រាជវង្សជប៉ុន

រាជវង្សជប៉ុន កំពុងជួបវិបត្តិខ្វះអ្នកស្នងរាជ្យ ចុះ​ហេតុ​អ្វីបានជារដ្ឋាភិបាលជប៉ុន នៅតែបដិសេធមិនឱ្យស្ត្រីឡើងគ្រងរាជ្យ?


រាជវង្សជប៉ុន ដែលជារាជាធិបតេយ្យចំណាស់ជាងគេបំផុតនៅលើពិភពលោកកំពុងប្រឈមវិបត្តិដ៏ធ្ងន់ធ្ងរ នោះគឺវិបត្តិ​ខ្វះអ្នកស្នងរាជ្យ។ នៅប្រទេសជប៉ុនបច្ចុប្បន្ន រាជវង្សដែលមានសិទ្ធិឡើងស្នងរាជ្យតែ​៣​ព្រះអង្គប៉ុណ្ណោះ ហើយក្នុងចំណោមនោះមាន២ព្រះអង្គមាន​ព្រះជន្មលើស៦០ព្រះវស្សាទៅ​ហើយ។ ទោះជាយ៉ាងណា រដ្ឋាភិបាលជប៉ុន នៅតែបដិសេធមិនអនុញ្ញាតឱ្យស្ត្រីឡើងគ្រងរាជ្យ ដោយជ្រើសរើសប្រព័ន្ធស្នងរាជ្យតាមខ្សែបុរសជំនួសវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
រាជវង្សជប៉ុន
ដោយ

វិបត្តិខ្វះអ្នកស្នងរាជ្យរបស់ជប៉ុន បានកើតឡើងដោយសារច្បាប់រាជវង្សជប៉ុន អនុញ្ញាតឱ្យមានតែសែរាជវង្សជាបុរសតែប៉ុណ្ណោះ ដែលអាចឡើងគ្រងរាជ្យបាន ខណៈសែរាជវង្សជាស្ត្រីត្រូវបាត់បង់ឋានៈជារាជវង្ស ប្រសិនបើរៀបការជាមួយរាស្ត្រ។ បច្ចុប្បន្នព្រះចៅអធិរាជ ណារុហ៊ីតុ (Naruhito) មានព្រះរាជបុត្រីតែមួយអង្គគត់ គឺព្រះនាង អៃកុ ដែលមានប្រជាប្រិយភាពខ្លាំង ប៉ុន្តែព្រះនាងមិនមានសិទ្ធិស្នងរាជ្យនោះទេ ដោយសារតែជាស្ត្រី។
ប្រទេសជប៉ុនបច្ចុប្បន្ន អ្នកមានសិទ្ធិស្នងរាជ្យ គឺមានតែ៣ព្រះអង្គប៉ុណ្ណោះ គឺព្រះអង្គម្ចាស់ ហ៊ីតាឈិ ព្រះជន្ម ៩០ ព្រះវស្សា ព្រះអង្គម្ចាស់ អាគីស៊ីណុ (Akishino) ព្រះជន្ម ៦០ ព្រះវស្សា និងព្រះអង្គម្ចាស់ ស៊ីសាហ៊ីតុ (Hisahito) ព្រះជន្ម ១៩ ព្រះវស្សាដែលជាបេក្ខជនស្នងរាជ្យដ៏សំខាន់បំផុត។

ជំនួសឱ្យការធ្វើវិសោធនកម្មច្បាប់អនុញ្ញាតឱ្យស្ត្រីឡើងគ្រងរាជ្យ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Sanae Takaichi បានស្នើឱ្យជ្រើសរើសសមាជិកជាបុរសពីសែរាជវង្សចាស់ៗដែលត្រូវដកចេញពីសែរាជវង្សតាំងពីឆ្នាំ១៩៤៧ មកបញ្ចូលជាបេក្ខជនបម្រុងឡើងវិញ ដើម្បីពង្រីកចំនួនអ្នកស្នងរាជ្យជាបុរស។ សូមបញ្ជាក់ថា សំណើរបស់នាយករដ្ឋមន្ត្រី Sanae Takaichi កំពុងរង់ចាំការអនុម័តពីសភា។

អ្នកជំនាញជាច្រើនរួមទាំងអ្នកនយោបាយបក្សប្រឆាំងផងបានចោទជាសំណួរថា ហេតុអ្វីបានជាជប៉ុន មិនជ្រើសរើសដំណោះស្រាយសាមញ្ញជាងនេះ គឺអនុញ្ញាតឱ្យស្ត្រីឡើងគ្រងរាជ្យ ខណៈក្នុងប្រវត្តិសាស្ត្រជប៉ុន ធ្លាប់មានព្រះមហាក្សត្រីគ្រងរាជ្យចំនួន ៨ អង្គរួចមកហើយ។

ការស្ទង់មតិជាច្រើនក៏បង្ហាញដែរថា ប្រជាជនជប៉ុន ភាគច្រើនគាំទ្រឱ្យមានព្រះមហាក្សត្រី ប៉ុន្តែរដ្ឋាភិបាល និងគណបក្សកាន់អំណាចនៅតែប្រកាន់ជំហរថា ការស្នងរាជ្យគួរតែបន្តតាមខ្សែបុរស ដើម្បីរក្សាប្រពៃណីរាជវង្សដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។

ក្រុមអ្នកវិភាគព្រមានថា ប្រសិនបើជប៉ុន នៅតែបដិសេធមិនឱ្យស្ត្រីមានសិទ្ធិស្នងរាជ្យ នោះរាជវង្សជប៉ុន ដែលចំណាស់ជាងគេបំផុតរបស់ពិភពលោក អាចបន្តប្រឈមនឹងវិបត្តិអ្នកស្នងរាជ្យកាន់តែធ្ងន់ធ្ងរនៅថ្ងៃអនាគត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


​កសិករចិញ្ចឹមគោលយកទឹកដោះនៅថៃ រាប់ម៉ឺនគ្រួសារ នាំគ្នាធ្វើបាតុកម្មទាមទារឱ្យលោក អានុទីន ជួយដោះស្រាយវិបត្តិទឹកដោះគោចាល់ពេញទីផ្សារ

ខណៈដែលមេដឹកនាំថៃ កំពុងតែសប្បាយរីករាយ អួតអាងពីសមិទ្ធផលពាណិជ្ជកម្មនៅលើឆាកអន្តរជាតិ ឥឡូវនេះភ្លើងចង្ក្រានបាយនៅក្នុងប្រទេសកំពុងតែឆាបឆេះយ៉ាង…

អាជ្ញាធរថៃ បង្ក្រាបបណ្តាញល្បែងស៊ីសង និងលាងលុយកខ្វក់ដ៏ធំ ដែលមានអ្នកមានអំណាចជាខ្នងបង្អែក

ស្របពេលដែលរដ្ឋាភិបាលថៃ តែងតែព្យាយាមលាបពណ៌ និងចង្អុលមុខប្រទេសជិតខាងថា ជាជង្រុកនៃឧក្រិដ្ឋកម្មអនឡាញ តែពេលនេះបណ្តាញឆបោក និងលាងលុយកខ្វក់បានល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ