សណ្ដាប់សង្គម

​រដ្ឋាភិបាលកំពុងសិក្សាយកក្មេងទំនើង ដែលដើរអុកឡុកសង្គមទៅលុតដំនៅសមរភូមិជួរមុខ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធសិក្សាផ្លូវច្បាប់ជាបន្ទាន់ក្នុងការរៀបចំយន្តការបញ្ជូនក្មេងទំនើង ដែលបង្កការអុកឡុកក្នុងសង្គមឱ្យទៅជួយសម្រាលការងារកងទ័ពនៅសមរភូមិជជួរមុខនៅតាមខ្សែបន្ទាត់ព្រំដែន។ ទោះបីជាមានការគាំទ្រយ៉ាងខ្លាំងពីមជ្ឈដ្ឋានទូទៅ ប៉ុន្តែអ្នកជំនាញកិច្ចការសង្គមបានលើកជាសំណួរថា តើគួរមានយន្តការបែបណា ដើម្បីធានាថា ការអនុវត្តនេះនឹងមានតម្លាភាព និងទទួលបានប្រសិទ្ធភាពពិតប្រាកដ?
សណ្ដាប់សង្គម
ដោយ

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយយល់ឃើញថា បរិយាកាសក្នុងសង្គម គឺជាចំណែកមួយបានធ្វើឱ្យមានក្មេងទំនើងកើតឡើង។ តែយ៉ាងណាអ្នកជំនាញរូបនេះ គាំទ្រចំពោះអនុសាសន៍របស់រាជរដ្ឋាភិបាល ក្នុងការគិតគូរយកក្មេងទំនើងឱ្យទៅបម្រើសកម្មភាពជាប្រយោជន៍ដល់កងកម្លាំងនៅតាមព្រំដែន ព្រោះវាអាចនឹងផ្ដល់ឱកាសដល់ពួកគេឱ្យកែប្រែចិត្តគំនិត ហើយចូលរួមជួយសង្គមជាតិ និងការពារទឹកដី។ ទន្ទឹមនេះ ដើម្បីឱ្យការងារនេះមានប្រសិទ្ធភាពបានលុះណាតែការអនុវត្តត្រូវធ្វើឡើងតាមសមធម៌ និងមានតម្លាភាពដោយគ្មានការរើសអើង និងប្រកាន់បក្ខពួក។ លោកបណ្ឌិត យង់ ពៅ ជឿជាក់ថា ប្រសិនបើការងារនេះអាចអនុវត្តទៅបាន នោះនឹងកាត់បន្ថយសកម្មភាពក្មេងទំនើងអុកឡុកក្នុងសង្គមបានមួយកម្រិតផងដែរ។

ស្រដៀងគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានគាំទ្រចំពោះផែនការរបស់រាជរដ្ឋាភិបាល ដែលគ្រោងយកក្មេងទំនើង ដែលដើរបង្កបញ្ហាអុកឡុកសង្គមឱ្យជួយក្នុងកិច្ចការងារនៅសមរភូមិ តែលោកស្នើឱ្យមានការសិក្សាផ្នែកច្បាប់ឱ្យបានស៊ីជម្រៅបន្ថែមទៀត ដើម្បីបញ្ចៀសបញ្ហាផ្សេងៗ។ បើតាមអ្នកជំនាញរូបនេះ ដើម្បីឱ្យការអនុវត្តលើក្មេងទំនើងទទួលបានប្រសិទ្ធភាពលុះណាតែការអនុវត្តប្រកបដោយតម្លាភាព និងមានកំណត់លក្ខខណ្ឌច្បាស់លាស់ ការបញ្ចៀសអំពើពុករលួយ និងការអនុវត្តច្បាប់លើមន្រ្តីដែលធ្វើខុសគោលការណ៍ជាដើម។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធសិក្សាផ្នែកច្បាប់ ដើម្បីយកក្មេងទំនើងដែលអាជ្ញាធរបានចាប់ខ្លួនដោយសារការអុកឡុក និងបង្កបញ្ហាអសន្តិសុខឱ្យជួយការងារនៅសមរភូមិជួរមុខ ជាពិសេសការធ្វើលេណដ្ឋាន។ សម្តេចបានសង្កត់ធ្ងន់ថា នេះមិនមែនជាការបញ្ជូនពួកគេឱ្យទៅកាន់អាវុធនោះទេ ប៉ុន្តែគឺជាការបណ្ដុះមនសិការស្នេហាជាតិ និងវិន័យយោធា ដើម្បីឱ្យពួកគេក្លាយជាពលរដ្ឋល្អឡើងវិញ ស្របពេលដែលសមត្ថកិច្ចត្រូវបន្តយុទ្ធនាការក្តៅក្នុងការបង្ក្រាបឱ្យបានទូទាំងប្រទេស៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ព្រលឹងចុងសក់! លោក ត្រាំ ត្រូវបានភ្នាក់ងារសម្ងាត់ក្រៀកចេញពីវេទិកាបន្ទាន់ ក្រោយខ្មាន់កាំភ្លើងផ្ទុះអាវុធកណ្ដាលពិធីជប់លៀង

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ត្រូវបានក្រុមភ្នាក់ងារសម្ងាត់ក្រៀកនាំចេញពីពិធីជប់លៀងរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមានភ្លា…

កម្ពុជា កើបលុយបានជាង៤៧២លានដុល្លារពីការនាំចេញសំបកកង់រថយន្តនៅត្រីមាសទី១ឆ្នាំនេះ

​​វិស័យឧស្សាហកម្មរបស់កម្ពុជា កំពុងបង្ហាញសាច់ដុំយ៉ាងខ្លាំងក្លានៅលើឆាកអន្តរជាតិ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលហាក់ស្ថិតក្នុងភាពមិនច្បាស់លាស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ