ក្នុងបរិបទនេះអ្នកជំនាញអន្តរជាតិ ជំរុញឱ្យបណ្តាប្រទេសនៅតំបន់អាស៊ី រួមគ្នាបង្កើតប្រព័ន្ធសន្តិសុខថាមពលរបស់ខ្លួន ដើម្បីទប់ស្កាត់កុំឱ្យវិបត្តិថាមពលក្លាយជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Business Times។
តំបន់អាស៊ីកំពុងរងសម្ពាធកាន់តែខ្លាំងពីវិបត្តិថាមពលនៅតំបន់មជ្ឈិមបូព៌ា ដោយសារប្រទេសជាច្រើនពឹងផ្អែកលើប្រេងឥន្ធនៈ និងឧស្ម័នពីតំបន់នេះ។ មុនពេលសង្គ្រាមអ៊ីរ៉ង់ផ្ទុះឡើងជប៉ុនពឹងផ្អែកលើប្រេងពីមជ្ឈិមបូព៌ារហូតដល់៩៤% ខណៈហ្វីលីពីន ពឹងផ្អែក៩៧% វៀតណាម ៨៧% ថៃ ៧៤% និងកូរ៉េខាងត្បូង ៦៩%។ ចំណែកឥណ្ឌា ពឹងផ្អែកលើការនាំចូលឧស្ម័នធម្មជាតិរាវ LPG ប្រមាណ៦០% ហើយ ៩០% នៃការនាំចូលនេះត្រូវដឹកឆ្លងកាត់ច្រកសមុទ្រ Hormuz។
សម្រាប់កម្ពុជា បញ្ហាសន្តិសុខថាមពល ក៏មិនអាចមើលរំលងនោះដែរ។ តាមទិន្នន័យដែល Business Times បានលើកឡើង កម្ពុជា មានស្តុកប្រេងប្រមាណ៣០ថ្ងៃ ខណៈវៀតណាម មាន៦៥ថ្ងៃ ឥណ្ឌូនេស៊ី មាន២៥ថ្ងៃ និងឡាវ មាន៤០ថ្ងៃ។ នេះបង្ហាញថា ប្រទេសក្នុងតំបន់នៅតែត្រូវការពង្រឹងសមត្ថភាពស្តុកថាមពលបម្រុង ដើម្បីទប់ទល់នឹងការរំខាននៃការផ្គត់ផ្គង់។
ដើម្បីដោះស្រាយបញ្ហានេះ ឥណ្ឌា និងជប៉ុន កំពុងជំរុញកិច្ចសហប្រតិបត្តិការលើសន្តិសុខថាមពល រួមទាំងការបង្កើនស្តុកប្រេងបម្រុង និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់។ នៅអាស៊ីអាគ្នេយ៍គម្រោងបណ្តាញអគ្គិសនីអាស៊ាន ក៏កំពុងដើរតួនាទីសំខាន់ផងដែរ ដោយតភ្ជាប់បណ្តាញអគ្គិសនីរវាងប្រទេសក្នុងតំបន់ និងអនុញ្ញាតឱ្យប្រទេសនានា ចែករំលែកថាមពលគ្នានៅពេលមានវិបត្តិ។
លោក តាតស៊ូយ៉ា តេរ៉ាហ្សាវ៉ា (Tatsuya Terazawa) ប្រធានវិទ្យាស្ថានសេដ្ឋកិច្ចថាមពល នៃប្រទេសជប៉ុន និងបណ្ឌិត អារុនណាបា ហ្គោស (Arunabha Ghosh) ស្ថាបនិក និងជាអតីតនាយកប្រតិបត្តិនៃក្រុមប្រឹក្សាថាមពល បរិស្ថាន និងទឹកបានស្នើឱ្យអាស៊ីបង្កើតប្រព័ន្ធសន្តិសុខថាមពលរួម ដែលផ្តោតលើ ៤ចំណុច រួមមាន បង្កើនស្តុកថាមពលបម្រុង, ពង្រឹងការផ្គត់ផ្គង់ប្រេង និងឧស្ម័ន, បង្កើនការតភ្ជាប់បណ្តាញអគ្គិសនី និងបង្កើតយន្តការជួយគ្នាទៅវិញទៅមកនៅពេលមានវិបត្តិ។
សម្រាប់កម្ពុជា កិច្ចសហប្រតិបត្តិការថាមពលក្នុងតំបន់ និងគម្រោងបណ្តាញអគ្គិសនីអាស៊ានអាចក្លាយជាផ្នែកសំខាន់មួយក្នុងការពង្រឹងសន្តិសុខថាមពល និងកាត់បន្ថយហានិភ័យពីការរំខាននៃការផ្គត់ផ្គង់ថាមពល។ អ្នកជំនាញថា ជាដំណោះស្រាយ គឺអាស៊ីត្រូវផ្លាស់ប្តូរពីការដោះស្រាយវិបត្តិរៀងៗខ្លួនទៅជាប្រព័ន្ធសន្តិសុខថាមពលក្នុងតំបន់ ដែលអាចការពារសេដ្ឋកិច្ច និងប្រជាជនបានកាន់តែប្រសើរ៕
ដោយ: តែម សុខុម