នេះបើយោងតាមសារព័ត៌មានអន្តរជាតិធំៗ និងក្រសួងការបរទេសចិន។ ប៉ុន្តែទោះបីជាជំនួបនេះត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍ការទូតដ៏សំខាន់ក៏ដោយ ក៏សេចក្តីប្រកាសចុងក្រោយមិនបានបង្ហាញដំណោះស្រាយជាក់លាក់ចំពោះសង្គ្រាមនៅអ៊ុយក្រែន និងជម្លោះនៅមជ្ឈិមបូព៌ានោះទេ។ តើការប្តេជ្ញាចិត្តនេះនឹងប្រែក្លាយទៅជាសកម្មភាពជាក់ស្តែង ឬគ្រាន់តែជាពាក្យសន្យាការទូត?
មេដឹកនាំមហាអំណាចនុយក្លេអ៊ែទាំង៣ គឺលោក ដូណាល់ ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន បានជួបគ្នានៅទីក្រុងស៊ិនជិន ប្រទេសចិន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ក្នុងជំនួបកំពូលត្រីភាគីលើកដំបូងជាប្រវត្តិសាស្ត្ររវាងចិន រុស្ស៊ី និងអាម៉េរិក ក្រោមមូលបទការការពារសន្តិភាពពិភពលោក និងការលើកកម្ពស់ស្ថិរភាពជាយុទ្ធសាស្ត្រក្នុងទំនាក់ទំនងរវាងមហាអំណាច។
នៅក្នុងជំនួបនោះប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានលើកឡើងពីគោលការណ៍សំខាន់ៗចំនួន៤ ដែលមហាអំណាចគួរប្រកាន់ខ្ជាប់រួមមានគោរពគ្នាទៅវិញទៅមក ដោយគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ស្នូលរបស់ប្រទេសនីមួយៗ, រួមរស់ដោយសន្តិភាពជៀសវាងការប្រឈមមុខដាក់គ្នា និងទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែ, ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ពង្រីកពាណិជ្ជកម្ម សេដ្ឋកិច្ច និងថាមពល ព្រមទាំងរក្សាស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក និងប្រកាន់ភ្ជកាប់ការសន្ទនា និងការពិគ្រោះយោបល់ រក្សាបណ្តាញទំនាក់ទំនងឱ្យបើកចំហ និងដោះស្រាយជម្លោះតាមផ្លូវការទូត។
ចំណែកឯប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានគូសបញ្ជាក់ថា ប្រទេសមហាអំណាចទាំង៣មានទំនួលខុសត្រូវរួមគ្នាក្នុងការការពារសន្តិភាពពិភពលោក និងគួររួមគ្នាដោះស្រាយបញ្ហាជម្លោះក្នុងតំបន់។ លោក ក៏លើកឡើងពីកិច្ចសហប្រតិបត្តិការលើថាមពល សន្តិសុខស្បៀង និងការគ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ផងដែរ។
ដោយឡែកប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចាត់ទុកជំនួបនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងថ្លែងថា ប្រទេសទាំង៣ដែលសុទ្ធតែជាមហាអំណាចនុយក្លេអ៊ែមានទំនួលខុសត្រូវពិសេសក្នុងការទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែ និងការពារស្ថិរភាពពិភពលោក។ លោក ក៏សង្កត់ធ្ងន់ដែរថា បញ្ហាទាំងឡាយគួរត្រូវបានដោះស្រាយតាមរយៈការសន្ទនា។
មេដឹកនាំទាំង៣ក៏បានផ្លាស់ប្តូរយោបល់អំពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ស្ថានការណ៍នៅមជ្ឈិមបូព៌ា និងឧបទ្វីបកូរ៉េផងដែរ។ បន្ទាប់ពីកិច្ចប្រជុំ មេដឹកនាំទាំង៣បានចេញសេចក្តីប្រកាសរួមស្តីពីសន្តិភាព ប៉ុន្តែមិនបានកំណត់ផែនការជាក់លាក់ ដើម្បីបញ្ចប់ជម្លោះទាំងនេះ ឬកាត់បន្ថយអាវុធនុយក្លេអ៊ែនៅឡើយទេ។ ដូចនេះពិភពលោកនៅតែរង់ចាំមើលថា តើការប្តេជ្ញាចិត្តរបស់មេដឹកនាំមហាអំណាចទាំង៣នឹងនាំមកនូវសន្តិភាពពិតប្រាកដ ឬយ៉ាងណា៕
ដោយ: តែម សុខុម