នាវាផ្ទុកយន្តហោះ USS Abraham Lincoln គ្រោងនឹងចូលចតនៅកំពង់ផែ Laem Chabang ក្បែរប៉ាត់តាយ៉ា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ រួមជាមួយនាវាកងទ័ពជើងទឹកអាម៉េរិកពីរគ្រឿងទៀត។ ដំណើរឈប់សំចតនេះនឹងនាំនាវិក និងទាហានម៉ារីន ជិត៥,០០០នាក់មកសម្រាក បន្ទាប់ពីបំពេញបេសកកម្មនៅលើសមុទ្រអស់រយៈពេលជាង២០០ថ្ងៃ។ មន្ត្រីនៅប៉ាត់តាយ៉ា សង្ឃឹមថា ការមកដល់របស់កងទ័ពអាម៉េរិក នឹងជួយចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងវិស័យទេសចរណ៍ ដែលកំពុងជួបការលំបាក។ អភិបាលក្រុងប៉ាត់តាយ៉ា បានប៉ាន់ប្រមាណថា ទាហានអាម៉េរិកម្នាក់ៗអាចនឹងចាយប្រមាណ ៣០ដុល្លារទៅ៩០ដុល្លារក្នុងមួយថ្ងៃអាស្រ័យលើរយៈពេលស្នាក់នៅ។
ប៉ុន្តែទន្ទឹមនឹងក្តីសង្ឃឹមផ្នែកសេដ្ឋកិច្ច អាជ្ញាធរថៃ ក៏កំពុងព្រួយបារម្ភអំពីការកើនឡើងនៃសកម្មភាពពាក់ព័ន្ធការរកស៊ីផ្លូវភេទ។ ប៉ូលិសថៃ បានបង្កើនការល្បាតនៅតំបន់ឆ្នេរ និងតំបន់កម្សាន្តពេលរាត្រី ខណៈការបង្ក្រាបកាលពីចុងសប្តាហ៍មុន បានឃាត់ខ្លួនមនុស្សប្រមាណពី៤០ទៅ៥០នាក់ ដែលសង្ស័យពាក់ព័ន្ធនឹងការរកស៊ីផ្លូវភេទ។ ការរកស៊ីផ្លូវភេទ គឺខុសច្បាប់នៅប្រទេសថៃ ប៉ុន្តែវានៅតែបន្តកើតមានយ៉ាងបើកចំហនៅតំបន់ទេសចរណ៍សំខាន់ៗដូចជា ប៉ាត់តាយ៉ា។ អ្នកជំនាញព្រមានថា ការហូរចូលរបស់ភ្ញៀវបរទេសរាប់ពាន់នាក់អាចបង្កើនហានិភ័យ នៃការកេងប្រវ័ញ្ចផ្លូវភេទ និងការឆ្លងជំងឺតាមផ្លូវភេទ។
សម្រាប់អាជីវកម្មដែលកំពុងជួបការលំបាក ដំណើរឈប់សំចតរបស់នាវា USS Abraham Lincoln គឺជាក្តីសង្ឃឹមថ្មី ប៉ុន្តែសម្រាប់អាជ្ញាធរថៃ វាក៏ជាការសាកល្បងដ៏ធំមួយថា តើប៉ាត់តាយ៉ា អាចទាញយកផលប្រយោជន៍សេដ្ឋកិច្ចពីដំណើររបស់កងទ័ពអាម៉េរិក ដោយមិនធ្វើឱ្យបញ្ហាទេសចរណ៍ផ្លូវភេទកាន់តែរីករាលដាលបាន ដែរឬយ៉ាងណា៕
ដោយ: តែម សុខុម