ចលនាយោធាបំបែកខ្លួន

ក្រុមបំបែកខ្លួនវាយប្រហារដោយគ្រាប់បែក៥១កន្លែងត្រឹម១រាត្រី ធ្វើឱ្យកក្រើកប្រទេសថៃ ខណៈនាយករដ្ឋមន្ត្រីកោះប្រជុំសន្តិសុខបន្ទាន់


ស្ថានការណ៍សន្តិសុខនៅភាគខាងត្បូង ប្រទេសថៃ បានឡើងកម្តៅដ៏ក្តៅគគុកឡើងវិញ បន្ទាប់ពីក្រុមចលនាយោធាបំបែកខ្លួនបានបើកប្រតិបត្តិការវាយប្រហារដោយគ្រាប់បែក និងដុតបំផ្លាញទីតាំងសំខាន់ៗសរុបរហូតដល់ទៅ៥១កន្លែងត្រឹមតែមួយរាត្រី។ សារព័ត៌មាន The Nation បានរាយការណ៍ថា ឆ្លើយតបនឹងការវាយប្រហារដ៏កក្រើកនេះ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានកោះប្រជុំក្រុមមន្ត្រីសន្តិសុខកំពូលៗយ៉ាងតន់ហន់​ ប៉ុន្តែវិធានការឆ្លើយតបរបស់អាជ្ញាធរហាក់នៅតែប្រឈមនឹងការលំបាកយ៉ាងខ្លាំងក្នុងការទប់ស្កាត់រលកហិង្សាដ៏រ៉ាំរ៉ៃមួយនេះ។
ចលនាយោធាបំបែកខ្លួន
ដោយ

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរ៉ាគុល (Anutin Charnvirakul) បានកោះប្រជុំមន្ត្រីសន្តិសុខជាន់ខ្ពស់ជាបន្ទាន់មួយនៅព្រឹកថ្ងៃទី២៣ ខែសីហា នាទីបញ្ជាការទ័ពអាកាសយោធាតំបន់២ក្នុងខេត្តណាន បន្ទាប់ពីមានការវាយប្រហារ និងទម្លាក់គ្រាប់បែក និងដុតបំផ្លាញទ្រព្យសម្បត្តិចំនួន៥១កន្លែង ផ្ទុះឡើងព្រមៗគ្នានៅទូទាំងខេត្តភាគខាងត្បូង កាលពីយប់ថ្ងៃទី២២ ខែសីហា។
កិច្ចប្រជុំបន្ទាន់ថ្នាក់ជាតិនេះមានការចូលរួមពីប្រមុខសន្តិសុខ និងយោធាសំខាន់ៗជាច្រើនរូប។ នៅក្នុងកិច្ចប្រជុំនោះលោក អានុទីន បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដីបង្កើនកម្រិតសន្តិសុខដល់កម្រិតអាសន្ននៅទូទាំងខេត្តយ៉ាឡា, ប៉ាតានី និងណារ៉ាធីវ៉ាត ជាពិសេសខេត្តយ៉ាឡា ដែលរងការវាយប្រហារធ្ងន់ធ្ងរជាងគេ។ ដើម្បីការពារសុវត្ថិភាព និងជីវិតរបស់ពលរដ្ឋ អាជ្ញាធរថៃបានចេញសេចក្តីណែនាំបន្ទាន់អំពាវនាវឱ្យប្រជាពលរដ្ឋក្នុងតំបន់ផ្អាកការធ្វើដំណើរចេញក្រៅផ្ទះ និងចៀសវាងឈានជើងចូលតំបន់កើតហេតុ ដើម្បីបង្ការគ្រោះថ្នាក់ពីការទម្លាក់គ្រាប់បែកបន្ថែមទៀត។
គួរបញ្ជាក់ថា សង្គ្រាមស្រមោលនៅភាគខាងត្បូងថៃ ដែលដឹកនាំដោយក្រុមចលនាយោធាបំបែកខ្លួននៅក្នុងខេត្តយ៉ាឡា ប៉ាតានី និងណារ៉ាធីវ៉ាត បានអូសបន្លាយអស់ជាច្រើនទសវត្សរ៍មកហើយ។ ការវាយប្រហារទ្រង់ទ្រាយធំ៥១ករណីក្នុងពេលតែមួយនេះ មិនត្រឹមតែជាការសាកល្បងអំណាច និងបង្ហាញឥទ្ធិពលរបស់ក្រុមបំបែកខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាអាសន្នព្រមានចំៗទៅកាន់រដ្ឋបាលថ្មីរបស់លោក អានុទីន ថា យុទ្ធសាស្ត្រសន្តិសុខបែបប្រពៃណីអាចនឹងមិនអាចគ្រប់គ្រងសភាពការណ៍នៅភាគខាងត្បូងបានទៀតឡើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការវិភាគសេដ្ឋកិច្ចមួយបង្ហាញ​គួរឱ្យភ្ញាក់​ផ្អើល​ថា ជិត២៥% នៃកម្មករនិយោជិតអាម៉េរិកគ្មានការងារធ្វើ ដែលមានប្រាក់ឈ្នួលសមរម្យ

ទីផ្សារការងារនៅសហរដ្ឋអាម៉េរិក អាចនឹងដាំក្បាលចុះធ្ងន់ជាងអ្វី ដែលតួលេខផ្លូវការ​បាន​បង្ហាញ ដោយអត្រាគ្មានការងារធ្វើនៅសហរដ្ឋអាម៉េរិក បានធ្លាក…

ការហូរចូលទំនិញតម្លៃថោកៗពីបរទេស កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សហគ្រាសផលិតនៅថៃ

អ្នកលក់រាយនៅប្រទេសថៃ កំពុងរងគ្រោះ ដោយសារទំនិញនាំចូលតម្លៃថោកឥតដែនកំណត់បាននិងកំពុងវាយលុកយ៉ាងសន្ធឹកសន្ធាប់ ដើរដណ្ដើមទីផ្សារ និងបំបែកឆ្នា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ