បណ្ណបំណុល

រដ្ឋកៀរគរទុនបានជាង៣៦៥លានដុល្លារពីការបោះផ្សាយលក់បណ្ណបំណុលនៅត្រីមាសទី១ឆ្នាំនេះ


ការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់ និងល្អប្រសើរហួសពីការរំពឹងទុកនៅក្នុងឆ្នាំ២០២៦ នេះ។ ជាក់ស្តែងគ្រាន់តែនៅក្នុងត្រីមាសដំបូងប៉ុណ្ណោះ រាជរដ្ឋាភិបាលអាចប្រមូលទុនពីការលក់បណ្ណបំណុលបានរហូតដល់ជាង៣៦៥លានដុល្លារអាម៉េរិក ដែលស្មើនឹងប្រមាណ៧០% នៃទំហំសរុបជាង៥២០លានដុល្លារអាម៉េរិក ដែលច្បាប់ថវិកាជាតិបានអនុញ្ញាតឱ្យបោះផ្សាយលក់សម្រាប់ពេញមួយឆ្នាំ។
បណ្ណបំណុល
ដោយ

ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានចាត់ទុកលទ្ធផលដ៏មហិមានេះថា ជារបត់ប្រវត្តិសាស្ត្រថ្មី នៃហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការហក់ឡើងនៃទំនុកចិត្តរបស់វិនិយោគិនមកលើរាជរដ្ឋាភិបាល និងជាជោគជ័យដ៏ធំធេងនៃយុទ្ធសាស្ត្រពង្រឹងឯករាជ្យភាព ដើរចេញពីការពឹងផ្អែកលើកម្ចីបរទេស។

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានចាត់ទុកការសម្រេចបាន៧០% នៃផែនការនៃការបោះផ្សាយលក់បណ្ណបំណុលរបស់រដ្ឋ គឺជារបត់ថ្មីមួយនៃវិស័យហិរញ្ញវត្ថុកម្ពុជា ដែលបានបង្ហាញពីការជឿទុកចិត្តខ្ពស់របស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកលើស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងសមត្ថភាពសងប្រាក់ត្រឡប់វិញរបស់រដ្ឋាភិបាល។ លើសពីនេះវាក៏បានបង្ហាញពីការផ្លាស់ប្តូរទម្លាប់ពីការខ្ចីលុយបរទេសមកជាការប្រើប្រាស់ធនធានសល់ក្នុងស្រុក ដើម្បីអភិវឌ្ឍប្រទេសជាតិផងដែរ។ សម្រាប់អ្នកជំនាញរូបនេះ ការងាកមកប្រើប្រាស់បំណុលក្នុងស្រុកបានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជាការការពារហានិភ័យពីការខាតបង់ដោយសារការប្រែប្រួលអត្រាប្តូរប្រាក់អន្តរជាតិ ការរក្សាសាច់ប្រាក់ និងផលចំណេញឱ្យវិលជុំក្នុងសេដ្ឋកិច្ចជាតិ ព្រមទាំងជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែមានឥទ្ធិពល។ លើសពីនេះ វាក៏ជាឧបករណ៍យុទ្ធសាស្ត្រក្នុងការរុញច្រានគោលនយោបាយបដិដុល្លារូបនីយកម្ម។

ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានវាយតម្លៃថា ការសម្រេចបានលទ្ធផលល្អក្នុងការបោះផ្សាយលក់បណ្ណបំណុលរដ្ឋនេះ គឺដោយសារវិនិយោគិនក្នុងស្រុកមានទំនុកចិត្តខ្ពស់លើរាជរដ្ឋាភិបាល ខណៈមូលបត្ររដ្ឋកំពុងក្លាយជាជម្រើសវិនិយោគដ៏មានសុវត្ថិភាពបំផុត។ បើតាមអ្នកជំនាញរូបនេះ លទ្ធផលនេះក៏បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទានតាមរយៈការប្រើប្រាស់ធនធានក្នុងស្រុក ដែលនឹងជួយអភិវឌ្ឍទីផ្សារមូលធន ពង្រឹងភាពធន់ នៃទីផ្សារហិរញ្ញវត្ថុ និងជួយគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាពក្នុងរយៈពេលវែង។

ផ្អែកតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញទិន្នន័យផ្លូវការថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ រាជរដ្ឋាភិបាល បោះផ្សាយលក់មូលបត្ររដ្ឋសម្រេចបានទឹកប្រាក់សរុបជាង៣៦៥លានដុល្លារអាម៉េរិក។ ថវិកាដែលកៀរគរបានពីទីផ្សារទុនក្នុងស្រុកដ៏ច្រើនសន្ធឹកសន្ធាប់នេះ នឹងត្រូវយកទៅប្រើប្រាស់ជាហិរញ្ញប្បទានយុទ្ធសាស្ត្រ ដើម្បគាំទ្រដល់គម្រោងវិនិយោគសាធារណៈធំៗ ការអនុវត្តវិធានការគោលនយោបាយគន្លឹះៗរបស់ជាតិ ព្រមទាំងរក្សាតុល្យភាពថវិកាជាតិ សំដៅលើកស្ទួយកំណើន និងបង្កើនផលិតភាពសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត៕




អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត៖ កម្ពុជាត្រូវបង្កើនសមត្ថភាពផលិតក្នុងស្រុក និងបណ្តុះមេទ័ពសេដ្ឋកិច្ចជំនាន់ថ្មី ដើម្បីកសាងសេដ្ឋកិច្ចជាតិដ៏រឹងមាំ

(កំពង់ធំ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការអភិវឌ្ឍសហគ្រិនភាព …

ថៃ កំពុងឆ្លេឆ្លាគំរាមផ្តាច់ការចរចាព្រំដែនគោកតាម JBC និង GBC ក្រោយកម្ពុជា រុញជម្លោះសមុទ្រទៅដល់ដៃ UNCLOS

គ្រាន់តែដឹងថា កម្ពុជា សម្រេចចិត្តជ្រើសរើសយកយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី ច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ