សារព័ត៌មាន យូរ៉ូញូ បានរាយការណ៍ថា ទោះបីរដ្ឋសភារុស្ស៊ីបានអះអាងថា ច្បាប់ថ្មីដែលរដ្ឋសភាទើបអនុម័តត្រូវបានបង្កើតឡើងក្នុងគោលបំណងការពារសិទ្ធិរបស់ពលរដ្ឋរុស្ស៊ី ក្នុងករណីដែលពួកគេត្រូវបានចាប់ខ្លួន ឃុំខ្លួន ឬរងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌដោយតុលាការបរទេស ដែលរុស្ស៊ីចាត់ទុកថា ជាការកាត់ក្ដីដោយអយុត្តិធម៌ និងគ្មានការចូលរួមពីភាគីខ្លួន ក៏ដោយ តែអ្នកវិភាគយល់ថា តាមរយៈច្បាប់ថ្មីនេះ ជាការបើកផ្លូវឱ្យប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន អាចបញ្ចូនទ័ពទៅឈ្លានពានប្រទេសដទៃ។ អ្នកជំនាញជឿជាក់ថា តាមរយៈច្បាប់ថ្មីនេះវានឹងគំរាមកំហែង និងបង្កហានិភ័យសន្តិសុខពាសពេញតំបន់អឺរ៉ុប។
លោក វីយ៉ាចេស្លេវ វ្ល៉ូឌីន (Vyacheslav Volodin) ប្រធានសភាឌូម៉ារុស្ស៊ីបានរិះគន់ប្រព័ន្ធយុត្តិធម៌លោកខាងលិចថា បានក្លាយជាឧបករណ៍នយោបាយសម្រាប់បង្ក្រាបអ្នកដែលប្រឆាំងនឹងមនោគមវិជ្ជាអឺរ៉ុប។ លោកបានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពបែបនេះរដ្ឋាភិបាលរុស្ស៊ី ចាំបាច់ត្រូវតែធ្វើគ្រប់យ៉ាង ដើម្បីធានាថា ពលរដ្ឋរបស់ខ្លួននៅបរទេសទទួលបានការការពារយ៉ាងពេញទំហឹង។
ជាមួយគ្នានេះលោក អ៊ែនដ្រេយ កាតាប៉ូឡូវ (Andrey Kartapolov) ប្រធានគណៈកម្មាធិការការពារជាតិ នៃរដ្ឋសភាឌូម៉ា ក៏បានអះអាងដែរថា ច្បាប់នេះនឹងក្លាយជាខែលការពារប្រឆាំងនឹងយុទ្ធនាការរើសអើងជនជាតិរុស្ស៊ី ដែលកំពុងរីករាលដាលនៅតាមបណ្តាប្រទេសមួយចំនួន។
ទោះជាយ៉ាងណា ច្បាប់ថ្មីនេះ បានធ្វើឱ្យបណ្តាប្រទេសនៅអឺរ៉ុប កាន់តែមានការព្រួយបារម្ភ និងចាត់ទុកថាជារលកសញ្ញានៃការគំរាមកំហែងយោធាដ៏ធំពីសំណាក់រុស្ស៊ី។ ជាឆ្លើយតបនឹងស្ថានភាពអស្ថិរភាពនេះ រដ្ឋាភិបាលស៊ុយអែត បានប្រកាសបង្កើតទីភ្នាក់ងារចារកម្មសម្ងាត់ថ្មីមួយ ដើម្បីតាមដាន និងទប់ស្កាត់ការគំរាមកំហែងពីបរទេស ដែលនេះ គឺជាការរៀបចំប្រព័ន្ធសន្តិសុខជាតិឡើងវិញក្រោយការផ្ទុះសង្គ្រាមនៅអ៊ុយក្រែន៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស