លោក ហួត រ៉ាដេត ស្ថាបនិកក្រុមហ៊ុនសាច់ជ្រូកជាតិបានអះអាងថា មកទល់ពេលនេះនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូករបស់លោកពុំទាន់មានករណីជំងឺឆ្លងធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់នោះទេ។ ទោះជាបែបនេះក្ដី អ្នកជំនាញរូបនេះ ស្នើដល់អាជ្ញាធរពាក់ព័ន្ធឱ្យរឹតបន្តឹងការនាំចូលជ្រូករស់ និងសាច់បង្កកពីប្រទេសជិតខាងជាបណ្តោះអាសន្ន ដើម្បីការពារជំងឺប៉េស្តជ្រូក ដែលកំពុងមានការរាលដាល បើពុំដូច្នេះទេ នោះនឹងអាចមានការបំផ្លាញផលិតកម្មជ្រូកនៅទូទាំងប្រទេសតែម្ដង។ បើតាមលោក ហួត រ៉ាដេត ដើម្បីទប់ស្កាត់ការនាំចូលជ្រូក ដែលមានជំងឺឱ្យមានប្រសិទ្ធភាពបាន លុះណាតែស្ថាប័នជំនាញមានការត្រួតពិនិត្យតាមបច្ចេកទេសឱ្យបានច្បាស់លាស់នោះទើបអាចបង្ការហានិភ័យបាន។
ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាកត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះមានការនាំចូលកូនជ្រូកមួយចំនួនពីប្រទេសជិតខាង តែការនាំចូលនោះមានច្បាប់អនុញ្ញាតពីស្ថាប័នជំនាញ។ តែយ៉ាងណានៅក្នុងស្ថានភាពនេះ លោកស្នើដល់ស្ថាប័នពាក់ព័ន្ធនៅតាមព្រំដែនឱ្យបិទការនាំចូលសាច់ និងជ្រូករស់កុំឱ្យនាំចូលមកកម្ពុជាទៀត ដើម្បីទប់ស្កាត់ការឆ្លងជំងឺដល់ជ្រូករបស់កសិករខ្មែរ ខណៈមកទល់ពេលនេះនៅតាមកសិដ្ឋានចិញ្ចឹមជ្រូកនៅកម្ពុជាពុំទាន់កើតមានជំងឺឆ្លងខ្លាំងគួរឱ្យកត់សម្គាល់នោះទេ។ បើតាមលោក ស្រ៊ុន ពៅ មកទល់ពេលនេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាកំពុងចាត់វិធានការទប់ស្កាត់ជំងឺឆ្លងនានាលើសត្វជ្រូកនៅតាមកសិដ្ឋាន ខណៈនៅក្នុងរដូវវស្សានេះសត្វជ្រូកងាយប្រឈមនឹងជំងឺឆ្លង។
សូមរំលឹកថា នាពេលថ្មីៗនេះអាជ្ញាធរឡាវ បានប្រកាសអាសន្នពីការផ្ទុះរាលដាលយ៉ាងរហ័ស នៃជំងឺប៉េស្តជ្រូក ដោយបានចាត់វិធានការសម្លាប់ និងតម្រូវឱ្យកម្ទេចចោលសត្វជ្រូកជាង៥ពាន់ក្បាល។ ជុំវិញវិបត្តិនេះ ទីស្តីការគណៈរដ្ឋមន្ត្រីឡាវ បានចេញសេចក្តីជូនដំណឹងបន្ទាន់ ដោយបញ្ជាឱ្យរឹតបន្តឹងការត្រួតពិនិត្យការដឹកជញ្ជូនជ្រូករស់ សាច់ជ្រូក និងហាមឃាត់ដាច់ខាតលើការនាំចូលផលិតផលសាច់ជ្រូកពីបរទេស។ ដោយឡែក នៅប្រទេសវៀតណាមវិញ អាជ្ញាធរក៏បានដាក់ចេញវិធានការក្តៅដូចគ្នា បន្ទាប់ពីរកឃើញជ្រូកជាច្រើនបានងាប់ដោយសារជំងឺនេះ ដោយបានហាមឃាត់ដាច់ខាតមិនឱ្យកសិករលក់ ដឹកជញ្ជូន ឬបរិភោគសាច់ជ្រូកដែលឈឺ ព្រមទាំងហាមបោះចោលសាកសពជ្រូកពាសកាលផងដែរ៕
អត្ថបទ៖ បូ ដូឡា