វិស័យការបរទេស

តើនឹងមានបញ្ហាអ្វីកើតឡើងប្រសិនបើគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ បរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ?


ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិក ដែលប្រទេសនានា និងវិនិយោគិននៅលើពិភពលោកបាន​តាមដានយ៉ាងយកចិត្តទុកដាក់នោះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ តើព្រឹត្តិការណ៍នយោបាយនេះមានសារសំខាន់កម្រិតណា ហើយនឹងមានអ្វីកើតឡើង ប្រសិនបើគណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ រងបរាជ័យនៅក្នុងការបោះឆ្នោតនេះ?
វិស័យការបរទេស
ដោយ

ផ្អែកតាមការវិភាគពីសំណាក់អ្នកតាមដាននយោបាយអន្តរជាតិ ការបាត់បង់សំឡេងនៅក្នុងសភានឹងក្លាយជាការសាកល្បងដែនកំណត់ នៃអំណាចប្រធានាធិបតីរបស់លោក ត្រាំ ហើយវាអាចនឹងបង្កើតឱ្យមានភាពចលាចលទាំងនៅលើឆាកនយោបាយក្នុងស្រុកអាម៉េរិក និងតុល្យភាពអំណាចនៅលើពិភពលោក។
ប្រសិនបើគណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បាត់បង់ការគ្រប់គ្រងនៅក្នុងរដ្ឋសភា ឬព្រឹទ្ធសភាក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនាថ្ងៃទី៣ ខែវិច្ឆិកា ខាងមុខ លោក ត្រាំ នឹងប្រឈមមុខនឹងបរិយាកាសនយោបាយអរិភាពយ៉ាងខ្លាំងក្លាក្នុងអំឡុងពេល២ឆ្នាំចុងក្រោយ នៃអាណត្តិរបស់លោក។ ទោះបីជាការបរាជ័យនេះមិនបានធ្វើឱ្យលោកបាត់បង់តំណែងប្រធានាធិបតី ឬធ្វើឱ្យរដ្ឋបាលរបស់លោកដួលរលំភ្លាមៗក៏ដោយ ប៉ុន្តែសមត្ថភាពក្នុងការកែប្រែច្បាប់ និងការដឹកនាំប្រទេសតាមចិត្តចង់ នឹងត្រូវប្រឈមនឹងរបាំង នៃអំណាចសភាជាក់ជាមិនខាន។
បច្ចុប្បន្នគណបក្សសាធារណរដ្ឋកំពុងក្តោបក្តាប់អំណាចទាំងនៅរដ្ឋសភា និងព្រឹទ្ធសភា ប៉ុន្តែរដ្ឋបាលលោក ត្រាំ នៅតែជួបឧបសគ្គជាច្រើនពីប្រព័ន្ធតុលាការ ចុះទម្រាំសភាត្រូវធ្លាក់ទៅក្នុងដៃគណបក្សប្រជាធិបតេយ្យវិញ នោះអំណាចដឹកនាំរបស់លោកនឹងត្រូវរួញតូចជាក់ជាមិនខាន។ ផលប៉ះពាល់ធំៗ៤យ៉ាងដែលរដ្ឋបាលលោក ត្រាំ នឹងត្រូវប្រឈមមុខប្រសិនបើចាញ់ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅដើមខែនេះ។
ទី១, វិបត្តិនយោបាយ និងការកកស្ទះច្បាប់៖ គណបក្សប្រជាធិបតេយ្យនឹងប្រើប្រាស់សំឡេងភាគច្រើន ដើម្បីវេទូ (Veto) និងរារាំងរាល់របៀបវារៈនយោបាយសំខាន់ៗ រាប់ចាប់ពីការកាត់បន្ថយពន្ធបន្ថែម រហូតដល់ថវិកាជាតិ និងការបង្កើតច្បាប់អន្តោប្រវេសន៍ថ្មីៗ។
ទី២, ការបើកការស៊ើបអង្កេត និងសង្គ្រាមផ្លូវច្បាប់៖ គណបក្សប្រជាធិបតេយ្យនឹងកាន់កាប់គណៈកម្មាធិការសំខាន់ៗក្នុងសភា ដែលមានសិទ្ធិអំណាចពេញលេញក្នុងការកោះហៅ ដើរប្រមូលភស្តុតាង ស៊ើបអង្កេតលើផលប្រយោជន៍អាជីវកម្មផ្ទាល់ខ្លួន ការប្រើប្រាស់សិទ្ធិអំណាចហួសដែនកំណត់ និងអាចឈានទៅរកយុទ្ធនាការទម្លាក់រដ្ឋបាលជាថ្មីទៀតផង។
ទី៣, ការប្រឈមមុខលើគោលនយោបាយសេដ្ឋកិច្ច និងពន្ធដារ៖ របៀបវារៈសេដ្ឋកិច្ច «America First» និងការគំរាមកំហែងដំឡើងពន្ធលើទំនិញនាំចូលជុំវិញពិភពលោក អាចនឹងត្រូវប្រឈមនឹងការប្រឆាំងយ៉ាងខ្លាំងពីសភា ដែលនឹងព្យាយាមកាត់បន្ថយអំណាចពាណិជ្ជកម្មឯកតោភាគីរបស់ប្រធានាធិបតី។
និងទី៤, ភាពស្មុគស្មាញនៃគោលនយោបាយការបរទេស៖ គោលនយោបាយការបរទេសអាម៉េរិកនៅលើឆាកអន្តរជាតិ នឹងជួបភាពប្រែប្រួល និងគ្មានស្ថិរភាព។ សភាក្រោមការដឹកនាំរបស់បក្សប្រជាធិបតេយ្យ អាចនឹងបង្ខំឱ្យមានការផ្លាស់ប្តូរជំហរ ឬកាត់បន្ថយជំនួយពាក់ព័ន្ធនឹងសង្គ្រាមនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន ឬកំណត់លក្ខខណ្ឌតឹងរ៉ឹងជាងមុនលើកញ្ចប់ថវិកាយោធាអន្តរជាតិ។
សរុបមកការចាញ់ឆ្នោតពាក់កណ្តាលអាណត្តិនេះ មិនត្រឹមតែជាការផ្លាស់ប្តូរតុល្យភាពអំណាចនៅទីក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាការបើកឆាកដេញដោលយ៉ាងក្តៅគគុកលើទិសដៅអនាគតរបស់គណបក្សសាធារណរដ្ឋផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក អានុទីន អះអាងថា ថៃនឹងបន្តបិទព្រំដែនជាមួយកម្ពុជា ខណៈអ្នកជំនាញរិះគន់ថា ជាការយកនយោបាយបិទបាំងវិបត្តិ

ទោះបីជាអ្នកជំនួញ និងប្រជាជនថៃ នៅតាមតំបន់ព្រំដែនកំពុងស្រែកថ្ងូរ និងរងគ្រោះយ៉ាងធ្ងន់ធ្ងរក៏ដោយ តែលោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ