លោក ត្រាំ បានទាញយកសមិទ្ធផលប្រឆាំងបទល្មើសបច្ចេកវិទ្យានេះ មកធ្វើជាអាវុធយុទ្ធសាស្ត្រ ដើម្បីដណ្ដើមប្រជាប្រិយភាព ស្របពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិនឹងចូលមកដល់នៅខែវិច្ឆិកា ខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ។
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ព្រមទាំងសមាជិកគណៈរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់សន្តិសុខបានជួបប្រជុំគ្នានៅសេតវិមានជុំវិញការបោសសម្អាតឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។ នៅក្នុងជំនួបនោះនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) លោក ខាស ផាថេល (Kash Patel) បានគូសបញ្ជាក់ថា កម្លាំងជំនាញរបស់លោកបានបើកប្រតិបត្តិការបង្ក្រាប និងកម្ទេចសម្បុកប្រតិបត្តិការឆបោកបានចំនួន២០កន្លែងនៅជុំវិញពិភពលោក។
ជុំវិញបញ្ហានេះ លោក ត្រាំ បានសង្កត់ធ្ងន់ថា ប្រតិបត្តិការដ៏ក្តៅគគុករបស់ FBI បានសង្គ្រោះប្រជាជនអាម៉េរិកជាង១០,០០០នាក់ឱ្យរួចផុតពីក្រញ៉ាំដៃក្រុមឧក្រិដ្ឋជន និងបានទប់ស្កាត់ការខាតបង់ថវិកាយ៉ាងតិច១,៦ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ។
តាមរបាយការណ៍ផ្លូវការរបស់ FBI កាលពីឆ្នាំមុនបណ្តឹងផ្លូវច្បាប់ពាក់ព័ន្ធនឹងការឆបោកតាមអ៊ីនធឺណិតមានរហូតដល់ទៅជាង១លានករណី កើនឡើង១៧% បើធៀបនឹងឆ្នាំ២០២៤។ ដើម្បីឆ្លើយតបនឹងវិបត្តិនេះ នៅក្នុងបទបញ្ជាប្រតិបត្តិមួយកាលពីខែមីនា លោក ត្រាំ បានបង្គាប់ឱ្យក្រសួងយុត្តិធម៌តម្រង់ទិសដៅវាយប្រហារលើក្រុមឆបោកអនឡាញជាអាទិភាព ព្រមទាំងបញ្ជាឱ្យក្រសួងសន្តិសុខមាតុភូមិចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឯកជន ដើម្បីតាមដាន និងកម្ទេចបណ្តាញ Hacker បរទេសឱ្យដល់ឫសគល់។
យ៉ាងណាមិញ ការលើកឡើងពីភាពជោគជ័យ នៃការបង្ក្រាបបណ្តាញឧក្រិដ្ឋជនសកលរបស់លោក ត្រាំ នៅពេលនេះ ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រនយោបាយរបស់លោក ដូណាល់ ត្រាំ ក្នុងការស្តារប្រជាប្រិយភាពឡើងវិញ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី៣ ខែវិច្ឆិកា។ អ្នកវិភាគជាច្រើនយល់ឃើញថា គណបក្សសាធារណរដ្ឋកំពុងប្រឈមនឹងហានិភ័យខ្ពស់ក្នុងការបាត់បង់អាសនៈគ្របដណ្តប់ក្នុងសភា ខណៈលទ្ធផលស្ទង់មតិបង្ហាញថា កង្វល់ចម្បងបំផុតរបស់ពលរដ្ឋអាម៉េរិកនាពេលនេះ គឺបញ្ហាការកើនឡើងតម្លៃរស់នៅ និងជីវភាពប្រចាំថ្ងៃតែប៉ុណ្ណោះ៕