យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ខាវសុត របស់ថៃ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា នៅខាងមុខច្រកទ្វារចូលវិមានរដ្ឋាភិបាលថៃ ក្រុមកសិករថៃ មកពីសហព័ន្ធសហករណ៍ទឹកដោះគោថៃ ដឹកនាំដោយលោក ស៊ូប៊ីន ប៉ុមអូចា រួមជាមួយប្រធានសហករណ៍ទឹកដោះគោចំនួន៦០កន្លែងទូទាំងប្រទេស និងតំណាងគ្រួសារកសិករចិញ្ចឹមគោយកទឹកដោះជាង១ម៉ឺនគ្រួសារ បានលើកគ្នាមកដាក់ញត្តិតវ៉ាសុំអន្តរាគមន៍ពីលោក អានុទីន។ ពួកគេបានលើកឡើងពីស្ថានភាពដ៏ជូរចត់ និងលំបាកតោកយ៉ាក ដោយសារតែទឹកដោះគោឆៅរបស់ពួកគេគ្មានទីផ្សារ និងកំពុងចាល់សល់ស្អុយរលួយពេញប្រទេស ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពលរដ្ឋថៃ រាប់ម៉ឺននាក់។
លោក ស៊ូប៊ីន ប៉ុមអូចា បានលើកឡើងដោយដៀមដាមដាក់រដ្ឋាភិបាលថៃថា វិបត្តិមហន្តរាយមួយនេះកើតឡើងដោយសារតែភាពអសមត្ថភាព និងភាពល្ងង់ខ្លៅផ្នែកគោលនយោបាយរបស់រដ្ឋាភិបាល ដែលបានបើកដៃឱ្យមានការនាំចូលទឹកដោះគោម្សៅពីបរទេស ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ថៃ-នូវែលសេឡង់ និងថៃ-អូស្ត្រាលី។ រដ្ឋាភិបាលថៃ ចង់បានតែមុខមាត់ពាណិជ្ជកម្មសេរីខាងក្រៅ ប៉ុន្តែបែរជាសម្លាប់កសិករខ្លួនឯងនៅខាងក្នុង ព្រោះការនាំចូលទឹកដោះគោម្សៅថោកៗពីបរទេសបានធ្វើឱ្យក្រុមហ៊ុនអាជីវកម្មក្នុងស្រុកឈប់ទិញទឹកដោះគោឆៅពីកសិករថៃ។ ផលវិបាកនេះបានរុញច្រានឱ្យតម្លៃទឹកដោះគោក្នុងស្រុកដាំក្បាលចុះយ៉ាងខ្លាំង ហើយសហករណ៍នានា ប្រឈមនឹងការក្ស័យធន និងជាប់បំណុលវ័ណ្ឌក។
កំហឹងរបស់ក្រុមកសិករបានឈានដល់ចំណុចកំពូល ដោយពួកគេបានសម្រេចចិត្តបិទផ្លូវ ភីតសានុលោក និងបិទការធ្វើចរាចរណ៍នៅផ្លូវធំខាងមុខច្រកទ្វារចូលវិមានរដ្ឋាភិបាលថៃ ទាំងស្រុង ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅមុខវិមានរដ្ឋាភិបាល។ អ្វីដែលបង្ហាញពីការមិនទុកចិត្តលើរដ្ឋាភិបាលថៃនោះ គឺក្រុមបាតុករបានប្រកាសក្តែងៗថា លិខិតតវ៉ានេះ ត្រូវតែប្រគល់ទៅឱ្យដៃ លោក អានុទីន ផ្ទាល់ ឬឧបនាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ ហើយពួកគេដាច់ខាតមិនព្រមប្រគល់ទៅឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍នោះឡើយ។ ក្រុមបាតុករបានសង្កត់ធ្ងន់ទាំងកំហឹងថា ពួកគេទ្រាំលែងបានទៀតហើយ» ព្រោះកន្លងមកពួកគេធ្លាប់បានដាក់លិខិតទៅរដ្ឋមន្ត្រីកសិកម្មជាច្រើនលើកច្រើនសាររួចមកហើយតែបានត្រឹមតែការសន្យាខ្យល់ និងគ្មានដំណោះស្រាយជាដុំកំភួនអ្វីទាំងអស់ ពោលគឺរដ្ឋាភិបាលថៃ ពូកែតែខាងធ្វើមិនដឹងមិនឮចំពោះទុក្ខវេទនារបស់រាស្ត្រ៕