ការប្រកាសអំពីគម្រោងរបស់ថៃក្នុងការទិញអាវុធពីអាម៉េរិកនេះ ធ្វើឡើងស្របពេលដែលលោក ដូណាល់ ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគជាច្រើន ដែលមានតម្លៃសរុបជាង ១៧ ពាន់លានដុល្លារ រវាងក្រុមហ៊ុនអាមេរិក និងប្រទេសនានានៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកទៅកាន់ប្រទេសហ្វីលីពីន ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន។
គួរកត់សម្គាល់ថា HIMARS (High Mobility Artillery Rocket System) ដែលថៃគ្រោងទិញនេះ គឺជាប្រព័ន្ធបាញ់រ៉ុក្កែត និងមីស៊ីលចល័តខ្ពស់ ដែលផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin។ ប្រព័ន្ធនេះត្រូវបានដំឡើងលើរថយន្តយោធាចល័ត មានសមត្ថភាពបាញ់គ្រាប់រ៉ុក្កែតដឹកនាំ និងគ្រាប់មីស៊ីលប្រភេទផ្សេងៗ អាស្រ័យលើគ្រាប់រំសេវដែលប្រើប្រាស់។
ចំណុចដែលគួរឱ្យចាប់អារម្មណ៍ គឺ HIMARS ជាប្រព័ន្ធអាវុធដែលត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមអ៊ុយក្រែន និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារសមត្ថភាពវាយប្រហារគោលដៅពីចម្ងាយ និងអាចផ្លាស់ទីបានលឿនក្រោយការបាញ់។
ប្រសិនបើថៃទិញប្រព័ន្ធនេះមែន វានឹងក្លាយជាការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាពអាវុធរយៈចម្ងាយឆ្ងាយរបស់យោធាថៃ។
ក្រៅពីគម្រោងលក់ប្រព័ន្ធ HIMARS ឱ្យថៃ សហរដ្ឋអាមេរិកក៏បានប្រកាសពីកិច្ចព្រមព្រៀងធំៗផ្សេងទៀតក្នុងតំបន់ផងដែរ។ ក្នុងនោះ ក្រុមហ៊ុន Boeing និង GE Aerospace បានសម្រេចកិច្ចព្រមព្រៀងលក់យន្តហោះ Boeing 787 ចំនួន ២០ គ្រឿងឱ្យក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines របស់ហ្វីលីពីន ក្នុងតម្លៃប្រមាណ ១២ ពាន់លានដុល្លារ។
ជាមួយគ្នានេះ អាមេរិក និងហ្វីលីពីនក៏គ្រោងស្វែងរកហិរញ្ញប្បទានជាង ២ ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ការទិញសម្ភារយោធារបស់ហ្វីលីពីន ខណៈអាមេរិកនឹងផ្តល់ថវិកាចំនួន ៤០០ លានដុល្លារ សម្រាប់ជួយពង្រឹងសមត្ថភាពប្រតិបត្តិការយោធារបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូង។
ចំណែកប្រទេសឥណ្ឌូណេស៊ី ក្រុមហ៊ុន Latitude Energy របស់អាមេរិក និងមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់ឥណ្ឌូណេស៊ី ឈ្មោះ Danantara កំពុងចរចាលើគម្រោងថាមពលធ្យូងថ្មមួយ ដែលមានទំហំទឹកប្រាក់ប្រមាណ ២ ពាន់លានដុល្លារ។ រីឯប្រទេសម៉ាឡេស៊ី និងព្រុយណេ ក៏ទទួលបានគម្រោងសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យផងដែរ។
អត្ថបទ៖ ខេមបូណូមីស