
ការប្រមូលយកមកវិញនូវរថយន្តដ៏ច្រើនបំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុន Tesla នេះ ហាក់ដូចជាគ្របដណ្តប់លើយានយន្តស្ទើរតែទាំងអស់ដែលកំពុងបើកបរលើផ្លូវនៅសហរដ្ឋអាម៉េរិកទៅហើយក្នុងបំណងធានាថា អ្នកបើកបរគឺត្រូវយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងនៅពេលប្រើប្រាស់ប្រព័ន្ធអូតូផៃឡុតនេះ។
ឯកសារប្រមូលមកវិញរបស់ក្រុមហ៊ុន Tesla នេះបាននិយាយថា ការគ្រប់គ្រងប្រព័ន្ធសូហ្វែរទៅលើប្រព័ន្ធអូតូផៃឡុតប្រហែលជាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ក្នុងការជួយការពារអ្នកបើកបរកុំឱ្យប្រើវាខុស ដែលវាអាចនឹងបង្កើនហានិភ័យនៃការជាប់គាំងប្រព័ន្ធនេះបង្កគ្រោះថ្នាក់កាន់តែខ្លាំងដល់អ្នកបើកបរ និងអ្នកធ្វើដំណើរដទៃទៀត។
រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) នៅសហរដ្ឋអាម៉េរិកបានចំណាយពេលជាង២ឆ្នាំ ដើម្បីស៊ើបអង្កេតថា តើរថយន្តផលិតដោយក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់លោកមហាសេដ្ឋី Elon Musk នេះធានាបានគ្រប់គ្រាន់ថា អ្នកបើកបរយកចិត្តទុកដាក់ដែរឬទេ។
អ្នកគ្រប់គ្រងស្ដីទីនៅក្រុមហ៊ុន NHTSA គឺលោកស្រី អាន ខាលសុន (Ann Carlson) បានសរសើរក្រុមហ៊ុន Tesla ចំពោះការយល់ព្រមប្រមូលរថយន្តយកមកវិញបែបនេះ ហើយលោកស្រីបាននិយាយនៅក្នុងសវនាការរបស់សភាអាម៉េរិកថា រឿងមួយដែលពួកគេកំណត់បាននោះ គឺថាអ្នកបើកបរតែងតែមិនយកចិត្តទុកដាក់នៅពេលប្រព័ន្ធនោះដំណើរការឡើយ។
លោកស្រី ខាលសុន បាននិយាយថា ទីភ្នាក់ងារនេះបានបើកការស៊ើបអង្កេតសុវត្ថិភាពនៅក្នុងខែសីហា ឆ្នាំ២០២១ នៅពេលលោកស្រី បានឮជាបន្តបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធនឹងការប្រើប្រព័ន្ធអូតូផៃឡុតនេះបន្ទាប់មក លោកស្រី បាននឹកគិតថា លោកស្រីគួរតែធ្វើអ្វីម្យ៉ាង ដើម្បីឆ្លើយតបភ្លាមៗចំពោះរឿងនេះ។
ក្រៅពីនេះក្រុមហ៊ុនដឹកជញ្ជូននៅប្រទេសកាណាដា ក៏បាននិយាយដែរថា ក្រុមហ៊ុន Tesla នឹងប្រមូលយកមកវិញនូវរថយន្តរបស់ខ្លួនចំនួនជាង១៩ម៉ឺនគ្រឿង ដើម្បីដោះស្រាយបញ្ហាប្រព័ន្ធអូតូផៃឡុតនេះដែរ ប៉ុន្តែភ្លាមៗនេះ គេនៅមិនទាន់ដឹងថា តើប្រទេសចិននឹងទាមទារឱ្យធ្វើដូច្នេះ ឬយ៉ាងណានោះទេ។ បញ្ហាទាំងនេះបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីដ៏ធំរបស់សហរដ្ឋអាម៉េរិកមួយនេះបានធ្លាក់ចុះកាលពីរសៀលថ្ងៃពុធ ទី១៣ ខែធ្នូ៕
អត្ថបទ៖ សុខ ជា