អាវុធនុយក្លេអ៊ែ

ឆត្រឃុំគ្រងនុយក្លេអ៊ែរបស់អាម៉េរិក កំពុងរហែក ជំរុញឱ្យសម្ពន្ធមិត្តប្រឹងអភិវឌ្ឍន៍ខ្លួនឯង ធ្វើឱ្យហានិភ័យនុយក្លេអ៊ែកើនឡើង


ជាច្រើនទសវត្សរ៍មកនេះ បណ្តាប្រទេសសម្ពន្ធមិត្តរបស់សហរដ្ឋអាម៉េរិក ទូទាំងពិភពលោកបានជ្រកកោនយ៉ាងកក់ក្ដៅក្រោមឆត្រការពារនុយក្លេអ៊ែ របស់ក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែបច្ចុប្បន្ន ទំនុកចិត្ត និងសន្តិសុខដ៏រឹងមាំនេះកំពុងតែរង្គោះរង្គើ និងរលាយបាត់យ៉ាងឆាប់រហ័ស។
អាវុធនុយក្លេអ៊ែ
ដោយ

បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានកែប្រែយុទ្ធសាស្ត្រការពារជាតិចុងក្រោយ ដោយលុបចោលការធានាលើកិច្ចការពាររារាំងអាវុធនុយក្លេអ៊ែ និងបានដាក់សម្ពាធឱ្យក្រុមសម្ពន្ធមិត្តបង្កើនកញ្ចប់ថវិកាការពារជាតិ ដោយខ្លួនឯង ដែលជាសញ្ញាអាសន្នរុញច្រានពិភពលោកឱ្យឈានចូលទៅរកការប្រកួតប្រជែងសព្វាវុធនុយក្លេអ៊ែជាថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
ការកែប្រែយុទ្ធសាស្ត្រការពារជាតិរបស់អាម៉េរិក នៅមួយរយៈចុងក្រោយ ជាពិសេសបន្ទាប់ពីផ្ទុះសង្គ្រាមនៅអ៊ីរ៉ង់ បានធ្វើឱ្យក្រុមប្រទេសសម្ពន្ធមិត្តមើលឃើញថា សហរដ្ឋអាម៉េរិក លែងជាខែលការពារដ៏គួរឱ្យទុកចិត្ត ដូចមុនទៀតហើយ។ កត្តានេះបានជំរុញឱ្យប្រទេសជាសម្ពន្ធមិត្តជាច្រើនដូចជាបារាំង ជប៉ុន និងកូរ៉េខាងត្បូងជាដើមចាប់ផ្តើមបង្កើនសមត្ថភាពស្វយ័ត និងពិចារណាលើការបង្កើតអាវុធនុយក្លេអ៊ែផ្ទាល់ខ្លួន ដែលជាហេតុធ្វើឱ្យសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែឈានទៅរកភាពចុះទ្រុឌទ្រោម និងបង្កើតហានិភ័យ នៃការគណនាខុសផ្នែកយុទ្ធសាស្ត្រ។
លោក អានឃីត ផានដា (Ankit Panda) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Carnegie បានកត់សម្គាល់ថា សម្ពន្ធមិត្តទាំងឡាយកំពុងស្វែងរកស្វ័យភាពយុទ្ធសាស្ត្រដោយខ្លួនឯង។ ជាក់ស្តែងដូចជាប្រទេសកូរ៉េខាងត្បូងជាដើម ត្រូវបានអាម៉េរិក កាត់បន្ថយការធ្វើសមយុទ្ធរួមគ្នា និងបើកផ្លូវឱ្យមានការពិភាក្សាស្តីពី ការធ្វើសមាសភាគ និងការកែច្នៃសារធាតុនុយក្លេអ៊ែសន្តិវិធី ខណៈដែលកាលពីដើមខែមុន អារ៉ាប៊ីសាអូឌីត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែស៊ីវិលជាមួយអាម៉េរិក ដែលអាចបើកផ្លូវឱ្យមានការធ្វើសមាសភាគសារធាតុនុយក្លេអ៊ែក្នុងប្រទេសបាន។
ជាមួយគ្នានេះ បណ្ដាប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុប និងអាស៊ី បានបង្ហាញប្រតិកម្មឆ្លើយតបចំពោះបញ្ហានេះ ដោយរដ្ឋាភិបាល នៃប្រទេសជាច្រើនកំពុងកែសម្រួលយុទ្ធសាស្ត្រការពារជាតិ ដើម្បីការពារខ្លួន។ ជាក់ស្តែងនៅក្នុងប្រទេសបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសបង្កើនក្បាលគ្រាប់នុយក្លេអ៊ែដំបូងបង្អស់ចាប់តាំងពីឆ្នាំ១៩៩២ និងបានបង្កើតដៃគូការពារជួរមុខ ដើម្បីពង្រីកឆត្រការពារទៅកាន់ប្រទេសអឺរ៉ុបផ្សេងទៀត ដែលរួមទាំងអាល្លឺម៉ង់ និងក្រិកផងដែរ។
ចំណែកឯនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) ក៏បានបង្ហាញជំហររក្សាទុកការអភិវឌ្ឍគោលការណ៍អរូបីនុយក្លេអ៊ែទាំង៣របស់ខ្លួន ដែលធ្វើឱ្យមានការរំពឹងទុកថា នឹងមានការផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែដែលមានរាប់សិបឆ្នាំមកហើយ ខណៈដែលប្រទេស លីទុយអានី និងហ្វាំងឡង់ កំពុងត្រៀមលុបចោលបម្រាមលើការដាក់ពង្រាយអាវុធនុយក្លេអ៊ែក្នុងប្រទេសដោយសារតែមានព្រំដែនជាប់ប្រទេសរុស្ស៊ី។
លោក អាន់តូនីអូ ហ្គោទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិបានព្រមានថា សន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែកំពុងធ្លាក់ចុះទ្រុឌទ្រោមដោយសារតែការរំលោភបំពាន ក្រោយពីការត្រួតពិនិត្យឡើងវិញកាលពីខែឧសភា នៅ UN មិនអាចស្វែងរកកិច្ចព្រមព្រៀងរួមបាន ខណៈដែលមហាអំណាចនុយក្លេអ៊ែទាំង៩ ដែលមានអាម៉េរិក រុស្ស៊ី ចិន អង់គ្លេស បារាំង ឥណ្ឌា ប៉ាគីស្ថាន កូរ៉េខាងជើង និងអ៊ីស្រាអែលកំពុងបន្តធ្វើទំនើបកម្ម និងពង្រីកសព្វាវុធរបស់ពួកគេយ៉ាងលួចលាក់ និងឥតឈប់ឈរ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ក្រុមហ៊ុន Meta ប្រឈមការពិន័យ២០០ពាន់លានដុល្លារក្រោយរងការចោទប្រកាន់ថា ធ្វើឱ្យកុមារញៀនបណ្ដាញសង្គម

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាម៉េរិក Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram កំពុងប្រឈមក្ដីក្ដាំផ្លូវច្បាប់ដ៏ធំមិនធ្លាប់​មាន ដោយរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ