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងការទប់ទល់លើការទូត និងការបែកបាក់ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាក្នុងតំបន់ទាំងមូលផងដែរ៕
ដោយៈ សរ សុជាតិ