កំណើនដ៏ទាក់ទាញនេះ ត្រូវជំរុញដោយកត្តាសំខាន់ៗជាច្រើន រួមមាន យុទ្ធនាការទស្សនាម៉ាឡេស៊ី ឆ្នាំ២០២៦, ការតភ្ជាប់ជើងហោះហើរ និងការធ្វើដំណើរក្នុងតំបន់កាន់តែប្រសើរ, គំនិតផ្តួចផ្តើមលើកកម្ពស់ទេសចរណ៍ក្នុងស្រុក, ការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ ព្រមទាំងការបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗប្រកបដោយភាពសម្បូរបែបនៅទូទាំងប្រទេស។
ប្រភពចំណូល និងកំណើនដ៏ធំធេងនេះ ភាគច្រើនបានមកពីទីផ្សារអាស៊ាន ដែលក្តោបក្តាប់រហូតដល់ជិត៧៣% នៃចំនួនភ្ញៀវទេសចរសរុប ក្នុងនោះប្រទេសសិង្ហបុរី នៅតែជាប្រភពទីផ្សារធំបំផុតដោយមានកំណើន៤,៤%។ អ្វីដែលកាន់តែលេចធ្លោនោះ គឺទីផ្សារទេសចរណ៍ថ្មីៗបានបំបែកកំណត់ត្រាកើនឡើងយ៉ាងគំហុក ក្នុងនោះភ្ញៀវទេសចរមកពីកម្ពុជា កើនឡើងរហូតដល់ជាង៥២%, មីយ៉ាន់ម៉ាកើន ឡើងជិត៤៦% និងឡាវ កើនឡើងជាង២៥%។
ដោយឡែក ទីផ្សារប្រពៃណីសំខាន់ៗដូចជា សិង្ហបុរី ឥណ្ឌូនេស៊ី និងចិន នៅតែជាសសរទ្រទ្រង់ដ៏រឹងមាំ ដោយចំនួនភ្ញៀវចិន បន្តកើនឡើងជាលំដាប់ ដោយសារទទួលបានផ្លែផ្កាពីគោលនយោបាយលើកលែងទិដ្ឋាការ និងការផ្សព្វផ្សាយទេសចរណ៍យ៉ាងសកម្ម។ ក្រឡេកទៅមើលបណ្តាប្រទេសជិតខាងក្នុងតំបន់វិញ ប្រទេសថៃ ដែលជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ល្បីល្បាញទទួលបានភ្ញៀវបរទេសជាង១៦លាននាក់ នៅឆមាសទី១ ឆ្នាំនេះ ធ្លាក់ចុះជាង៣% បើធៀបនឹងឆ្នាំមុន។ វៀតណាម ទទួលបានភ្ញៀវអន្តរជាតិជាង១២លាននាក់ កើនឡើងជិត១៥%។ ចំណែកប្រទេសសិង្ហបុរី ទទួលបានជាង៨លាននាក់ ធ្លាក់ចុះជិត២% ដោយសារតែការថយចុះនៃចំនួនភ្ញៀវមកពីទីផ្សារសំខាន់ៗ ដូចជាឥណ្ឌូនេស៊ី និងឥណ្ឌា៕