វិស័យបច្ចេកវិទ្យា

សម្ព័ន្ធសន្តិសុខទាំង៥ប្រទេស ចោទប្រកាន់ថា ចិន ប្រើចារកម្មលួចទិន្នន័យសម្ងាត់ តែចិន ច្រានចោល និងចាត់ទុកជាមួលបង្កាច់ខ្លួន


ប្រទេសសម្ព័ន្ធសន្តិសុខទាំង៥ ឬហៅថា Five Eyes បានរួមគ្នាចេញការព្រមានជាសកលអំពីការគំរាមកំហែងផ្នែកចារកម្មពីសំណាក់ប្រទេសចិន។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមកំពូលប្រទេសសន្តិសុខទាំងនោះ ដែលរួមមានសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស កាណាដា អូស្រ្តាលី និងនូវែលសេឡង់បានចោទប្រកាន់ទីក្រុងប៉េកាំង ថា បានប្រើប្រាស់បណ្តាញទំនាក់ទំនង និងវេទិកាស្វែងរកការងារតាមអនឡាញ ដើម្បីទាក់ទាញមនុស្សឱ្យលួចប្រមូលព័ត៌មានសម្ងាត់ និងរសើបៗពីប្រទេសរបស់ពួកគេ។
វិស័យបច្ចេកវិទ្យា
ដោយ

ទីភ្នាក់ងារសន្តិសុខជាតិមកពីក្រុមប្រទេសសម្ព័ន្ធសន្តិសុខទាំង៥ ឬ Five Eyes កាលពីថ្ងៃពុធ ទី៣ ខែមិថុនា បានចេញព្រឹត្តិបត្ររួមគ្នាមួយ ដែលមានចំណងជើងថា «The Safeguarding Our Secrets» ដោយបានលាតត្រដាងថា សេវាចារកម្មយោធារបស់ប្រទេសចិន កំពុងប្រើប្រាស់គេហទំព័របណ្តាញវិជ្ជាជីវៈ និងសេវាកម្មជ្រើសរើសបុគ្គលិកអនឡាញយ៉ាងសកម្ម។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងកំណត់គោលដៅ និងអូសទាញបុគ្គលិក ដែលបម្រើការក្នុងជួររដ្ឋាភិបាល យោធា ឬអ្នកដែលអាចចូលទៅប្រើប្រាស់ប្រព័ន្ធទិន្នន័យសម្ងាត់ឱ្យស្វែងរកព័ត៌មានជូនពួកគេ។
ទីភ្នាក់ងារសន្តិសុខជាតិ នៃប្រទេសទាំង៥ បានអះអាងថា ចារកម្មចិន កំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំង លើការប្រមូលព័ត៌មានយុទ្ធសាស្ត្រផ្នែកយោធា នយោបាយ និងសេដ្ឋកិច្ច ដែលជាអាថ៌កំបាំងជាតិ មិនអាចផ្តល់ឱ្យបរទេសបាន។
តាមសេចក្តីរាយការណ៍ បុគ្គលិកដែលមានជំនាញខាងវិស័យការពារជាតិ ការបរទេស ចារកម្ម និងមន្ត្រីយោធា រួមទាំងអ្នកដែលកំពុងឈរជើងនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជាផ្ទាំងស៊ីបចម្បងរបស់ចារកម្មចិន។ ជាកិច្ចតបស្នង ពួកគេនឹងទទួលបានប្រាក់កម្រៃចាប់ពី២០០ដុល្លាររហូតដល់រាប់ពាន់ដុល្លារនៅក្នុងមួយរបាយការណ៍ អាស្រ័យលើទម្ងន់ព័ត៌មាន និងភាពជាក់លាក់នៃទិន្នន័យដែលរកបាន។
ជាការឆ្លើយតបទៅនឹងការចោទប្រកាន់នេះ ទីក្រុងប៉េកាំង បានចេញមុខបដិសេធភ្លាមៗ។ អ្នកនាំពាក្យស្ថានទូតចិន ប្រចាំទីក្រុងឡុងដ៍ នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះចំណាត់ការរបស់ក្រុមសម្ព័ន្ធប្រទេសទាំង៥នេះ ដោយបានសង្កត់ធ្ងន់ថា ការចោទប្រកាន់ ដែលថា រងការគំរាមកំហែងពីចារកម្មរបស់ចិន គឺជារឿងប្រឌិតទាំងស្រុង និងមានចរិតលក្ខណៈជាការមួលបង្កាច់បង្ខូចដ៏អាក្រក់បំផុតមកលើប្រទេសចិន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រ៉េខាងជើងបង្ហាញរោងចក្រនុយក្លេអ៊ែថ្មីមួយទៀត ខណៈលោក គីម ជុងអ៊ុន ប្តេជ្ញាបង្កើនការផលិតអាវុធទ្វេគុណ ដើម្បីត្រៀមទប់ទល់ជាមួយអាម៉េរិក

នៅថ្ងៃទី៤ ខែមិថុនា នេះ ប្រទេសកូរ៉េខាងជើង បានបើកបង្ហាញរោងចក្រចម្រាញ់សារធាតុសម្រាប់ផលិតអាវុធនុយក្លេអ៊ែថ្មីមួយកន្លែងទៀត ខណៈមេដឹកនាំកំពូល…

ក្រុមហ៊ុន SpaceX គ្រោងកៀរគរទុនឱ្យបាន៧៥ពាន់លានដុល្លារពីការបោះផ្សាយលក់ភាគហ៊ុនលើកដំបូង ដែលជាទំហំធំបំផុតមិនធ្លាប់មាន

ក្រុមហ៊ុនបច្ចេកវិទ្យាអវកាសយក្ស SpaceX របស់កំពូលមហាសេដ្ឋី អេឡុន ម៉ាស់ (Elon Musk) បានបញ្ជាក់ជាផ្លូវការអំពីផែនការបោះផ្សាយលក់ភាគហ៊ុនជាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ