ទីបំផុតតុលាការយុត្តិធម៌អន្តរជាតិបានសម្រេចចោទប្រកាន់មីយ៉ាន់ម៉ា ពីបទប្រល័យពូជសាសន៍ជុំវិញការសម្លាប់រង្គាលលើមនុស្សរាប់ពាន់នាក់ និងការរំលោភបំពានផ្លូវភេទដ៏ព្រៃផ្សៃពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បន្ទាប់ពីការតស៊ូផ្លូវច្បាប់អស់រយៈពេល៧ឆ្នាំចាប់តាំងពីប្រទេសហ្គាំប៊ីបានដាក់ពាក្យបណ្តឹង។ តុលាការកំពូលរបស់អង្គការសហប្រជាជាតិមួយនេះបានបញ្ជាក់ថា ភស្តុតាង និងលក្ខខណ្ឌផ្លូវច្បាប់ទាំងអស់បានបង្ហាញយ៉ាងច្បាស់ពីអំពើប្រល័យពូជសាសន៍ ហើយនេះក៏ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលតុលាការ ICJ កាត់ទោសរដ្ឋមួយឱ្យទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរបំផុតរបស់មនុស្សជាតិនេះ។
ក្នុងពេលអានសាលក្រមលោក យូជិ អ៊ីវ៉ាសាវ៉ា (Yuji Iwasawa) ចៅក្រមប្រធានអង្គជំនុំជម្រះបានគូសបញ្ជាក់ថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាពិតជាបានប្រព្រឹត្តអំពើសម្លាប់រង្គាលលើជនស៊ីវិលរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ ប្រើប្រាស់អំពើហិង្សាផ្លូវភេទជាប្រព័ន្ធ ធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរលើកុមារ និងបានបើកការវាយប្រហារបណ្តេញជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចេញពីភាគខាងជើងនៃរដ្ឋរ៉ាឃីនដោយចេតនាមែន។
ភ្លាមៗក្រោយសាលដីកានេះត្រូវបានចេញផ្សាយ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ក្នុងចំណោមជាង ១,២លាននាក់ ដែលកំពុងរស់នៅយ៉ាងវេទនាក្នុងជំរុំភៀសខ្លួននៅប្រទេសបង់ក្លាដែស បាននាំគ្នាស្រែកហ៊ោអបអរសាទរទាំងទឹកភ្នែក។
លោកស្រី វ៉ៃ វ៉ៃ នូ (Wai Wai Nu) នាយិកាប្រតិបត្តិនៃអង្គការបណ្តាញសន្តិភាពស្ត្រី និងជាសកម្មជនរ៉ូហ៊ីងយ៉ាដ៏លេចធ្លោបានថ្លែងទាំងក្តីរំភើបថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលយោធាមីយ៉ាន់ម៉ាបានព្យាយាមលុបបំបាត់អត្តសញ្ញាណ បដិសេធវត្តមាន និងបិទបាំងការឈឺចាប់របស់ពួកគេ។ សាលក្រមរបស់តុលាការកំពូលពិភពលោកនៅថ្ងៃនេះ បានលាងជម្រះ និងលុបបំបាត់ចោលទាំងស្រុងនូវពាក្យភូតកុហកទាំងឡាយ ដែលរដ្ឋយោធាមីយ៉ាន់ម៉ាបានប្រឌិតឡើង។
តាមរយៈសាលក្រមនេះ តុលាការ ICJ បានបង្គាប់ឱ្យប្រទេសមីយ៉ាន់ម៉ា ត្រូវទទួលខុសត្រូវលើកាតព្វកិច្ចចម្បងពីររួមមានផ្តល់សំណងខូចខាតដល់ជនជាតិរ៉ូហ៊ីងយ៉ាចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត និងធានាការវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រកបដោយសុវត្ថិភាព កិត្តិយស និងសេចក្តីថ្លៃថ្នូរ រួមទាំងការជួបជុំគ្រួសារឡើងវិញ។
គួរបញ្ជាក់ថា កន្លងមករដ្ឋាភិបាលមីយ៉ាន់ម៉ា តែងតែទាត់ចោលការចោទប្រកាន់នេះ ដោយអះអាងថា ប្រតិបត្តិការរបស់ខ្លួនគ្រាន់តែជាការបង្ក្រាបក្រុមឧទ្ទាមប្រដាប់អាវុធប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ ភាគីមីយ៉ាន់ម៉ានៅមិនទាន់មានប្រតិកម្មឆ្លើយតបណាមួយនៅឡើយទេ ខណៈដែលសាលក្រមរបស់តុលាការ ICJ នេះ គឺជាសេចក្តីសម្រេចបិទផ្លូវតវ៉ា និងមិនអាចប្តឹងឧទ្ធរណ៍បានឡើយ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស