វិទ្យាស្ថាន ឡាត់វីក (Ludwig) សម្រាប់វិបុលភាពសេដ្ឋកិច្ចរួម បានប៉ាន់ប្រមាណថា អត្រាគ្មានការងារធ្វើសមរម្យពិតប្រាកដនៅសហរដ្ឋអាម៉េរិក បានហក់ឡើងខ្ពស់រហូតដល់ជិត២៥% កាលពីអំឡុងខែកក្កដា។ តួលេខនេះមិនត្រឹមតែរាប់បញ្ចូលអ្នកដែលគ្មានការងារធ្វើ និងអ្នកដែលកំពុងស្វែងរកការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរាប់បញ្ចូលអ្នកដែលធ្វើការក្រៅម៉ោងដោយមិនស្ម័គ្រចិត្ត និងអ្នកដែលរកចំណូលបានតិចជាង២៦,០០០ដុល្លារក្នុងមួយឆ្នាំមុនបង់ពន្ធផងដែរ។
វិទ្យាស្ថាននេះបានហៅក្រុមកម្មករនិយោជិតទាំងនេះថា គ្មានការងារធ្វើដែលមានប្រាក់ឈ្នួលសមរម្យ ពីព្រោះពួកគេអាចមានការងារធ្វើ ប៉ុន្តែម៉ោងធ្វើការ ឬប្រាក់ចំណូលមិនគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការរស់នៅជាមូលដ្ឋាន។ អ្វីដែលកាន់តែគួរឱ្យព្រួយបារម្ភ គឺអត្រានេះបានកើនឡើង៤ខែជាប់ៗគ្នាដែលអាចជាសញ្ញាបង្ហាញថា ទីផ្សារការងារនៅសហរដ្ឋអាម៉េរិកកំពុងបាត់បង់សម្ទុះ។
លោក ជីន ឡាត់វីក (Gene Ludwig) ប្រធានវិទ្យាស្ថាន ឡាត់វីកសម្រាប់វិបុលភាពសេដ្ឋកិច្ចរួមបានព្រមានថា ប្រសិនបើអត្រាគ្មានការងារធ្វើ ដែលទទួលបានប្រាក់ឈ្នួលសមរម្យបន្តកើនឡើង ខណៈចំនួនមនុស្សចូលប្រឡូកក្នុងទីផ្សារការងារកាន់តែថយចុះ នោះអាចបង្ហាញថា ពលរដ្ឋអាម៉េរិក កំពុងពិបាកស្វែងរកការងារ និងឱកាសដែលពួកគេត្រូវការ។
សញ្ញានៃភាពទន់ខ្សោយក៏កំពុងលេចចេញពីទីផ្សារការងារផងដែរ ដោយទិន្នន័យបង្ហាញថា និយោជកអាម៉េរិកបានកាត់បន្ថយការងារ២៣,០០០កន្លែង កាលពីអំឡុងខែកក្កដា ខណៈអតិផរណាបានហក់ឡើងជាង៣,៤% លើសកំណើនប្រាក់ឈ្នួលដែលមានត្រឹម៣,២%។ នេះមានន័យថា ប្រាក់ឈ្នួលរបស់កម្មករនិយោជិតកំពុងកើនយឺតជាងតម្លៃទំនិញ និងសេវាកម្មដែលបន្តដាក់សម្ពាធលើជីវភាពគ្រួសារពលរដ្ឋអាម៉េរិក។
ទោះជាយ៉ាងណាអ្នកជំនាញសេដ្ឋកិច្ច ហ្គ្រេហ្គោរី ដេខូ (Gregory Daco) បានព្រមានថា តួលេខគ្មានការងារធ្វើដែលទទួលបានប្រាក់ឈ្នួលសមរម្យជិត២៥% មិនគួរយកមកជំនួសអត្រាគ្មានការងារធ្វើផ្លូវការជាង៤% នោះទេ។ ប៉ុន្តែការព្រមាននេះ គឺមានសារសំខាន់ណាស់ ព្រោះថា នៅពីក្រោយតួលេខគ្មានការងារធ្វើទាបត្រឹមតែជាង៤% នៅសហរដ្ឋអាម៉េរិក អាចមានមនុស្សច្រើនលាននាក់កំពុងរស់ទាំងត្រដាបត្រដួសដោយសារប្រាក់ឈ្នួលទាប ម៉ោងធ្វើការមិនគ្រប់ និងការងារគ្មានស្ថិរភាព៕