លោកបណ្ឌិត ឈឹម ផាន់ណា អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច និងទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកសកម្មភាពរបស់ថ្នាក់ដឹកនាំប្រទេសបារាំង ប៊ុលហ្គារី អាម៉េនី និងប្រតិភូមួយចំនួនទៀត ដែលបានដើរ ជិះកង់ និងជិះម៉ូតូកង់៣តាមផ្លូវមួយចំនួននៅរាជធានីភ្នំពេញ គឺបានបង្ហាញឱ្យឃើញថា កម្ពុជាមានសន្តិសុខសុវត្ថិភាពពេញលេញ ដោយមិនបារម្ភពីសន្តិសុខផ្ទាល់ខ្លួន។ សម្រាប់អ្នកជំនាញរូបនេះ សកម្មភាពដើរកម្សាន្តរបស់ថ្នាក់ដឹកនាំទាំងនេះបានបង្ហាញប្រាប់ដល់ពិភពលោកពីភាពវិជ្ជមានក្នុងការធ្វើដំណើរ និងអាចលុបបំបាត់នូវការឃោសនាអកុសលនានា ដែលបានផ្សព្វផ្សាយបង្ខូចឈ្មោះរបស់កម្ពុជា នាពេលកន្លងមក។ ការណ៍នេះធ្វើឱ្យលោកបណ្ឌិត មានជំនឿយ៉ាងមុតមាំថា នឹងធ្វើឱ្យកម្ពុជាអាចស្ដារមុខមាត់ និងទាក់ទាញអ្នកទេសចរ ព្រមទាំងវិនិយោគិនបរទេសឱ្យមានភាពប្រសើរឡើងវិញ។
ដោយឡែកលោក ប្រាយអិន ស៊ីណាក់ អោក អ្នកគ្រប់គ្រងប្រចាំប្រទេស នៃក្រុមហ៊ុនទេសចរណ៍ See Asia Differently យល់ឃើញថា ការរៀបចំរបស់រដ្ឋាភិបាលបានផ្ដល់នូវភាពកក់ក្ដៅដល់ថ្នាក់ដឹកនាំ និងប្រតិភូរបស់បណ្ដាប្រទេសនានា ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។ អ្នកជំនាញរូបនេះចាត់ទុកសកម្មភាពនៅតាមដងផ្លូវរបស់ថ្នាក់ដឹកនាំប្រទេសនានានៅកម្ពុជា គឺជាសារដ៏មានឥទ្ធិពលក្នុងការបង្ហាញដល់ពិភពលោកឱ្យបានស្គាល់ពីសន្តិសុខ និងសុវត្ថិភាពពេលមកកម្សាន្តនៅកម្ពុជា ដែលជាផ្នែកមួយក្នុងការរួមចំណែកជួយបន្សាបការផ្សព្វផ្សាយអវិជ្ជមានមកលើកម្ពុជានាពេលកន្លងមក។
សូមរំលឹកថា នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅកម្ពុជា ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ ប្រធានាធិបតីបារាំង ប្រធានាធិបតីប៊ុលហ្គារី នាយករដ្ឋមន្ត្រីអាម៉េនី និងប្រតិភូជាន់ខ្ពស់មកពីបណ្តាប្រទេសជាច្រើនទៀត ត្រូវបានគេប្រទះឃើញចុះដើរ ជិះកង់ និងជិះម៉ូតូកង់បីយ៉ាងសប្បាយរីករាយ និងមានសុវត្ថិភាពពេញលេញតាមដងផ្លូវក្នុងរាជធានីភ្នំពេញ។ សកម្មភាពទាំងនេះទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដែលនេះ គឺជាការឆ្លើយតបយ៉ាងស្ងៀមស្ងាត់ប៉ុន្តែមានឥទ្ធិពលចំពោះការវាយប្រហារ និងការផ្សព្វផ្សាយអវិជ្ជមានពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួនពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងបទល្មើសអនឡាញកន្លងមក៕
អត្ថបទ៖ បូ ដូឡា