ថ្លែងនៅក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Euronews កាលពីថ្ងៃទី១ ខែកញ្ញា នៅខាងក្រៅកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅប្រទេសកៀហ្ស៊ីគីស្ថាន លោក អង់តូនីញ៉ូ ហ្គូតឺរេស ប្រមុខអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាឱកាសមាសមួយក្នុងការលើកឡើងពីវិបត្តិសង្គ្រាមដោយផ្ទាល់ទៅកាន់មេដឹកនាំដែលមានអំណាចសម្រេចចិត្ត និងអាចចាត់វិធានការបាន។ លោកបានផ្ញើសារទៅកាន់មេដឹកនាំទាំងនោះថា វាល្មមដល់ពេលដែលត្រូវបញ្ឈប់ភាពឆ្កួតលីលាឈ្លក់នឹងសង្គ្រាម ហើយងាកមកកសាងសន្តិភាពហើយ។ ប្រមុខ UN រូបនេះ បានបន្ថែមដោយក្តីកង្វល់ថា អ្វីដែលគួរឱ្យព្រួយបារម្ភបំផុត គឺការអូសបន្លាយនៃជម្លោះជាច្រើន ដែលគ្មានសញ្ញាបញ្ចប់ដូចជាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងសង្គ្រាមនៅមជ្ឈិមបូព៌ាចាប់តាំងពីតំបន់ហ្គាហ្សា រហូតដល់ការប្រឈមមុខដាក់គ្នារវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក។
ទាក់ទិននឹងសភាពការណ៍នៅអ៊ីរ៉ង់ មេ UN រូបនេះបានកត់សម្គាល់ថា ការវាយប្រហារបានចាប់ផ្តើមផ្ទុះឡើងវិញហើយលោកបានអំពាវនាវឱ្យភាគីពាក់ព័ន្ធវិលត្រឡប់ទៅរកតុចរចាវិញជាបន្ទាន់។ លោក បានគូសបញ្ជាក់ថា កន្លងមកការចរចាជិតទទួលបានជោគជ័យទៅហើយ ប៉ុន្តែគួរឱ្យស្តាយដែលការវាយប្រហារបានកើតឡើងសាជាថ្មី ដូច្នេះភាគីទាំងអស់ចាំបាច់ត្រូវត្រឡប់ទៅចំណុចដើមវិញ និងបន្តការចរចា ដែលធ្លាប់មានផលវិជ្ជមាន។ ទន្ទឹមនឹងនេះ លោកជំរុញឱ្យចាប់ផ្តើមការចរចាឡើងវិញ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាពតំបន់ ជាពិសេសការស្តារសេរីភាពនៃការធ្វើនាវាចរណ៍ឡើងវិញទាំងស្រុងនៅច្រកសមុទ្រ Hormuz និង ប៉ាប អែលមេនដេប (Bab el-Mandeb)។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល SCO លើកទី២៥ នៅទីក្រុង Bishkek នេះ គឺជាការជួបជុំនៃប្លុកសមាជិកទាំង១០រួមមានចិន រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន អ៊ីរ៉ង់ បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីគីស្ថាន តាជីគីស្ថាន និងអ៊ូសបេគីស្ថាន ដែលតំណាងឱ្យប្រជាជនច្រើនជាង៤០% នៃប្រជាជនសរុបលើពិភពលោក៕
អត្ថបទៈ សួន ឡង់ទី