វិស័យ​ការបរទេស

​តើការប្រកាសជំហររបស់ហ្វ្រង់កូហ្វូនី អាស៊ាន និង AIPA ជុំវិញជម្លោះព្រំដែនអាចទាញថៃ ឱ្យមករកតុចរចាជាមួយកម្ពុជា បានកម្រិតណា?


សម្ពាធពីសហគមន៍អន្តរជាតិ មេដឹកនាំប្រទេសសំខាន់ៗ និងមតិសាធារណៈក្នុងប្រទេសថៃ កំពុងក្លាយជាកត្តាជំរុញឱ្យរដ្ឋាភិបាលទីក្រុងបាងកក ក្រោមការដឹកនាំរបស់លោក អានុទីន ឆានវីរៈគុល ត្រូវពិចារណារកច្រកចេញពីភាពតានតឹងតាមព្រំដែនជាមួយកម្ពុជា តាមរយៈការចរចា និងយន្តការការទូតដែលមានស្រាប់​។
​តើការប្រកាសជំហររបស់ហ្វ្រង់កូហ្វូនី អាស៊ាន និង AIPA ជុំវិញជម្លោះព្រំដែនអាចទាញថៃ ឱ្យមករកតុចរចាជាមួយកម្ពុជា បានកម្រិតណា?
ដោយ

អ្នកជំនាញយល់ថា ជំហរគាំទ្រពីអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី អាស៊ាន AIPA និងការជំរុញពីប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង រួមទាំងសម្ពាធការទូតពីភាគីពាក់ព័ន្ធ អាចបង្កើនកម្លាំងជំរុញឱ្យថៃ វិលត្រឡប់មករកដំណោះស្រាយដោយសន្តិវិធី ដែលជាក្តីសង្ឃឹមសម្រាប់ការបន្ធូរបន្ថយភាពតានតឹង និងការវិលត្រឡប់របស់ប្រជាពលរដ្ឋខ្មែរជាង២ម៉ឺននាក់ ដែលកំពុងភៀសសឹកទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព។

លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម មើលឃើញថា ក្នុងស្ថានភាពបច្ចុប្បន្នរដ្ឋាភិបាលទីក្រុងបាងកក ក្រោមការដឹកនាំរបស់លោក អានុទីន ឆានវីរៈគុល កំពុងប្រឈមនឹងសម្ពាធយ៉ាងខ្លាំងទាំងពីសហគមន៍អន្តរជាតិ ប្រជាពលរដ្ឋ និងកងទ័ពថៃខ្លួនឯង។ លោកបណ្ឌិត សង្កេតឃើញថា ទោះបីជាលោក អនុទីន មិនមានបំណងចង់ដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជាយ៉ាងណាក៏ដោយ ក៏លោក ចាំបាច់ត្រូវស្វែងរកច្រកចេញពីសម្ពាធនយោបាយបច្ចុប្បន្នជាមុនសិន។ សម្រាប់អ្នកជំនាញរូបនេះ ការជួបជុំរបស់លោក ដូណាល់ ត្រាំ និងមេដឹកនាំ ឬតំណាងភាគីសំខាន់ៗផ្សេងទៀតដែលជាម្ចាស់ហេត្តលេខីនាំឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃកាលពីឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន នឹងអាចបង្កើនសម្ពាធការទូតបន្ថែមលើលោក អានុទីន ដែលធ្វើឱ្យលោកពិបាកនឹងគេចផុតពីការជំរុញឱ្យមានដំណោះស្រាយចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ។

ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា អង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី បានបង្ហាញជំហរយ៉ាងច្បាស់ជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសង្កត់ធ្ងន់ថា ការប្រើប្រាស់កម្លាំងយោធាមិនអាចជាមធ្យោបាយកំណត់ខណ្ឌសីមាព្រំដែនបានជាដាច់ខាត ស្របពេលកិច្ចប្រជុំកំពូលអាស៊ាន និងសភាអន្តរសភាអាស៊ាន (AIPA) ក៏បានជំរុញឱ្យភាគីកម្ពុជា និងថៃ វិលត្រឡប់ទៅកាន់តុចរចា ដើម្បីដោះស្រាយវិវាទព្រំដែនដោយសន្តិវិធីផងដែរ។ លោកបណ្ឌិតជឿជាក់ថា សំឡេងគាំទ្រ និងការជំរុញពីសហគមន៍អន្តរជាតិ និងក្នុងតំបន់នឹងក្លាយជាសម្ពាធការទូតមួយ ដែលភាគីថៃ មិនអាចមើលរំលងបានឡើយ ហើយថៃ គួរតែប្រញាប់វិលត្រឡប់មកកាន់តុចរចាតាមរយៈយន្តការ ដែលមានស្រាប់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ លោក អានុទីន ឆានវីរៈគុល កំពុងប្រឈមនឹងសម្ពាធនយោបាយផ្ទៃក្នុង ខណៈការឃោសនាស្វែងរកសំឡេងឆ្នោត ដោយប្រកាន់ជំហរមិនដកកងទ័ព មិនបើកព្រំដែន និងមិនចុះញមចំពោះកម្ពុជា កំពុងបង្កើតជាបញ្ហាប្រឈមជាមួយទាំងមតិមហាជនថៃ និងកងទ័ពថៃ ខ្លួនឯង។

ជាមួយគ្នានេះ លោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា សំឡេងគាំទ្រពីសហគមន៍អន្តរជាតិ រួមផ្សំនឹងការជំរុញរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង កំពុងបង្កើនសម្ពាធការទូតលើភាគីថៃឱ្យវិលត្រឡប់មករកការចរចា ដើម្បីស្វែងរកដំណោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ លោកយល់ថា ការជំរុញទាំងនេះអាចជាកត្តាវិជ្ជមានមួយក្នុងការជួយបន្ធូរបន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយចំពោះវិវាទព្រំដែនកម្ពុជា-ថៃ។ សម្រាប់អ្នកជំនាញរូបនេះ ប្រជាពលរដ្ឋខ្មែរជាង២ម៉ឺននាក់ដែលកំពុងភៀសសឹក អាចមានក្តីសង្ឃឹមក្នុងការវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ ប្រសិនបើមានការសម្របសម្រួល និងកិច្ចព្រមព្រៀងវិជ្ជមានណាមួយរវាងភាគីទាំងពីរ។ លោកជឿជាក់ថា ប្រសិនបើភាគីថៃនៅតែបន្តរារាំងការវិលត្រឡប់របស់ប្រជាពលរដ្ឋស៊ីវិល នោះថៃអាចប្រឈមនឹងការរិះគន់ និងការថ្កោលទោសពីសហគមន៍អន្តរជាតិជាក់ជាមិនខាន។

គួររំលឹកថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី វេទិកាអាស៊ាន និងសភាអន្តរសភាអាស៊ាន (AIPA) សុទ្ធតែបានបង្ហាញការគាំទ្រ និងជំរុញឱ្យកម្ពុជា និងថៃដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ព្រមទាំងគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នា។ ជាក់ស្តែងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានជំរុញឱ្យកម្ពុជា និងថៃបន្តដំណើរការបោះបង្គោលខណ្ឌសីមាព្រំដែនគោក ស្របតាមច្បាប់អន្តរជាតិ ដោយមិនអាចប្រើប្រាស់កម្លាំងយោធាដើម្បីកំណត់ខណ្ឌសីមាព្រំដែនបានឡើយ។ អង្គការនេះ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាឱ្យប្រជាពលរដ្ឋស៊ីវិលអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញដោយសុវត្ថិភាព និងរក្សាបាននូវសេចក្តីថ្លៃថ្នូរ។

យោងតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ សម័យប្រជុំចង្អៀតនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាតំណាងឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងពីការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី ព្រមទាំងបានអំពាវនាវឱ្យអនុវត្តឱ្យបានពេញលេញ និងស្មោះត្រង់នូវសេចក្តីថ្លែងការណ៍រួមកម្ពុជា-ថៃចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីឱ្យប្រជាជនកម្ពុជាប្រមាណ២ម៉ឺននាក់ ដែលបានភៀសខ្លួនអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


​តើការដើរកម្សាន្តតាមផ្លូវរបស់មេដឹកនាំ​បារាំង ​​​ប៊ុលហ្គារី​​ និងអាម៉េនី​​ នៅកម្ពុជា អាចជួយស្តារទំនុកចិត្តភ្ញៀវទេសចរបរទេសយ៉ាងណាដែរ?

នៅក្នុងអំឡុងពេលចូលរួមក្នុងកិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី នៅរាជធានីភ្នំពេញ ដែលទើបបិទបញ្ចប់ថ្មីៗនេះ ប្រធានា​ធិបតីបារាំង ​​​ប៊ុលហ្គារី​ ន…

លោក ត្រាំ និង អនុទីន ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្ដីពីពាណិជ្ជកម្ម ខណៈថៃសន្យាទិញផលិតផលកសិកម្មអាមេរិកបន្ថែម ២,៦ពាន់លានដុល្លារ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីពាណិជ្ជកម្ម ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ