មេដឹកនាំពិភពលោក

មេដឹកនាំពិភពលោកនឹងជួបគ្នានៅមហាសន្និបាតអង្គការសហប្រជាជាតិ ចំពេលសណ្តាប់ធ្នាប់ពិភពលោកកំពុងរង្គោះរង្គើ


មេដឹកនាំពិភពលោកនឹងប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉ក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ចំពេលសណ្តាប់ធ្នាប់សកលកំពុងរង្គោះរង្គើខ្លាំង។ ក្រសែភ្នែកអន្តរជាតិ កំពុងសម្លឹងមើលយ៉ាងអន្ទះសារទៅលើជំនួបនេះ ជាពិសេសការថ្លែងសុន្ទរកថារបស់លោក ដូណាល់ ត្រាំ នៅថ្ងៃទី២២ ខែកញ្ញា ខណៈរបៀបវារៈក្តៅៗនឹងផ្តោតលើការរីករាលដាលនៃជម្លោះនៅមជ្ឈិមបូព៌ា សង្គ្រាមនៅអ៊ុយក្រែនដ៏អូសបន្លាយ និងហានិភ័យ នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
មេដឹកនាំពិភពលោក
ដោយ

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃទី២០ ខែកញ្ញា ថា ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជិត១៣០រូបនឹងមកជុំគ្នានៅក្នុងមហាសន្និបាតអង្គការសហប្រជាតិ ខណៈដែលសណ្តាប់ធ្នាប់ពិភពលោកក្រោយសង្គ្រាមលោកលើកទី២កំពុងដុនដាបយ៉ាងធ្ងន់ធ្ងរ។ សូម្បីតែអង្គការសហប្រជាជាតិខ្លួនឯង ក៏កំពុងតស៊ូយ៉ាងលំបាកដើម្បីរក្សាឥទ្ធិពលរបស់ខ្លួន បន្ទាប់ពីរងការវាយប្រហារផ្នែកនយោបាយយ៉ាងចាស់ដៃពីលោក ដូណាល់ ត្រាំ ដែលបានកាត់បន្ថយថវិកាសហការ និងដកអាម៉េរិកចេញពីស្ថាប័នចំណុះជាច្រើន។
ដោយឡែកប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងអវត្តមានពីជំនួបនៅញូវយ៉កលើកនេះ ដោយលោកបានជ្រើសរើសជំនួបកំពូលទ្វេភាគីជាមួយលោក ត្រាំ នៅរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី២៤ ខែកញ្ញា ជំនួសវិញ។ ការអវត្តមានរបស់មេដឹកនាំចិនរូបនេះបានបង្កជាការចោទសួរ និងការពិភាក្សាយ៉ាងក្តៅគគុកអំពីទម្ងន់ និងឥទ្ធិពលរបស់ UN ក្នុងការដោះស្រាយវិបត្តិសកលលោក។

បន្ថែមលើវិបត្តិនយោបាយ UN ក៏កំពុងប្រឈមនឹងវិបត្តិទំនុកចិត្ត និងហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរជុំវិញសំណួរថា តើនរណានឹងមកបន្តវេនដឹកនាំស្ថាប័ន ដែលមានអាយុកាល៨០ឆ្នាំមួយនេះ? ខណៈអគ្គលេខាធិការលោក អង់តូញ៉ូ ហ្គូទែរ៉េស (Antonio Guterres) ត្រូវបញ្ចប់អាណត្តិនៅចុងឆ្នាំ២០២៦ នេះ ហើយរហូតមកទល់ពេលនេះគេនៅមិនទាន់ឃើញបេក្ខភាពលេចធ្លោណាម្នាក់ឡើងមកប្រកួតប្រជែងនៅឡើយ។
ក្រៅពីជំនួបពេញអង្គ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានសមាជិក១៥ប្រទេសគ្រោងនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់មួយលើសំណុំរឿងអ៊ុយក្រែន ហានិភ័យ AI និងសង្គ្រាមនៅមជ្ឈិមបូព៌ា។ អង្គការពិភពលោកមួយនេះបានប្រកាសអាសន្នភ្លាមៗ បន្ទាប់ពីមេដឹកនាំបច្ចេកវិទ្យា AI កំពូលៗបានព្រមានរួមគ្នាឱ្យមានការកាត់បន្ថយល្បឿនអភិវឌ្ឍ ដោយបារម្ភថា ការអភិវឌ្ឍ AI អាចរត់ផុតពីការគ្រប់គ្រងរបស់មនុស្សជាតិ។
បញ្ហាការឡើងកម្តៅក្នុងជម្លោះនៅមជ្ឈិមបូព៌ានៅតែជាកង្វល់របស់មេដឹកនាំពិភពលោក ដោយសារសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់កំពុងរុញច្រានអតិផរណាសកលឱ្យហក់ឡើង និងបំផ្លាញស្ថិរភាពតំបន់។ ជាមួយគ្នានេះការវាយលុកសាជាថ្មីរបស់ក្រុមសកម្មប្រយុទ្ធ ហួធី កំពុងគំរាមកំហែងដល់ច្រកផ្លូវនាវាចរណ៍ ប៉ាបអែល មេនដេប (Bab el-Mandeb) ដែលអាចធ្វើឱ្យតម្លៃថាមពលពិភពលោកស្ទុះហក់ឡើងជាថ្មី។
ចំពោះវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបានអូសបន្លាយជាង៤ឆ្នាំមកនេះ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡារ៉ូវ (Sergei Lavrov) នឹងឡើងថ្លែងសារប្រឈមមុខគ្នានៅក្នុងមហាសន្និបាតនេះ។ យ៉ាងណាមិញក្រុមប្រឹក្សាសន្តិសុខនៅតែបន្តទាល់ច្រកមិនអាចចេញវិធានការទប់ស្កាត់សង្គ្រាមនេះបានឡើយ ដោយសាររុស្ស៊ីកាន់អំណាចវ៉េតូនៅក្នុងដៃ។
យ៉ាងណាមិញអគ្គលេខាធិការអង្គការសហប្រជាជាតិបានគូសបញ្ជាក់ពីផលប៉ះពាល់ដ៏អាក្រក់នៃសង្គ្រាមនេះទៅលើជនស៊ីវិល សន្តិសុខស្បៀង និងតម្លៃថាមពល។ លោកបានសង្កត់ធ្ងន់ថា ការបិទផ្លូវសមុទ្រខ្មៅកំពុងបង្កជាសោកនាដកម្មសេដ្ឋកិច្ចបន្ថែមលើវិបត្តិមជ្ឈិមបូព៌ា ហើយការស្វែងរកច្រកសុវត្ថិភាព ដើម្បីនាំចេញគ្រាប់ធញ្ញជាតិ ជី និងថាមពលរបស់អ៊ុយក្រែន និងរុស្ស៊ីឡើងវិញ គឺជាភារកិច្ចបន្ទាន់បំផុតដែលមិនអាចពន្យារពេលបានឡើយ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


លោក អានុទីន ចេញទៅទីក្រុងញូវយ៉កជាមួយក្តីបារម្ភខ្លាចកម្ពុជាបកអាក្រាតទង្វើឈ្លានពានក្នុងមហាសន្និបាទអង្គការសហប្រជាជាតិ

នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល ត្រូវបានគេទម្លាយថា បានហោះចាកចេញពីទីក្រុងបាងកកឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក ដើម្បីចូលរួមមហាសន្និបាតអ…

តើការដាក់ធនាគារ ឈីហ្វ ឱ្យស្ថិតក្រោមអភិបាលកិច្ចបណ្តោះអាសន្នវាបានបង្ហាញពីការធ្លាក់ចុះសុខភាពក្នុងវិស័យហិរញ្ញវត្ថុឬយ៉ាងណា?

បន្ទាប់ពីបានសម្រេចដកអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីគ្រឹះស្ថានធនាគារពាណិជ្ជមួយចំនួនជាបន្តបន្ទាប់ ធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ធនាគារពាណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ