បើទោះបីជាលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសដកផែនការទារថ្លៃការពារ២០% ពីនាវាដឹកទំនិញដែលឆ្លងកាត់ច្រកសមុទ្រហ័រម៉ូសក៏ដោយ ប៉ុន្តែការបន្តបាញ់ប្រហារសងសឹកគ្នាទៅវិញទៅមកយ៉ាងចាស់ដៃរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានរុញឱ្យតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ កើនឡើងគួរឱ្យព្រួយបារម្ភ។ អាម៉េរិក បានអះអាងថា ខ្លួនបានវាយកម្ទេចទីតាំងមីស៊ីល យន្តហោះគ្មានមនុស្សបើក គ្រឿងយុទ្ធោបករណ៍ជើងទឹក និងប្រព័ន្ធការពារឆ្នេរសមុទ្ររបស់អ៊ីរ៉ង់ ជាច្រើន ខណៈកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានអះអាងដែរថា ខ្លួនបានវាយប្រហារទៅលើទីតាំងយោធារបស់អាម៉េរិក នៅក្នុងប្រទេសជាច្រើននៅតំបន់មជ្ឈិមបូព៌ា។
តម្លៃប្រេងឆៅនៅលើទីផ្សារសហរដ្ឋអាម៉េរិក បានហក់ឡើងថ្លៃជិត៨០ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅប្រភេទ Brent បានហក់ឡើងដល់ជាង៨៥ដុល្លារក្នុងមួយបារ៉ែល។
ក្រុមអ្នកវិភាគថាមពលបានលើកឡើងថា ការកើនឡើងនៃតម្លៃប្រេងឆៅនៅមួយរយៈចុងក្រោយនេះសបញ្ជាក់ឱ្យឃើញថា ការរំពឹងទុកចង់ឃើញច្រកសមុទ្រហ័រម៉ូស បើកដំណើរការឡើងវិញយ៉ាងឆាប់រហ័សនោះ គឺមិនអាចទៅរួចនោះឡើយ។ ការបិទផ្លូវនៅតំបន់ច្រកសមុទ្រហ័រម៉ូស បានធ្វើឱ្យជម្លោះនេះវិលត្រឡប់មករកគន្លងចាស់ដ៏គ្រោះថ្នាក់ឡើងវិញ។ហើយក្នុងករណីដែលភាពតានតឹងនេះនៅតែបន្តកើនកម្តៅខ្លាំង តម្លៃប្រេងឆៅអាចនឹងស្ទុះឡើងទៅបំបែកកំណត់ត្រា១០០ដុល្លារក្នុងមួយបារ៉ែលនាពេលខាងមុខនេះជាក់ជាមិនខាន។
ជាមួយគ្នានេះដែរ វិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាមិនត្រឹមតែកំពុងបង្កវិបត្តិសន្តិសុខអន្តរជាតិ ប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងធ្វើឱ្យទីផ្សារហិរញ្ញវត្ថុពិភពលោករង្គោះរង្គើយ៉ាងខ្លាំងផងដែរ។ ខណៈការព្រួយបារម្ភអំពីអតិផរណា និងហានិភ័យភូមិសាស្ត្រនយោបាយកាន់តែកើនឡើង វិនិយោគិនជុំវិញពិភពលោកបានសម្រុកកាន់កាប់ប្រាក់ដុល្លារអាម៉េរិក ដែលត្រូវបានចាត់ទុកជាទ្រព្យសកម្មដ៏មានសុវត្ថិភាពក្នុងពេលមានវិបត្តិ។ ជាលទ្ធផលប្រាក់ដុល្លារអាម៉េរិក បានបន្តឡើងថ្លៃបើធៀបនឹងរូបិយប័ណ្ណសំខាន់ៗជាច្រើន និងពង្រឹងឥទ្ធិពលរបស់ខ្លួនលើទីផ្សារហិរញ្ញវត្ថុពិភពលោក។
ក្រុមអ្នកវិភាគបានលើកឡើងថា ការហក់ឡើងតម្លៃប្រាក់ដុល្លារអាម៉េរិក ត្រូវបានជំរុញដោយកត្តាសំខាន់ពីរ គឺភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកាន់តែក្តៅ និងការរំពឹងទុកថា ធនាគារកណ្តាលអាម៉េរិក នឹងបន្តរក្សាអត្រាការប្រាក់ខ្ពស់ក្នុងរយៈពេលយូរ ដើម្បីទប់អតិផរណា។
ក្រុមអ្នកជំនាញក៏បានវាយតម្លៃថា ដរាបណាសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានៅតែកើតមាននោះហានិភ័យអតិផរណា និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកនៅតែបន្ត ហើយប្រាក់ដុល្លារអាម៉េរិកនឹងបន្តរក្សាតួនាទីជារូបិយប័ណ្ណដ៏មានឥទ្ធិពលបំផុត និងជាទ្រព្យសកម្មដ៏មានសុវត្ថិភាពសម្រាប់វិនិយោគិននៅទូទាំងពិភពលោក៕
ដោយៈ សរ សុជាតិ