UNCLOS

យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS នឹងជ្រើសរើសប្រធានគណៈកម្មការនៅសប្តាហ៍នេះ


ប្រធានគណៈកម្មការសម្រុះសម្រួលក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយជម្លោះដែនសមុទ្រដ៏រ៉ាំរ៉ៃរវាងកម្ពុជា និងថៃ នឹងត្រូវប្រកាសជ្រើសរើសជាផ្លូវការនៅថ្ងៃទី១៤ ខែសីហា នេះ។ ការជ្រើសរើសសមាសភាពប្រធាន ដែលមានឯករាជ្យភាព និងជំនាញជាន់ខ្ពស់រូបនេះ គឺជាសញ្ញាណបើកផ្លូវយ៉ាងសំខាន់ឆ្ពោះទៅរកកិច្ចប្រជុំលើកដំបូង នៃយន្តការអន្តរជាតិនេះនៅក្នុងខែកញ្ញា ខាងមុខ។
UNCLOS
ដោយ

សារព័ត៌មាន The Nation បានរាយការណ៍ថា លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃបានបញ្ជាក់កាលពីថ្ងៃទី១១ ខែសីហា ថា កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការសម្រុះសម្រួល ដែលមានសមាសភាព៥រូបរវាងកម្ពុជា និងថៃ ទំនងជានឹងប្រព្រឹត្តទៅនៅក្នុងអំឡុងខែកញ្ញា ខាងមុខ។ នៅក្នុងរចនាសម្ព័ន្ធ នៃយន្តការនេះភាគីទាំងពីរកម្ពុជា-ថៃបានតែងតាំងអ្នកសម្រុះសម្រួលតំណាងឱ្យខ្លួនចំនួន២រូបរួចរាល់ហើយ។ សមាជិកទាំង៤រូបនេះមានភារកិច្ចរួមគ្នាក្នុងការជ្រើសរើសអ្នកសម្រុះសម្រួលរូបទី៥ ដើម្បីធ្វើជាប្រធានគណៈកម្មការ បន្ទាប់ពីប្រទេសទាំងពីរបានព្រមព្រៀងពន្យារពេលការជ្រើសរើសចាប់ពីថ្ងៃទី១៩ ខែកក្កដា រហូតមកដល់ថ្ងៃទី១៤ ខែសីហា។ បច្ចុប្បន្នបញ្ជីឈ្មោះបេក្ខជន ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ប្រមាណ ១០រូប ត្រូវបានបញ្ជូនទៅរដ្ឋាភិបាលនៃប្រទេសទាំងពីរពិចារណាដោយក្នុងនោះកម្ពុជា និងថៃ បានជ្រើសរើសបេក្ខជនសម្រេចចិត្តចុងក្រោយចំនួន៦រូប ដើម្បីចាត់តាំងជាប្រធានគណៈកម្មការផ្លូវការ។
បេក្ខជនជាន់ខ្ពស់ទាំងនោះ សុទ្ធសឹងជាអ្នកជំនាញច្បាប់សមុទ្រល្បីល្បាញមកពីតំបន់អឺរ៉ុប អាស៊ី និងអាម៉េរិកឡាទីន។ ចំពោះទីតាំងនៃកិច្ចប្រជុំលើកដំបូងអាចនឹងធ្វើឡើងនៅមជ្ឈមណ្ឌលស្ថាប័នច្បាប់សមុទ្រនាទីក្រុងឡាអេ ប្រទេសហូឡង់ ទីក្រុងប៉ារីស ប្រទេសបារាំង សិង្ហបុរី ឬប្រទេសវៀតណាម។
គួររំលឹកថា នីតិវិធីផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS នេះ ត្រូវបានកម្ពុជាប្រកាសជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីថ្ងៃទី២ ខែមិថុនា។ ការងាកទៅប្រើច្បាប់អន្តរជាតិនេះ ធ្វើឡើងបន្ទាប់ពីភាគីថៃបានហែកចោលអនុស្សរណៈនៃការយោគយល់គ្នាស្តីពីដែនសមុទ្រឆ្នាំ២០០១ ជាឯកតោភាគីកាលពីថ្ងៃទី៥ ខែឧសភា។ បីជាថៃបានផ្ញើលិខិតឆ្លើយតបនៅថ្ងៃទី១៩ ខែមិថុនា ដោយយល់ព្រមចូលរួមក្នុងយន្តការ UNCLOS នេះក្តី ប៉ុន្តែភាគីថៃនៅតែបន្តព្យាយាមទាមទារឱ្យមានការចរចាទ្វេភាគី។ ទោះជាយ៉ាងណា ភាគីកម្ពុជាបានបដិសេធការទាមទារនេះយ៉ាងដាច់ខាត ដោយប្រកាន់ជំហររឹងមាំក្នុងការដោះស្រាយជម្លោះដែនសមុទ្រត្រួតស៊ីគ្នានៅឈូងសមុទ្រថៃនេះតាមប្រព័ន្ធច្បាប់អន្តរជាតិ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


អង្គការ ILO អះអាងថា យុវជនប្រមាណ២៥៧លាននាក់ គ្មានការងារធ្វើ ខណៈ AI កំពុងដណ្តើមការងារមនុស្ស

ពេល​នេះ​វិបត្តិយុវជនគ្មានការងារ​ធ្វើកាន់តែធ្ងន់ធ្ងរទូទាំងពិភពលោក ដោយយុវជន​រហូតដល់​ទៅប្រមាណ២៥៧លាននាក់គ្មានការងារធ្វើ ខណៈកំណើនសេដ្ឋកិច្ច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ