វិស័យពាណិជ្ជកម្ម

ថៃទាមទារឱ្យខណ្ឌសីមាព្រំដែនទឹកឱ្យដាច់ស្រឡះជាមុនសិន មុនជជែករឿងបែងចែកផលប្រយោជន៍


ទោះបីជាកម្ពុជា និងថៃបានឈានជើងចូលតុចរចាជាថ្មីជុំវិញតំបន់ទាមទារត្រួតស៊ីគ្នាក្នុងសមុទ្រក៏ដោយ ប៉ុន្តែទីក្រុងបាងកក បានប្រកាសថា ត្រូវតែដោះស្រាយបញ្ហាខណ្ឌសីមាព្រំដែនសមុទ្រឱ្យបានច្បាស់លាស់ជាមុនសិន ទើបចរចាលើការអភិវឌ្ឍ និងបែងចែកផលប្រយោជន៍ធនធានធម្មជាតិជាមួយកម្ពុជា។ ប្រមុខការទូតថៃបានគូសបញ្ជាក់ថា នៅក្នុងដំណើរការចរចាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ការកំណត់ព្រំដែនឱ្យដាច់ស្រឡះ គឺជាគន្លឹះតែមួយគត់ ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែង។
ថៃទាមទារឱ្យខណ្ឌសីមាព្រំដែន
ដោយ

តែយ៉ាងណាកម្ពុជាសង្ឃឹមថា ប្រទេសថៃនឹងចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា និងធ្វើសកម្មភាពឆ្ពោះទៅរកការកែលម្អទំនាក់ទំនងទ្វេភាគី។
ការគូសបញ្ជាក់ជំហរសាជាថ្មីរបស់ប្រមុខការទូតថៃលោក ស៊ីហាសាក់ ភួងកេតកែវ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីយុទ្ធសាស្ត្រគូសបន្ទាត់ក្រហមរបស់ទីក្រុងបាងកក ក្នុងការរក្សាផលប្រយោជន៍ដែនសមុទ្រ ខណៈដែលតំបន់ត្រួតស៊ីគ្នានេះមានធនធានប្រេងកាត និងឧស្ម័នធម្មជាតិក្នុងតម្លៃប៉ាន់ស្មានប្រមាណ៣០០ពាន់លានដុល្លារ។
ការចេញមកបញ្ជាក់បែបនេះរបស់ប្រមុខការទូតថៃ ធ្វើឡើងក្រោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំលើកទី១របស់គណៈកម្មការផ្សះផ្សាក្រោមយន្តការ UNCLOS នៅប្រទេសសិង្ហបុរីកាលពីពេលថ្មីៗថា នៅក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្រ ជាជម្រើសកម្ពុជាត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃសម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ។ ហើយក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរទាំងលើព្រំដែនសមុទ្រ និងទាំងលើការអភិវឌ្ឍរួមគ្នា កម្ពុជាស្នើឱ្យគណៈកម្មការផ្សះផ្សារៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការចរចា ដើម្បីសម្រេចកិច្ចព្រមព្រៀងទាំងនេះនៅពេលក្រោយ ដោយអនុលោមតាមកាតព្វកិច្ចរបស់ភាគីទាំងពីរក្រោមអនុសញ្ញា UNCLOS។
ថ្លែងនៅវិមានរដ្ឋាភិបាលកាលពីថ្ងៃទី១៨ ខែកញ្ញា លោក ស៊ីហាសាក់ បានគូសបញ្ជាក់ថា កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាក្រោមយន្តការ UNCLOS បានប្រព្រឹត្តទៅដោយរលូន ហើយថៃបានបង្ហាញជំហរយ៉ាងច្បាស់លាស់ដោយទាមទារឱ្យការចរចាទាំងឡាយត្រូវធ្វើឡើងនៅលើមូលដ្ឋាននៃភាពស្មោះត្រង់ និងការស្វែងរកដំណោះស្រាយប្រកបដោយចីរភាព។
យ៉ាងណាមិញប្រមុខការទូតកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ប្រទេសថៃនឹងចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា និងធ្វើសកម្មភាពឆ្ពោះទៅរកការកែលម្អទំនាក់ទំនងទ្វេភាគីតាមរយៈការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់ទាំងអស់ជាពិសេសសេចក្ដីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីសម្រួលឱ្យប្រជាជនភៀសសឹកជាង២ម៉ឺននាក់អាចវិលត្រឡប់ទៅលំនៅឋានដើមរបស់ខ្លួនវិញ ក៏ដូចជាការអភិរក្សទីតាំងវប្បធម៌សំខាន់ៗដែលបានរងការខូចខាតក្នុងការប្រយុទ្ធគ្នា និងត្រួសត្រាយផ្លូវឆ្ពោះទៅរកប្រក្រតីភាពនៃទំនាក់ទំនងទ្វេភាគី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ភ្នាក់ងារតំណាងប្រទេសកម្ពុជាបានលើកឡើងកាលពីពេលថ្មីៗថា គោលដៅនៃការប្រើប្រាស់យន្តការ UNCLOS កម្ពុជាមានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ជុំវិញបញ្ហានេះដែរ ក្រុមអ្នកជំនាញបានលើកឡើងថា ទោះបីជាថៃចង់គូសខណ្ឌព្រំដែនមុន ហើយកម្ពុជាចង់ដើរទន្ទឹមគ្នាក៏ដោយ ប៉ុន្តែការដែលប្រមុខការទូត នៃប្រទេសទាំងពីរយល់ព្រមប្រើប្រាស់ក្របខ័ណ្ឌច្បាប់អន្តរជាតិ UNCLOS និងផ្អែកលើភាពស្មោះត្រង់ គឺជាសញ្ញាណវិជ្ជមាន។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមដ៏ធំបំផុតសម្រាប់ភាគីទាំងពីរ គឺការរក្សាស្ថិរភាពនៅតាមខ្សែបន្ទាត់ព្រំដែនគោកកុំឱ្យជម្លោះតូចតាចណាមួយមកបំផ្លាញបរិយាកាសទូតនៅលើតុចរចាវិវាទព្រំដែនសមុទ្រ ដែលកំពុងតែមានពន្លឺវិជ្ជមាននេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ត្រាំ បញ្ជាឱ្យដកទំនិញកាណាដាចេញពីការដេញថ្លៃ និងគំរាមឈប់ធ្វើពាណិជ្ជកម្មជាមួយអឺរ៉ុប

សង្គ្រាមពាណិជ្ជកម្មរវាងកាណាដា និងអាម៉េរិក បានឈានចូលក្នុងរបត់ថ្មីមួយទៀតហើយ ក្រោយប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានចេញបញ្ជាបន្ទាន់ និង…

វើលដ៍ប្រ៊ីដ គ្រុប ចាប់ដៃជាមួយក្រុមហ៊ុនអង់គ្លេស បង្កើតមូលនិធិវិនិយោគថ្មី រំពឹងទាក់ទាញទុន​បាន​លើស ១ពាន់លានដុល្លារ

ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប ដែលជាក្រុមហ៊ុនយក្សក្នុងស្រុក​មានការវិនិយោគពហុវិស័យនៅកម្ពុជា បានប្រកាសពី​ការចាប់ដៃគូជាមួយ ក្រុមហ៊ុន Beryllus …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ