វិបត្តិឧស្សាហកម្មដែក

វិបត្តិឧស្សាហកម្មដែកថែបពិភពលោកកាន់តែធ្ងន់ធ្ងរ ខណៈសមត្ថភាពផលិតលើសតម្រូវការកើនដល់កម្រិតគួរឱ្យព្រួយបារម្ភ


អង្គការសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) បានព្រមានថា ឧស្សាហកម្មដែកថែបសកលកំពុងប្រឈមនឹងវិបត្តិកាន់តែធ្ងន់ធ្ងរ ដោយសារការផលិត ដែលទទួលបានការឧបត្ថម្ភធន និងសមត្ថភាពផលិតលើសតម្រូវការ នៅតែបន្តវាយលុកទីផ្សារឥតឈប់ឈរ។ OECD បានបញ្ជាក់ថា ការផលិតដែកថែបដែលគាំទ្រដោយរដ្ឋ ជាពិសេសនៅក្នុងប្រទេសចិន កំពុងបង្កសម្ពាធយ៉ាងខ្លាំងដល់ក្រុមអ្នកផលិតនៅអឺរ៉ុប និងបណ្ដាប្រទេសសមាជិក OECD ផ្សេងទៀត។
វិបត្តិឧស្សាហកម្មដែក
ដោយ

សារព័ត៌មាន Euronews បានរាយការណ៍ថា អង្គការសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបានគូសបញ្ជាក់ថា ការឧបត្ថម្ភធនរបស់រដ្ឋាភិបាលលើផលិតកម្មដែកថែប គឺជាកត្តាជំរុញចម្បង ដែលធ្វើឱ្យមានការផលិតលើសតម្រូវការនៅលើសកលលោក។ នៅក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ កំណើនផលិតកម្មដែកថែបភាគច្រើនបានកើតឡើងនៅក្រៅក្រុមប្រទេសសមាជិក OECD ដែលជារឿយៗតែងតែទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋ។
ទិន្នន័យរបស់ OECD បានបង្ហាញថា នៅឆ្នាំ២០២៤ ក្រុមហ៊ុនដែកថែបចិនទទួលបានការឧបត្ថម្ភធនពីរដ្ឋច្រើនជាងក្រុមហ៊ុនផលិតដែកនៅតំបន់ដទៃទៀតរហូតដល់ទៅ១៥ដង បើធៀបនឹងទំហំទ្រព្យសកម្មរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ ក្រុមហ៊ុនចិនបាននាំចេញដែកថែបក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន គឺរហូតដល់១៣១លានតោន ក្នុងឆ្នាំ២០២៥ កន្លងទៅ ដែលចំនួននេះកើនឡើង១៣% បើធៀបនឹងឆ្នាំ២០២០ ហើយវាថែមទាំងច្រើនជាងបរិមាណផលិតកម្មដែកថែបសរុបរបស់សហភាពអឺរ៉ុបទាំងមូលទៅទៀត។
អ្វីដែលគួរឱ្យបារម្ភនោះគឺ OECD ព្យាករថា បរិមាណដែកថែបលើសតម្រូវការសកល នឹងបន្តកើនឡើងពី៦៤០លានតោនក្នុងឆ្នាំ២០២៥ ដល់៧៤៥លានតោននៅឆ្នាំ២០២៨ ខាងមុខ ព្រោះសមត្ថភាពផលិតនៅតែបន្តកើនឡើងលឿនជាងតម្រូវការទីផ្សារឆ្ងាយណាស់។ ជាក់ស្ដែងតម្រូវការដែកថែបសកលត្រូវបានរំពឹងថា នឹងកើនឡើងត្រឹមតែ៣៤លានតោនប៉ុណ្ណោះក្នុងចន្លោះឆ្នាំ២០២៦ ដល់ឆ្នាំ២០២៨ ប៉ុន្តែក្រុមហ៊ុនផលិតដែកនានា បែរជាមានគម្រោងបង្កើនសមត្ថភាពផលិតថ្មីរហូតដល់១៣៩លានតោនក្នុងរយៈពេលដូចគ្នានេះ។
ប្រទេសចិននៅតែជាតួអង្គសំខាន់ក្នុងការបង្កើនសមត្ថភាពផលិតនេះ ដោយមានផែនការជំរុញសមត្ថភាពផលិតដែកថែបបន្ថែមរហូតដល់ជាង៣៨លានតោនត្រឹមឆ្នាំ២០២៨ ដែលជាកម្រិតខ្ពស់បំផុតក្នុងចំណោមប្រទេសអ្នកផលិតទាំងអស់។ អង្គការ OECD បានសង្កត់ធ្ងន់ថា ប្រសិនបើផែនការរបស់ចិននៅតែបន្តទៅមុខបរិមាណផលិតកម្មលើសតម្រូវការសកល នឹងមានចំនួនច្រើនជាងការផលិតដែកថែបប្រចាំឆ្នាំរបស់ក្រុមប្រទេស OECD ទាំងអស់រួមគ្នារហូតដល់ជិត៣២០លានតោន ដែលនេះឆ្លុះបញ្ចាំងពីភាពអសមមាត្រយ៉ាងធ្ងន់ធ្ងរនៅក្នុងឧស្សាហកម្មមួយនេះ។
អ្នកបង្កើតគោលនយោបាយកំពុងបារម្ភថា សមត្ថភាពផលិតលើសតម្រូវការដ៏ជោគជាំនេះ អាចនឹងបំផ្លាញប្រាក់ចំណេញ និងនិរន្តរភាពរយៈពេលវែងរបស់ឧស្សាហកម្មដែកថែបក្នុងស្រុក ដែលអាចធ្វើឱ្យពួកគេកាន់តែពឹងផ្អែកលើការនាំចូលវត្ថុធាតុដើមដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រមួយនេះ សម្រាប់ប្រើប្រាស់ក្នុងវិស័យសាងសង់ ការពារជាតិ ហេដ្ឋារចនាសម្ព័ន្ធថាមពល និងចង្វាក់ផលិតកម្មទូទៅ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


អាម៉េរិក គ្រោងយកទ្រព្យសម្បត្តិបង្កករបស់អ៊ីរ៉ង់ ទៅជួយសម្ពន្ធមិត្ត ដែលរងការវាយប្រហារពីអ៊ីរ៉ង់

មេដឹកនាំប្រទេសមហាអំណាចនៅអឺរ៉ុបរួមមានចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានចេញសេចក្ដីថ្លែងការណ៍រួមមួយបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោ…

តើអ្វីនៅពីក្រោយដំណើរទស្សនកិច្ចរបស់បុរសខ្លាំងរដ្ឋចិន ទៅកាន់កូរ៉េខាងជើង?

រវាងមិត្តភាព និងការប្រកួតប្រជែងឥទ្ធិពល តើមួយណាជាហេតុផលពិតប្រាកដ នៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ទៅកាន់កូរ៉េខាងជើង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ