វិស័យការងារ

អង្គការ ILO អះអាងថា យុវជនប្រមាណ២៥៧លាននាក់ គ្មានការងារធ្វើ ខណៈ AI កំពុងដណ្តើមការងារមនុស្ស


ពេល​នេះ​វិបត្តិយុវជនគ្មានការងារ​ធ្វើកាន់តែធ្ងន់ធ្ងរទូទាំងពិភពលោក ដោយយុវជន​រហូតដល់​ទៅប្រមាណ២៥៧លាននាក់គ្មានការងារធ្វើ ខណៈកំណើនសេដ្ឋកិច្ចយឺត និងការបង្កើតការងារថ្មីធ្លាក់ចុះ។ អង្គការពលកម្មអន្តរជាតិ (ILO) ដែលជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ព្រមានថា វិបត្តិ​​យុវជនគ្មានការងារធ្វើ​អាចកាន់តែធ្ងន់ ខណៈ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI កំពុងធ្វើឱ្យទីផ្សារការងារ​ផ្លាស់ប្ដូរ និងអាចធ្វើឱ្យយុវជនរាប់លាននាក់ប្រឈមការបាត់បង់ឱកាសការងារ។ នេះបើយោងតាមទីភ្នាក់​ងារ​ព័ត៌មាន Reuters កាលពីថ្ងៃទី១២ ខែសីហា។
វិស័យការងារ
ដោយ

អង្គការពលកម្មអន្តរជាតិ បានគូសបញ្ជាក់ថា អត្រាគ្មានការងារធ្វើរបស់យុវជនទូទាំងពិភពលោកបានកើនពីអត្រា១២,៣% ក្នុងឆ្នាំ២០២៣ ឈានដល់១២,៤% ក្នុងឆ្នាំ២០២៥ ដែលជាការកើនឡើងលើកដំបូង បន្ទាប់ពីការងើបឡើងវិញក្រោយផ្ទុះវិបត្តិកូវីដ-១៩។ ក្នុងចំណោមយុវជនប្រមាណ២៥៧លាននាក់ដែលគ្មានការងារធ្វើទូទាំងពិភពលោក មានយុវជវ៦៧លាននាក់មានអាយុចន្លោះពី១៥ឆ្នាំដល់២៤ឆ្នាំ។ នៅក្នុងបណ្ដាប្រទេសអារ៉ាប់ យុវជនគ្មានការងារធ្វើមានអត្រាខ្ពស់បំផុតដល់ទៅ២៦,២% បន្ទាប់មកអាហ្វ្រិកខាងជើងមានអត្រា២២,៦% ខណៈទ្វីបអាម៉េរិកខាងជើងកើនដល់ជិត១០%។
អង្គការពលកម្មអន្តរជាតិ បានអះអាងថា ការធ្លាក់ចុះនៃការងារជំនាញកម្រិតមធ្យមដូចជាការងារការិយាល័យ ការលក់ និងការផលិតកំពុងធ្វើឱ្យយុវជនកាន់តែពិបាកចូលទីផ្សារការងារ ហើយវិបត្តិនេះអាចកាន់តែធ្ងន់ធ្ងរដោយសារបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។ ទិន្នន័យបានបង្ហាញថា ប្រមាណជាង៦% នៃការងារដែលកាន់កាប់ដោយយុវជនអាយុចន្លោះពី១៥ឆ្នាំដល់២៩ឆ្នាំស្ថិតក្នុងក្រុម ដែលងាយរងផលប៉ះពាល់ពីបច្ចេកវិទ្យា AI។ ប្រសិនបើត្រឹមតែ១០% នៃការងារទាំងនេះបាត់បង់ នោះអាចនឹងមានយុវជនប្រមាណ៥,៦លាននាក់ប្រឈមនឹងការបាត់បង់ការងារ ឬត្រូវប្តូរអាជីព។

ទន្ទឹមនេះនៅបណ្ដាប្រទេសដែលមានចំណូលទាប និងមធ្យមកម្រិតទាបជួបវិបត្តិកាន់តែធ្ងន់ ដោយក្នុងចំណោមយុវជន១០នាក់ដែលមានការងារ គឺមានរហូតដល់ទៅជិត៩នាក់ទៅហើយដែលកំពុងធ្វើការក្រៅប្រព័ន្ធ និងខ្វះការគាំពារផ្នែកការងារ។ សរុបមកយុវជនកំពុងប្រឈមការលំបាកក្នុងការរកការងាររួចទៅហើយ ខណៈបច្ចេកវិទ្យា AI អាចក្លាយជាកត្តាថ្មីមួយទៀត ដែលធ្វើឱ្យការរកការងារដំបូងកាន់តែប្រកួតប្រជែង និងពិបាកជាងមុន៕




អត្ថបទបន្ទាប់


តើមានមូលហេតុអ្វីបានជាអឺរ៉ុបជាទ្វីបដែលឡើងកម្ដៅលឿនបំផុតក្នុងពិភពលោក?

ពិភពលោកទាំងមូលកំពុងប្រឈមនឹងគ្រោះអាសន្នអាកាសធាតុ ដោយសារការដុតប្រេងឥន្ធនៈហ្វូស៊ីល បញ្ចេញឧស្ម័នកាបូនគ្របដណ្ដប់បរិយាកាស។ ប៉ុន្តែអ្វីដែលគួរឱ្យ…

យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS នឹងជ្រើសរើសប្រធានគណៈកម្មការនៅសប្តាហ៍នេះ

ប្រធានគណៈកម្មការសម្រុះសម្រួលក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយជម្លោះដែនសមុទ្រដ៏រ៉ាំរ៉ៃរវាងកម្ពុជា និងថៃ នឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ