កាសែតបាងកក ប៉ុស្តិ៍ បានរាយការណ៍កាលពីថ្ងៃទី២០ ខែតុលា ថា រដ្ឋមន្ត្រីទេសចរណ៍ថៃ បានលើកឡើងថា សុវត្ថិភាពរបស់ជនជាតិចិន ដែលមកទស្សនាប្រទេសថៃ ក្នុងគោលបំណងទេសចរណ៍ដោយស្មោះត្រង់ គឺទទួលបានការធានាយ៉ាងគត់មុត និងគ្មានបញ្ហាហានិភ័យអ្វីឡើយ។ ទោះជាយ៉ាងណាលោកបានសម្តែងក្តីបារម្ភចំពោះបុគ្គលមួយចំនួន ដែលប្រហែលជាត្រូវគេល្បួងឱ្យចូលមកទឹកដីថៃ ក្រោមការសន្យាភូតភរផ្តល់ការងារឱ្យធ្វើ។
ពាក់ព័ន្ធនឹងករណីចុងក្រោយនេះ មានហេតុការណ៍ជាច្រើនបានកើតឡើង ដោយជនបរទេសមួយចំនួនបានធ្វើដំណើរមកដល់ប្រទេសថៃ តាមការអូសទាញផ្តល់ការងារធ្វើ ប៉ុន្តែចុងក្រោយបែរជាត្រូវគេចាប់ពង្រត់ និងជួញដូរឆ្លងដែនយកទៅបង្ខំឱ្យធ្វើការនៅក្នុងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញនៅប្រទេសជិតខាងទៅវិញ។
លោក ស៊ូរ៉ាសាក់ បានទទួលស្គាល់ថា ការព្រមានចុងក្រោយរបស់អាជ្ញាធរចិន ដែលបានរំលេចយ៉ាងច្បាស់អំពីហានិភ័យនៃការបញ្ចុះបញ្ចូលពីសំណាក់ជនខិលខូចអាចនឹងជះឥទ្ធិពលអវិជ្ជមានដល់រូបភាពនៃវិស័យទេសចរណ៍ថៃ និងធ្វើឱ្យរង្គោះរង្គើដល់ទំនុកចិត្តរបស់ភ្ញៀវទេសចរចិន ពិតប្រាកដ។
រដ្ឋមន្ត្រីរូបនេះ បានស៊កសៀតតបទៅនឹងការព្រមានរបស់ចិនវិញថា វាជាអ្វីដែលមិនអាចទៅរួចទាល់តែសោះ ដែលភ្ញៀវទេសចរធម្មតាមកដើរលេងកម្សាន្ត សុខៗត្រូវគេចាប់ពង្រត់ចងដៃចងជើង ហើយដឹកតាមរថយន្តយកទៅកាន់ព្រំដែននោះ។ លោកបានបន្តអះអាងថា ភ្ញៀវទេសចរមកពីបណ្តាប្រទេសផ្សេងទៀតមិនដែលជួបប្រទះបញ្ហាបែបនេះឡើយ ហើយបញ្ហានេះកើតឡើងតែលើភ្ញៀវមកពីប្រទេសមុខសញ្ញាមួយចំនួនប៉ុណ្ណោះ ដោយសារតែពួកគេត្រូវបានគេទាក់ទង និងរៀបចំគម្រោងឆបោកតាំងពីនៅស្រុកកំណើតរបស់ពួកគេម្ល៉េះ។
ទោះជាយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី បានទទួលស្គាល់ថា ពិតជាធ្លាប់មានករណីចាប់ជំរិតកើតឡើងមែន ប៉ុន្តែជនរងគ្រោះទាំងនោះត្រូវបានសមត្ថកិច្ចសង្គ្រោះបានទាន់ពេលវេលា ខណៈក្រុមឧក្រិដ្ឋជនត្រូវបានស្ទាក់ចាប់បាននៅតាមគោលដៅត្រួតពិនិត្យនានា៕