ស្របពេលអាជ្ញាធរខេត្ត កំពុងស្នើសុំអន្តរាគមន៍បន្ទាន់ពីក្រសួងជំនាញដើម្បីជួសជួលច្រាំងនៅតំបន់អាទិភាព អ្នកជំនាញសេដ្ឋកិច្ចសង្គម និងបរិស្ថានបានចេញមុខជំរុញឱ្យមានការសិក្សាស្រាវជ្រាវរកមូលហេតុឫសគល់ឱ្យបានច្បាស់លាស់ ព្រមទាំងបង្កើនតម្លាភាពលើការផ្តល់អាជ្ញាបណ្ណបូមខ្សាច់ បរិមាណទាញយក ចំណូលចូលថវិកាជាតិ និងផលប៉ះពាល់បរិស្ថានសហគមន៍ ដើម្បីឆ្លើយតបនឹងមន្ទិលសង្ស័យរបស់មហាជន។
លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមបានលើកឡើងថា ការផ្ដល់អាជ្ញាបណ្ណឱ្យក្រុមហ៊ុនបូមខ្សាច់ហាក់នៅមិនទាន់មានភាពច្បាស់លាស់ និងតម្លាភាពគ្រប់គ្រាន់នៅឡើយ ខណៈមូលហេតុពិតប្រាកដនៃការបាក់ស្រុតច្រាំងទន្លេ ក៏មិនទាន់ត្រូវបានបញ្ជាក់ឱ្យបានច្បាស់លាស់ជាសាធារណៈផងដែរ ដែលបង្កឱ្យមានមន្ទិលសង្ស័យរវាងប្រជាពលរដ្ឋ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
អ្នកជំនាញរូបនេះបានកត់សម្គាល់ថា គម្រោងអភិវឌ្ឍន៍ និងសំណង់ធំៗជាច្រើន ជាពិសេសនៅរាជធានីភ្នំពេញមានតម្រូវឱ្យប្រើប្រាស់ខ្សាច់ក្នុងទំហំមហាសាល ដែលធ្វើឱ្យលោកបានចោទជាសំណួរថា តើថវិកាចំណាយលើការទិញខ្សាច់ពីប្រភពនានាត្រូវបានបំលែងជាចំណូលជាតិ និងចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈក្នុងកម្រិតណា? ទន្ទឹមនឹងនេះ លោកបណ្ឌិត ជ័យ តិច ស្នើឱ្យរាជរដ្ឋាភិបាលពង្រឹងប្រព័ន្ធព័ត៌មានសាធារណៈ ដោយបង្ហាញទិន្នន័យឱ្យបានច្បាស់លាស់ជុំវិញការអនុញ្ញាតឱ្យទាញយកធនធានខ្សាច់ បរិមាណដែលបានទាញយកពិតប្រាកដ ចំណូលដែលរដ្ឋទទួលបាន និងការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសហគមន៍ឱ្យបានតម្លាភាព។
ជាមួយគ្នានេះលោក សាន់ ម៉ាឡា នាយកប្រតិបត្តិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ បានសង្កេតឃើញថា ការបាក់ច្រាំងទន្លេអាចបណ្តាលមកពីកត្តាច្រើនរួមផ្សំគ្នាទាំងកត្តាធម្មជាតិ និងសកម្មភាពរបស់មនុស្ស។ ទោះជាយ៉ាងណាប្រជាពលរដ្ឋមួយចំនួននៅតែមានការសង្ស័យខ្លាំងចំពោះសកម្មភាពបូមខ្សាច់ បើទោះបីកន្លងមកមន្ត្រីជំនាញបានពន្យល់អំពីកត្តា ដែលអាចបណ្តាលឱ្យមានការបាក់ច្រាំងក៏ដោយ។
លោក សាន់ ម៉ាឡា បានបញ្ជាក់ថា ក្រសួង និងស្ថាប័នពាក់ព័ន្ធគួរចុះពិនិត្យដោយផ្ទាល់នៅតាមទីតាំង ដែលមានការបាក់ច្រាំង ដើម្បីសិក្សា និងស្រាវជ្រាវរកមូលហេតុឱ្យបានច្បាស់លាស់ មុននឹងដាក់ចេញវិធានការអន្តរាគមន៍សមស្រប។ ជាមួយគ្នានេះ លោក ក៏បានស្នើឱ្យរដ្ឋាភិបាលពិចារណាដាក់ចេញយន្តការទទួលខុសត្រូវ និងសំណងឱ្យបានច្បាស់លាស់ ប្រសិនបើការសិក្សាបច្ចេកទេសរកឃើញថា សកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុនណាមួយបានបង្ក ឬរួមចំណែកធ្វើឱ្យប៉ះពាល់ដល់ច្រាំងទន្លេ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ជុំវិញការបាក់ច្រាំងនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានបញ្ជាក់កាលពីថ្ងៃទី១៤ ខែកញ្ញា ថា ជំនន់ទឹកទន្លេដែលបានឡើងចំនួន២លើកកន្លងមកនេះបានបណ្តាលឱ្យច្រាំងទន្លេក្នុងខេត្តកំពង់ចាម បាក់ស្រុតអស់ប្រវែងជាង១២គីឡូម៉ែត្រគ្របដណ្តប់លើក្រុង-ស្រុកចំនួន៦រួមមានស្រុកស្ទឹងត្រង់ កំពង់សៀម ក្រុងកំពង់ចាម, កងមាស, កោះសូទិន និងស្រុកស្រីសន្ធរ។
ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ រដ្ឋបាលខេត្ត បានស្នើសុំកិច្ចអន្តរាគមន៍ទៅក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការជួសជួលនៅទីតាំងអាទិភាព ដែលមានការបាក់ស្រុតខ្លាំង និងជាទីប្រជុំជនមានប្រជាពលរដ្ឋរស់នៅច្រើន។ បើតាមអភិបាលខេត្តរូបនេះ គ្រោះទឹកជំនន់ទាំង២លើកនេះបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ២,០០០គ្រួសារក្នុងស្រុកចំនួន៥, បណ្តាលឱ្យមានការរុះរើផ្ទះសម្បែងចំនួន៤២ខ្នង និងត្រូវជម្លៀសប្រជាពលរដ្ឋចំនួន១៧០គ្រួសារទៅកាន់ទីទួលសុវត្ថិភាព។
គួរបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីកន្លងទៅថ្មីនេះបានប្រកាសឱ្យផ្អាកសកម្មភាពបូមខ្សាច់នៅទីតាំង ដែលមានការបាក់ច្រាំងទន្លេ ដើម្បីចុះសិក្សា និងវាយតម្លៃឱ្យបានច្បាស់លាស់អំពីមូលហេតុ នៃការបាក់ច្រាំង និងបានជំរុញពិនិត្យឱ្យបានច្បាស់ ពោលគឺកន្លែងណាដែលមានបាក់ មន្ទីរជំនាញ រួមទាំងគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ និងរដ្ឋបាលរាជធានីខេត្ត ត្រូវសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ដែលមានមន្ទីរធនធានទឹក បរិស្ថាន រ៉ែ និងថាមពល ចុះពិនិត្យ និងផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងភ្លាមៗ៕
អត្ថបទ៖ ជា ម៉ារ៉ា