ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ ដែលថា ការងាកទៅប្រើយន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) របស់កម្ពជាជាការបិទផ្លូវការចរចាព្រំដែនគោក ជារឿងមិនត្រឹមត្រូវ។
នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានដ៏ល្បីល្បាញ Bloomberg សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ គឺជាអាទិភាពដ៏សំខាន់បំផុតមួយរបស់រាជរដ្ឋាភិបាល ហើយកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំមិនបណ្តោយឱ្យក្រុមឧក្រិដ្ឋជនប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋានប្រតិបត្តិការ ឬទាញយកផលប្រយោជន៍ពីសកម្មភាពខុសច្បាប់នេះជាដាច់ខាត។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា កម្ពុជានឹងបន្តបង្ក្រាបសកម្មភាពទាំងនេះ ហើយប្តេជ្ញាធ្វើឱ្យកម្ពុជាក្លាយជាទីតាំងដែលលំបាកបំផុត និងមិនមានតម្លៃសម្រាប់ក្រុមឧក្រិដ្ឋជនក្នុងការប្រព្រឹត្តអំពើឆបោកតាមអនឡាញបន្តទៀតឡើយ។
សម្តេចធិបតី បានបញ្ជាក់ជាថ្មីថា ឧក្រិដ្ឋកម្មឆ្លងដែន គឺជាបញ្ហាប្រឈមរួមរបស់សកលលោក ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងជិតស្និទ្ធ ដោយកម្ពុជាបន្តធ្វើការយ៉ាងសកម្មជាមួយបណ្តាប្រទេសនានារួមទាំងសហរដ្ឋអាម៉េរិក និងចិន ព្រោះបណ្តាញឧក្រិដ្ឋជនទាំងនេះពុំរើសអើងប្រទេសណាមួយឡើយ ហើយតែងតែឆក់យកគ្រប់ឱកាស ដើម្បីស្វែងរកប្រាក់ចំណេញខុសច្បាប់។ ក្នុងន័យនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ ដោយមានការចូលរួមពីតំណាងប្រទេសជាច្រើនរួមទាំងប្រទេសចិន ហើយភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) ក៏ត្រូវបានអញ្ជើញឱ្យចូលរួមផងដែរ។
ពាក់ព័ន្ធនឹងការព្រួយបារម្ភថា តំបន់សេដ្ឋកិច្ចពិសេស (SEZ) នានាក្នុងប្រទេសអាចត្រូវបានក្រុមឧក្រិដ្ឋជនលួចជ្រកកោនធ្វើជាទីតាំងប្រតិបត្តិការនោះ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដោយណែនាំឱ្យកងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងស្ថាប័នគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស សហការគ្នាត្រួតពិនិត្យ និងតាមដានយ៉ាងតឹងរ៉ឹងបំផុត ដើម្បីធានាថា គ្មានតំបន់សេដ្ឋកិច្ចពិសេសណាមួយត្រូវបានគេប្រើប្រាស់ជាទីតាំងលាក់បាំង ឬគាំទ្រសកម្មភាពឧក្រិដ្ឋកម្មឡើយ។ ប្រសិនបើពិនិត្យឃើញថា តំបន់សេដ្ឋកិច្ចពិសេសណាមួយមានពាក់ព័ន្ធ ភាគីពាក់ព័ន្ធទាំងអស់នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានដោយគ្មានការលើកលែង។
សម្តេចធិបតី បានសង្កត់ធ្ងន់ថា រហូតមកទល់ពេលនេះអាជ្ញាធរមានសមត្ថកិច្ចមិនទាន់រកឃើញភស្តុតាងណាមួយដែលបង្ហាញថា តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការឆបោកតាមអនឡាញនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះតំបន់សេដ្ឋកិច្ចពិសេស គឺជាសសរស្ដម្ភយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) និងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា។
បន្ថែមលើសពីនេះ សម្តេចធិបតី ក៏បានលើកឡើងពីលទ្ធផលនៃការអនុវត្តច្បាប់កន្លងមក ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់វិធានការដាច់ខាតលើមន្ត្រីមួយចំនួន ដែលមានការពាក់ព័ន្ធ ឬខកខានក្នុងការទប់ស្កាត់បទល្មើស ដែលក្នុងនោះរួមមានការដកតួនាទីមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ អភិបាលខេត្ត និងស្នងការនគរបាលខេត្តមួយចំនួនផងដែរ។ ប្រតិបត្តិការស៊ើបអង្កេតនៅតែបន្តធ្វើឡើងយ៉ាងសកម្ម ហើយរាជរដ្ឋាភិបាលនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់លើគ្រប់ករណីទាំងអស់ឱ្យតែមានភស្តុតាងច្បាស់លាស់។
ដោយឡែកពាក់ព័ន្ធនឹងជម្លោះព្រំដែនជាមួយថៃ សម្តេចធិបតី បានច្រានចោលទាំងស្រុងនូវការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ ដែលបានអះអាងថា ការដែលម្ពុជាងាកទៅប្រើយន្តផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) គឺជាការបិទផ្លូវចរចាលើបញ្ហាព្រំដែនគោករវាងប្រទេសទាំងពីរ។ សម្តេចធិបតី បានចាត់ទុកការលើកឡើងបែបនេះ គឺមិនបានឆ្លុះបញ្ចាំងពីការពិត និងខ្វះភាពយុត្តិធម៌ ព្រោះកម្ពុជាសម្រេចចិត្តប្រើយន្តការផ្សះផ្សាដោយបង្ខំ នៃអនុសញ្ញា UNCLOS នេះ គឺបន្ទាប់ពីភាគីថៃបានសម្រេចលុបចោលដោយឯកតោភាគីនូវអនុស្សរណៈ នៃការយោគយល់គ្នាឆ្នាំ២០០១ (MOU 2001) ដែលជាក្របខណ្ឌទ្វេភាគីតែមួយគត់សម្រាប់ពិភាក្សាលើបញ្ហាដែនសមុទ្ររវាងប្រទេសទាំងពីរ។
សម្តេចធិបតី បានបញ្ជាក់បន្ថែមថា អស់រយៈពេលជាង១៥ឆ្នាំមកហើយ ដែលរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃជាច្រើនជំនាន់បានប្រើប្រាស់ MOU ឆ្នាំ២០០១ នេះជាមូលដ្ឋានក្នុងការស្វែងរកដំណោះស្រាយរួមលើតំបន់ទាមទារត្រួតស៊ីគ្នា (OCA)។ ប៉ុន្តែនៅពេលដែលភាគីថៃបានសម្រេចលុបចោលកិច្ចព្រមព្រៀងនេះ ទោះបីជាកម្ពុជាបានព្យាយាមស្នើសុំឱ្យរក្សាទុកយ៉ាងណាក៏ដោយ នោះបានធ្វើឱ្យកម្ពុជាគ្មានជម្រើសអ្វីផ្សេងក្រៅពីពឹងផ្អែកលើច្បាប់អន្តរជាតិនោះឡើយ។ ជាមួយគ្នានេះ សម្តេច ក៏បានគូសបញ្ជាក់ថា មិនដែលមានកិច្ចព្រមព្រៀង ឬលក្ខខណ្ឌណាមួយចែងថា ការប្រើយន្តការ UNCLOS នឹងរារាំងការបន្តពិភាក្សាលើបញ្ហាព្រំដែនគោកនោះទេ។
ចំពោះដំណើរការដោះស្រាយវិវាទដែនសមុទ្រនេះ សម្តេចធិបតី បានលើកឡើងថា បច្ចុប្បន្នវានៅមិនទាន់ដល់ដំណាក់កាលត្រូវពិភាក្សាអំពីការពង្រីកវិសាលភាព នៃសំណុំរឿងនៅឡើយទេ ដោយសារដំណើរការផ្សះផ្សានៅស្ថិតក្នុងដំណាក់កាលចាប់ផ្តើមនៅឡើយ ហើយភាគីទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលជ្រើសរើសប្រធានគណៈផ្សះផ្សា បន្ទាប់ពីភាគីនីមួយៗបានតែងតាំងអ្នកផ្សះផ្សារបស់ខ្លួនរួចរាល់។ អាទិភាពចម្បងនាពេលនេះ គឺការធានាឱ្យដំណើរការផ្សះផ្សាអន្តរជាតិអាចប្រព្រឹត្តទៅបានដោយរលូន ស្របតាមនីតិវិធីច្បាប់ ដែលបានកំណត់៕
ដោយៈ សរ សុជាតិ