កាសែត បាងកក ប៉ុស្តិ៍ បានរាយការណ៍នៅថ្ងៃទី១ ខែវិច្ឆិកា ថា លោក អានុទីន ឆានវីរៈគុល បានបញ្ជាក់ថា មិនទាន់មានការកំណត់ពេលវេលាជាក់លាក់ណាមួយសម្រាប់ការបើកច្រកព្រំដែនឡើងវិញជាមួយកម្ពុជា នោះទេ ហើយ ក៏មិនមានសញ្ញាណាមួយបង្ហាញថា ទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជានឹងវិលត្រឡប់ទៅរកកម្រិតដូចកាលពីមុនវិញក្នុងពេលឆាប់ៗនេះដែរ។ នាយកករដ្ឋមន្ត្រីថៃ រូបនេះ ក៏បានលើកឡើងពីបញ្ហាព្រំដែនគោក និងព្រំដែនសមុទ្រ ដែលមិនទាន់បានដោះស្រាយរួចរាល់ ប្រតិបត្តិការឆបោកឆ្លងដែន និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋថៃផងដែរ។
មេដឹកនាំថៃ រូបនេះ បានសង្កត់ធ្ងន់ថា បើទោះបីជាការសន្ទនាជាមួយកម្ពុជា នៅតែអាចធ្វើទៅបានក៏ដោយ ក៏ថៃ ចាំបាច់ត្រូវមានជំហានមួយចំនួនទៀត ដែលត្រូវបំពេញឱ្យបានរួចរាល់ជាមុនសិន មុនពេលទំនាក់ទំនងអាចស្ដារឡើងវិញទៅដល់កម្រិតដូចដើមវិញបាន។ លោក អានុទីន បានលើកឡើងថា រដ្ឋាភិបាលថៃនឹងមិនអនុញ្ញាតឱ្យកត្តានយោបាយមានទម្ងន់លើសពីផលប្រយោជន៍របស់ជាតិឡើយ។ លោកបានបន្តអះអាងថា សូចនាករសេដ្ឋកិច្ចរបស់ប្រទេសថៃមានភាពល្អប្រសើរឡើងចាប់តាំងពីមានការបិទព្រំដែនមក ហើយប្រជាជនថៃ និងមតិជាសាធារណៈ ក៏នៅតែបន្តគាំទ្រចំពោះវិធានការនេះដែរ។
ការបិទច្រកព្រំដែនរវាងប្រទេសថៃ និងកម្ពុជាបានបង្កឱ្យមានផលប៉ះពាល់ និងការប្រែប្រួលផ្នែកសេដ្ឋកិច្ចសំខាន់ៗជាច្រើនសម្រាប់ប្រទេសថៃ បើទោះបីជារដ្ឋាភិបាលថៃអះអាងថា សូចនាករសេដ្ឋកិច្ចក្នុងស្រុកខ្លះមិនទាន់ធ្លាក់ចុះធ្ងន់ធ្ងរ និងមានការគាំទ្រពីមតិសាធារណៈក៏ដោយ។ ក្រុមអ្នកតាមដានស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសថៃ និងអ្នកវិភាគថៃមួយចំនួនបានលើកឡើងថា ការបិទព្រំដែនជាមួយកម្ពុជាមិនបានធ្វើឱ្យកម្ពុជាជួបហានិភ័យសេដ្ឋកិច្ចធ្ងន់ធ្ងរនោះទេ តែផ្ទុយទៅវិញ គឺប្រទេសថៃទៅវិញទេ ដែលកំពុងរងបន្ទុកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដូចជាការថយចុះការធ្វើពាណិជ្ជកម្មទ្វេភាគី និងការខាតបង់ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយសារការបិទច្រកព្រំដែនបានបិទខ្ទប់ទំហំនៃការដោះដូរពាណិជ្ជកម្មនាំចេញ-នាំចូលតាមព្រំដែន ដែលប៉ះពាល់ដល់អាជីវករ និងក្រុមហ៊ុនធំៗរបស់ថៃ ដែលពឹងផ្អែកលើទីផ្សារឆ្លងដែន។
ក្រុមអាជីវករ និងសមាគមអាជីវកម្មថៃ មួយចំនួន បានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារដាច់ខ្សែច្រវាក់ផ្គត់ផ្គង់ និងបាត់បង់ចំណូល ហើយបានស្នើសុំឱ្យរដ្ឋាភិបាលរបស់ខ្លួនពិចារណាពីវិធានការជួយសង្គ្រោះ ឬកញ្ចប់ជំនួយផ្សេងៗ ដើម្បីទប់ទល់នឹងការខាតបង់នេះ។ បញ្ហាខ្វះខាតពលករចំណាកស្រុក និងកម្លាំងពលកម្មក្នុងវិស័យកសិកម្ម និងឧស្សាហកម្មមួយចំនួនរបស់ថៃ ដែលពឹងផ្អែកលើកម្លាំងពលកម្មកម្ពុជា ក៏កំពុងរងផលប៉ះពាល់ និងបានបិទទ្វារជាបណ្ដើរៗផងដែរ ដោយសារតែការរឹតបន្តឹងការធ្វើដំណើរឆ្លងដែន ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការផលិតកម្មក្នុងប្រទេស៕
អត្ថបទៈ សួន ឡង់ទី