ទោះជាយ៉ាងណា ក្រុមអ្នកជំនាញបានកត់សម្គាល់ថា ចំណាត់ការនេះហាក់នៅមានភាពយឺតយ៉ាវ និងមិនទាន់គ្រប់គ្រាន់ ខណៈករណីនេះអាចមានជាប់ពាក់ព័ន្ធជាខ្សែរយៈ។ តើរដ្ឋាភិបាលគួរចាត់វិធានការត្រឹមមន្ត្រីម្នាក់នេះ ឬត្រូវបន្តវះកាត់រកអ្នកពាក់ព័ន្ធផ្សេងទៀត?
លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានចាត់ទុកការចាត់ចំណាត់ការរបស់ក្រសួងពាណិជ្ជកម្មលើមន្រ្តី ក.ប.ប នៅខេត្តបាត់ដំបង ហាក់មានភាពយឺតយ៉ាវ ដោយសារចំណាត់ការនេះបានកើតឡើងនៅមួយថ្ងៃក្រោយមានការស្នើពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ អ្នកជំនាញរូបនេះបានវាយតម្លៃថា ការដែលមន្រ្តី ក.ប.ប រូបនេះរងចំណាត់ការក្តៅ គឺដោយសារមន្រ្តីរូបនេះមិនមានការស្រាវជ្រាវប្រភពនាំចូលទុរេនពីថៃឱ្យបានច្បាស់លាស់ ហើយបានសន្និដ្ឋានប្រញាប់ប្រញាលពេក ដែលបង្កឱ្យមានប្រសតិកម្មយ៉ាងខ្លាំងពីសាធារណជន។ សម្រាប់លោកបណ្ឌិត គិន ភា មន្រ្តី ក.ប.ប ខេត្តបាត់ដំបង ពុំមែនជាតួអង្គតែម្នាក់ដែលត្រូវទទួលរងនូវទណ្ឌកម្មនោះទេ ដោយសារករណីខាងលើអាចមានជាប់ពាក់ព័ន្ធជាមួយមនុស្សជាច្រើនទៀត ដែលបានគប់គិតគ្នា និងទាមទារឱ្យមានការស្រាវជ្រាវចាត់វិធានការថែមទៀត ដើម្បីស្ដារទំនុកចិត្តរបស់ពលរដ្ឋមកវិញ។
ស្រដៀងគ្នានេះលោក ឱក សេរីសោភក្តិ៍ ទីប្រឹក្សាឯករាជ្យ និងជាអ្នកជំនាញអភិបាលកិច្ចល្អ បានលើកឡើងថា នៅតាមអង្គភាពនីមួយៗតែងមានរចនាសម្ព័ន្ធ ឬខ្សែរយៈផ្សេងៗគ្នា ប៉ុន្តែការចាត់វិធានការណាមួយលើមន្រ្តីប្រព្រឹត្តខុស ឬគិតតែចំពោះមន្រ្តីដែលមានខ្សែរយៈណាមួយ គឺពុំមែនជារឿងត្រឹមត្រូវនោះទេ ខណៈកន្លងមកលោកសង្កេតឃើញថា ចំណាត់ការលើមន្រ្តីណាមួយ គឺធ្វើឡើងដើម្បីសាធារណមតិ និងឱ្យសាធារណជនស្ងប់ចិត្តប៉ុណ្ណោះ។ ជាមួយគ្នានេះ អ្នកជំនាញរូបនេះ ហាក់មានចម្ងល់ចំពោះភាពយឺតយ៉ាវរបស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញចំណាត់ការក្រោយមានប្រតិកម្មពីប្រធានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន។ ការណ៍នេះ ត្រូវបានលោក ឱក សេរីសោភក្តិ៍ ចាត់ទុកថា ជាការធ្វើឱ្យពលរដ្ឋមានការខកចិត្ត និងលែងហ៊ានរំពឹងចំពោះការទទួលខុសត្រូវរបស់ក្រសួង។
ដោយឡែកលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិបានគាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាល។ ទន្ទឹមនេះ លោកបណ្ឌិត ជឿជាក់ថា រដ្ឋាភិបាលនឹងបន្តស្វែងរកដំណោះស្រាយ និងរឹតបន្តឹងលើមន្រ្តីពាក់ព័ន្ធថែមទៀត ដើម្បីពង្រឹងគុណភាពមន្រ្តីនៅតាមច្រកទ្វារព្រំដែនឱ្យមានតម្លាភាព។
សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានសម្រេចបញ្ចប់មុខតំណែង និងលុបឈ្មោះលោក គឹម ប្រុស ប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបង ចេញពីក្របខណ្ឌមន្ត្រីរាជការ។ ការលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការនេះ បានកើតឡើងតែប៉ុន្មានម៉ោងក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានស្នើឱ្យមានការដកមន្ត្រី ក.ប.ប ពាក់ព័ន្ធនឹងករណីបណ្ដែតបណ្ដោយឱ្យទុរេនថៃនាំចូលមកលក់នៅផ្សារភួពុយ ក្នុងខេត្តបាត់ដំបង និងធ្វើរបាយការណ៍ភូតកុហកថា ទុរេនទាំងនោះជាទុរេនដែលមានប្រភពមកពីខេត្តកំពង់ចាម៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសា