លទ្ធផលស្ទង់មតិរបស់វិទ្យាស្ថានជាតិ គ្រប់គ្រងការអភិវឌ្ឍរដ្ឋបាលរបស់ថៃ បានចង្អុលបង្ហាញពីវិបត្តិនយោបាយ និងគ្រោះថ្នាក់ចម្បងៗដែលកំពុងគំរាមកំហែងដល់ស្ថិរភាពដឹកនាំរបស់រដ្ឋបាលលោក អានុទីន រួមមាន អំពើពុករលួយក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការមូលដ្ឋាន ដោយប្រជាជនថៃ ជិត៦៣% ចាត់ទុកថា ជាបញ្ហាធំជាងគេដែលបំផ្លាញស្ថិរភាពរដ្ឋាភិបាល បន្ទាប់មកការស៊ុមគ្រលុំក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលជិត៥៦% និងវិបត្តិជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា ដែលមានជាង៣៣%។
នៅពេលសួរនាំអំពីសមត្ថភាពដោះស្រាយវិបត្តិរបស់រដ្ឋាភិបាលបច្ចុប្បន្ន មានប្រជាពលរដ្ឋរហូតដល់ជិត៣២% ឆ្លើយតបចំៗថា រដ្ឋាភិបាលលោក អានុទីន មិនអាចដោះស្រាយបានទាល់តែសោះ ខណៈជិត៤០% យល់ថា ដោះស្រាយបានត្រឹមតែមួយផ្នែកតូចប៉ុណ្ណោះ ហើយមានពលរដ្ឋត្រឹមតែជាង១៦% ប៉ុណ្ណោះ ដែលនៅមានជំនឿចិត្តថា រដ្ឋាភិបាលអាចដោះស្រាយបញ្ហាទាំងនេះបាន។
កាន់តែចាក់ដោតជាងនេះទៅទៀតនៅពេលឱ្យវាយតម្លៃលើអាយុកាលនយោបាយរបស់រដ្ឋបាលលោក អានុទីន មានពលរដ្ឋជិត៣៨% ជឿជាក់ថា រដ្ឋាភិបាលនេះនឹងត្រូវដួលរលំមិនអាចបន្តរស់បានយូរឡើយ ខណៈជាង២៦% យល់ថា អាចឈរជើងបាន ប៉ុន្តែត្រូវធ្លាក់ចុះទន់ខ្សោយយ៉ាងធ្ងន់ធ្ងរ ហើយមានពលរដ្ឋត្រឹមតែជាង១៧% ប៉ុណ្ណោះ ដែលជឿថា រដ្ឋាភិបាលអាចបន្តគ្រប់គ្រងអំណាចបានដោយងាយស្រួល។
ដោយឡែកជុំវិញរូបភាពនយោបាយចុងក្រោយ ដែលលោកនាយករដ្ឋមន្ត្រី អានុទីន បានលុតជង្គង់ក្រាបសំពះលើភ្លៅលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងពិធីបុណ្យសពមួយកាលពីសប្តាហ៍មុន ពលរដ្ឋថៃជាង២៩% បានរិះគន់ថា វាគ្រាន់តែជាឆាកល្ខោននយោបាយសម្តែងប៉ុណ្ណោះ ខណៈជាង១៧% មើលឃើញថា ជាការព្យាយាមលុតជង្គង់អង្វរសុំការគាំទ្រ និងជាង៩% ទៀតបានសម្តែងការស្អប់ខ្ពើម និងមិនពេញចិត្តជាខ្លាំងចំពោះកាយវិការនេះ។
សរុបមកស្ថិរភាពរដ្ឋបាលលោក អានុទីន កំពុងស្ថិតក្នុងស្ថានភាពឃ្លីងឃ្លោង និងរងការវាយប្រហារជុំទិសដែលអាចឈានទៅការដួលរលំនាពេលខាងមមុខ។ វិបត្តិនេះកើតចេញពីភាពអសមត្ថភាពក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច-ជីវភាពពលរដ្ឋ, រលកហិង្សា និងការទម្លាក់គ្រាប់បែកនៅភាគខាងត្បូង ដែលចេះតែឆេះឡើងឥតឈប់, វិបត្តិគ្រឿងញៀនរ៉ាំរ៉ៃ ព្រមទាំងជម្លោះព្រំដែនជាមួយកម្ពុជាដែលកំពុងញាំញី និងទាញឱ្យប្រទេសថៃរងការរិះគន់ និងថ្កោលទោសពីសហគមន៍អន្តរជាតិ កាន់តែធ្ងន់ធ្ងរជារៀងរាល់ថ្ងៃ៕
អត្ថបទៈ សួន ឡង់ទី