បើយោងតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃទី២៣ ខែសីហា វិបត្តិហូរចូលទំនិញបរទេសថោកៗកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិថៃ។ បច្ចុប្បន្នប្រទេសថៃ មានសហគ្រាស ធុនតូច និងមធ្យមប្រមាណ៣,៣លានកន្លែង ដែលជាឆ្នាំងបាយទ្រទ្រង់ជីវភាពពលរដ្ឋរហូតដល់ជិត១៤លាននាក់ ឬស្មើនឹងជិត៧០% នៃកម្លាំងពលកម្មសរុបក្នុងវិស័យឯកជន។ ការផ្លាស់ប្តូរទម្លាប់របស់អ្នកប្រើប្រាស់ថៃ មកនិយមទំនិញបរទេសថោកៗ គួបផ្សំការវាយលុកពីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញកំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរ ដែលអាជីវករក្នុងស្រុកមិនធ្លាប់ជួបប្រទះពីមុនមក។
លោក ណាត វង់ផានិច (Nath Vongphanich) ប្រធានសមាគមអ្នកលក់រាយថៃ បានគូសបញ្ជាក់ពីគម្លាតដ៏គ្រោះថ្នាក់ក្នុងប្រព័ន្ធលក់រាយថា ខណៈដែលការលក់តាមអនឡាញមានកំណើនរហូតដល់ជាង២៣% នោះ ការលក់នៅតាមហាងផ្ទាល់បែរជាមានកំណើនត្រឹមតែជាង៧%ប៉ុណ្ណោះ។ អ្វីដែលគួរឱ្យបារម្ភបំផុតនោះគឺ ទំនិញដែលលក់ដាច់បំផុតតាម e-commerce ភាគច្រើនលើសលប់ មិនមែនជាផលិតផលក្នុងស្រុកឡើយ ប៉ុន្តែជាទំនិញរបស់អាជីវករបរទេស។
ប្រធានសមាគមរូបនេះបានអះអាងថា រោងចក្រផលិតទំនិញបរទេសជាច្រើន ដែលកំពុងប្រឈមនឹងរបាំងពាណិជ្ជកម្ម និងពន្ធគយយ៉ាងតឹងរ៉ឹងពីសំណាក់ប្រទេសលោកខាងលិច បានបង្វែរទិសដៅស្តុកទំនិញដ៏មហាសាលទាំងនោះមកបោះចោលនៅទីផ្សារអាស៊ីអាគ្នេយ៍វិញ។ យុទ្ធសាស្ត្របង្ហូរទំនិញនេះ បានធ្វើឱ្យទំនិញថោកៗជន់ជោរពេលទីផ្សារក្នុងប្រទេសថៃរហូតធ្វើឱ្យ SMEs ក្នុងស្រុកស្ទើរតែគ្មានសមត្ថភាពប្រកួតប្រជែងខាងតម្លៃបាន។
ដើម្បីសង្គ្រោះអាជីវកម្មក្នុងស្រុក សមាគមអ្នកលក់រាយថៃ បានទាមទារឱ្យរដ្ឋាភិបាលរបស់លោក អានុទីន ឆានវីរៈគុល រឹតបន្តឹងការត្រួតពិនិត្យសុវត្ថិភាព និងគុណភាពលើគ្រប់មុខទំនិញបរទេសទាំងអស់ដែលលក់តាម e-commerce ឆ្លងដែន, តម្រូវឱ្យវេទិកាលក់ទំនិញបរទេសទាំងអស់ទទួលខុសត្រូវប្រមូល និងបង់ពន្ធជូនរដ្ឋដោយផ្ទាល់ រាល់ពេលមានប្រតិបត្តិការទិញលក់ និងចុះធ្វើសវនកម្មភ្លាមៗលើស្តុកទំនិញរបស់អាជីវករបរទេសក្នុងស្រុក ដើម្បីធានាតម្លាភាព និងសមភាពក្នុងការប្រកួតប្រជែងទីផ្សារ៕
អត្ថបទៈ សួន ឡង់ទី