កិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងកម្ពុជា និងបារាំង បានឈានដល់កម្រិតស៊ីជម្រៅមិនធ្លាប់មាន ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាកសាងក្របខណ្ឌយុទ្ធសាស្ត្ររយ:ពេលវែង ដើម្បីកែទម្រង់ស្ថាប័នរដ្ឋបាល និងអភិវឌ្ឍសមត្ថភាពធនធានមនុស្សផ្នែកច្បាប់នៅកម្ពុជា។ ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងស្ថាប័នរវាងកម្ពុជា និងបារាំងកាលពីថ្ងៃទី១៥ ខែកញ្ញា នៅប្រទេសបារាំង ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានចាត់ទុក MoU នេះជាជំហានដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា និងក្រុមប្រឹក្សារដ្ឋបារាំង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា MoU នេះកើតឡើងចំពេលដែលកម្ពុជាកំពុងតែរៀបចំក្រមរដ្ឋបាល និងក្រមពាណិជ្ជកម្មយ៉ាងសកម្មក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ច្បាប់។ ការទទួលបានបទពិសោធ និងឧត្តមានុវត្តន៍ពីក្រុមប្រឹក្សារដ្ឋបារាំង នឹងជួយឱ្យកម្ពុជាបង្កើនគុណភាពនៃការពិនិត្យ និងតាក់តែងច្បាប់សំដៅធានាឱ្យរាល់លិខិតបទដ្ឋានគតិយុត្តមានភាពស៊ីជម្រៅ សង្គតិភាព និងតម្លាភាព។ លើសពីនេះ វានឹងជួយពង្រឹងទំនុកចិត្តផ្នែកធុរកិច្ច ព្រោះការមានប្រព័ន្ធច្បាប់ច្បាស់លាស់ និងអាចប៉ាន់ប្រមាណបាន គឺជាគ្រឹះដ៏សំខាន់ក្នុងការការពារប្រយោជន៍សាធារណៈ និងទាក់ទាញការវិនិយោគ។
ឯកឧត្ដមវង្សី វិស្សុត បានបន្ថែមថា ការលើកកម្ពស់សមត្ថភាព និងគុណភាពក្នុងការវិភាគ និងការពិនិត្យផ្តល់យោបល់ប្រឹក្សាច្បាប់, ការតាក់តែងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងការពង្រឹងគុណភាពនៃប្រព័ន្ធច្បាប់ នឹងរួមចំណែកធានាបាននូវសណ្តាប់ធ្នាប់គតិយុត្ត, សណ្តាប់ធ្នាប់ស្ថាប័ន, ការពារនីត្យានុកូលភាព និងការពង្រឹងទំនុកចិត្តរបស់ស្ថាប័នសាធារណៈ ព្រមទាំងធានាឱ្យការអនុវត្តអំណាចសាធារណៈកាន់តែមានប្រសិទ្ធភាព, សង្គតិភាព, តម្លាភាព, យុត្តិធម៌, ការពារប្រយោជន៍សាធារណៈ, អាចប៉ាន់ប្រមាណបាន និងមានការទទួលខុសត្រូវ ព្រមទាំងគាំទ្រដល់ធុរកិច្ច ស្របតាមគោលការណ៍នៃនីតិរដ្ឋ ដូចមានចរឹកក្នុងរដ្ឋធម្មនុញ្ញ។
ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រែក្លាយខ្លឹមសារនៃ MoU ខាងលើទៅជាសកម្មភាពជាក់ស្តែង ដើម្បីផ្តល់ផលប្រយោជន៍យូរអង្វែង និងក្លាយជាគំរូ នៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ប្រកបដោយការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ពិសេសការចែករំលែកបទពិសោធដ៏ទូលំទូលាយ និងចំណេះដឹងស៊ីជម្រៅពីសំណាក់សមាជិកក្រុមប្រឹក្សារដ្ឋបារាំង ដើម្បីពង្រឹងសមត្ថភាព និងជំនាញវិជ្ជាជីវៈច្បាប់ដល់សមាជិក និងមន្ត្រីច្បាប់វ័យក្មេង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ និងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ច្បាប់ ព្រមទាំងក្រសួងស្ថាប័ននានាផងដែរ ដើម្បីធានាភាពជោគជ័យនៃការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ លោក ម៉ាក ហ្គីយ៉ូម អនុប្រធានក្រុមប្រឹក្សារដ្ឋបារាំងបានគូសបញ្ជាក់ថា MoU នេះមិនមែនត្រឹមតែជាឯកសារផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែជាក្របខណ្ឌយុទ្ធសាស្ត្រទូលំទូលាយ ដែលនឹងបើកផ្លូវឱ្យស្ថាប័នកំពូល នៃប្រទេសទាំងពីរបកស្រាយ និងអភិវឌ្ឍវិស័យច្បាប់រួមគ្នាប្រកបដោយទស្សនវិស័យវែងឆ្ងាយ។គួរបញ្ជាក់ថា នៅក្នុងបេសកកម្មការងារនៅទីក្រុងប៉ារីស ឯកឧត្តម វង្សី វិស្សុត ក៏បានជួបពិភាក្សាការងារផ្ទាល់ និងសិក្សាស្វែងយល់អំពីរបៀបរបបធ្វើការរបស់ក្រុមប្រឹក្សារដ្ឋបារាំងទាំងលើទិដ្ឋភាព នៃការផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងតួនាទីជាយុត្តាធិការរដ្ឋបាលកំពូលផងដែរ៕