យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក ថម អ៊ែនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៣១ ខែកក្ដកា ថា ក្នុងចំណោមជនភៀសសឹកកម្ពុជា ប្រមាណ៦៥០,០០០នាក់ ដែលបានរត់គេចពីគ្រាប់កាំភ្លើងកាលពីចុងឆ្នាំមុន មានពលរដ្ឋជាង២០,០០០នាក់ទៀត ត្រូវបាត់បង់សិទ្ធិរស់នៅក្នុងផ្ទះរបស់ខ្លួន ដោយសារតែភូមិករ និងតំបន់រស់នៅរបស់ពួកគេត្រូវបានកងទ័ពថៃ រាយបន្លាលួស និងដាក់ទូកុងតឺន័រព័ទ្ធកាន់កាប់ និងគ្រប់គ្រងដោយខុសច្បាប់។
លោក អ៊ែនឌ្រូ បានសង្កត់ធ្ងន់បែបដាស់តឿនដល់រដ្ឋាភិបាលថៃ ថា ផ្អែកលើច្បាប់អន្តរជាតិពលរដ្ឋស៊ីវិល ដែលភៀសខ្លួនដោយសារសង្គ្រាមមានសិទ្ធិអំណាចពេញលេញក្នុងការត្រឡប់ទៅផ្ទះសំបែងដើមរបស់ពួកគេវិញនៅពេលការប្រយុទ្ធគ្នាបានបញ្ចប់។ ប៉ុន្តែផ្ទុយទៅវិញ ប្រទេសថៃ បានប្រើប្រាស់កិច្ចព្រមព្រៀងឈប់បាញ់មកធ្វើជាលេសបាំងមុខ ដើម្បីបដិសេធការចោទប្រកាន់ពីបទរំលោភកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ បើទោះបីជាការបន្តបិទច្រកព្រំដែនជាឯកតោភាគីនេះ កំពុងសម្លាប់សេដ្ឋកិច្ច និងឆក់ប្លន់ឆ្នាំងបាយរបស់ប្រជាសហគមន៍ព្រំដែន ដែលពឹងផ្អែកលើការជួញដូរកសិផលរាល់ថ្ងៃក៏ដោយ។
ក្រៅពីវិបត្តិព្រំដែនដែលបង្កដោយប្រទេសជិតខាង លោក Andrews ក៏បានលើកឡើងពីបញ្ហាការបោសសម្អាតការឆបោកតាមអនឡាញនៅកម្ពុជា ផងដែរ។ អ្នកជំនាញរូបនេះបានទទួលស្គាល់ និងសរសើរដល់ចំណាត់ការក្តៅរបស់អាជ្ញាធរកម្ពុជា ក្នុងការបង្ក្រាបទីតាំងឆបោកជាង៦០០កន្លែង ដកហូតអាជ្ញាបណ្ណកាស៊ីណូ២៩កន្លែង និងចាប់បញ្ជូនជនល្មើសជិត៣,០០០នាក់ទៅផ្តន្ទាទោស។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកម្ពុជា នៅមិនទាន់ហ៊ានប៉ះពាល់ ឬចាត់វិធានការផ្លូវច្បាប់លើមន្ត្រីជាន់ខ្ពស់ និងបុគ្គលមានឥទ្ធិពល ដែលកំពុងឈរនៅពីក្រោយ និងកាងក្បាលម៉ាស៊ីនឧក្រិដ្ឋកម្មឆ្លងដែនទាំងនេះនៅឡើយទេ៕
អត្ថបទៈ សួន ឡង់ទី