ទីភ្នាក់ងារព័ត៌មាន CNN បានរាយការណ៍ថា បុគ្គលិកដែលបម្រើការងារផ្នែកការិយាល័យ និងការងារផ្អែកលើចំណេះដឹង គឺជាក្រុមដែលមានហានិភ័យខ្ពស់ជាងគេ ព្រោះលទ្ធផលការងាររបស់ពួកគេ គឺជាអ្វីដែល AI អាចធ្វើតម្រាប់តាមបានយ៉ាងល្អបំផុតលឿនជាងមនុស្ស និងអាចធ្វើបានពេញ២៤ម៉ោងគ្មានថ្ងៃសម្រាក។ ទោះជាយ៉ាងណា មនុស្សនៅតែមានតម្រូវការជានិច្ចនៅក្នុងទម្រង់ការងារ ឬដំណាក់កាលណាមួយដែល AI មិនទាន់អាចធ្វើបាន ដែលនេះជាឱកាសសម្រាប់អ្នកក្នុងការការពារអាជីពរបស់ខ្លួន។
ជុំវិញបញ្ហានេះ នាយកប្រតិបត្តិក្រុមហ៊ុន Cloud flare បានសរសេរអត្ថបទមួយចែករំលែកនៅក្នុងសារព័ត៌មាន Wall Street Journal ថា ថ្មីៗនេះលោកបានសម្រេចចិត្តបញ្ឈប់បុគ្គលិកប្រមាណ២០% ដែលភាគច្រើនជាអ្នកវាយតម្លៃ អ្នកគ្រប់គ្រងថ្នាក់កណ្ដាល និងបុគ្គលិកផ្នែកសវនកម្ម ប្រតិបត្តិការ ក៏ដូចជាអ្នកធ្វើការងារដដែលៗតាមទម្លាប់។
ភាពខ្លាំងរបស់បច្ចេកវិទ្យា AI គឺអាចធ្វើការងារដោយមិនចេះនឿយហត់មានឯករាជ្យភាព និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការវាយតម្លៃកិច្ចការងាររបស់ស្ថាប័នបានយ៉ាងលម្អិត និងច្បាស់លាស់ក្នុងកម្រិតមួយ ដែលសូម្បីតែបុគ្គលិកឆ្នើមបំផុតក៏ពិបាកនឹងធ្វើបាន។ តែយ៉ាងណា AI មិនអាចដើរតួជាអ្នកសាងសង់ ឬជាអ្នកចរចាផ្ដាច់មុខក្នុងការលក់ដូរបានឡើយ។ ម្យ៉ាងវិញទៀត វិស័យមួយចំនួនដូចជា ផ្នែកបដិសណ្ឋារកិច្ច ការថែទាំសុខភាព និងការងារសិល្បៈវប្បធម៌ ឬសិប្បកម្មកែច្នៃប្រណីតៗ គឺនៅតែត្រូវការមនុស្សជាចាំបាច់ ដែលអ្នកជំនាញប៉ាន់ប្រមាណថា មនុស្សយន្តត្រូវចំណាយពេលយ៉ាងហោចណាស់១ទសវត្សរ៍ទៀត ទើបអាចមកជំនួសតំណែងទាំងនេះបាន។
លោក ដេវីដ ស្រៃអឺ (David Shrier) សាស្ត្រាចារ្យផ្នែក AI និងនវានុវត្តន៍ នៅមហាវិទ្យាល័យ Imperial College London បានលើកឡើងថា AI មិនសូវពូកែក្នុងការគិតផ្ដួចផ្ដើម ឬបង្កើតគំនិតច្នៃប្រឌិតថ្មីៗពីដំបូងឡើយ ប៉ុន្តែវាបែរជាពូកែយ៉ាងគួរឱ្យភ្ញាក់ផ្អើលក្នុងការពង្រីក និងអភិវឌ្ឍគំនិតច្នៃប្រឌិតដែលមានស្រាប់។ ដូច្នេះយើងនៅតែត្រូវការមនុស្សជាអ្នកផ្ដល់គំនិត បង្កើត Idea និងដាក់បទបញ្ជាឱ្យ AI ធ្វើអ្វីៗតាមដែលយើងចង់បាន។
លោក Shrier បានបន្ថែមថា នៅក្នុងសេណារីយ៉ូដ៏ល្អបំផុតសម្រាប់មនុស្សជាតិ គឺរាល់ភារកិច្ចធម្មតាៗ ឬការងារដដែលៗគួរឱ្យធុញទ្រាន់នាពេលបច្ចុប្បន្ន គួរតែប្រគល់ទៅឱ្យ AI ជាអ្នករ៉ាប់រង។ ចំណែកឯកិច្ចការងារណាដែលថ្មីៗ ប្លែកៗ គួរឱ្យចាប់អារម្មណ៍ និងផ្តល់ប្រាក់ចំណូលបានច្រើន ត្រូវតែរក្សាទុកឱ្យមនុស្សជាអ្នកធ្វើ ដោយមានការជំនួយផ្នែកបច្ចេកទេសខ្លះៗពី AI។
ជាដំបូន្មានចុងក្រោយ ចូរទទួលយក និងរៀនសូត្រពីរបៀបប្រើប្រាស់បច្ចេកវិទ្យា AI ឱ្យកើតជាប្រយោជន៍សម្រាប់ខ្លួនឯង ព្រោះនៅក្នុងពេលឆាប់ៗខាងមុខនេះ AI នឹងក្លាយជាផ្នែកមួយដ៏សំខាន់ និងខ្វះមិនបាននៅក្នុងជីវិតរស់នៅរបស់យើង មិនខុសពីប្រព័ន្ធអ៊ីនធឺណិតនោះឡើយ៕
អត្ថបទៈ សួន ឡង់ទី