​​​​​​​​ វិស័យអាកាសចរណ៍

ក្រុមហ៊ុនអាកាសចរណ៍ចិន ធំៗ៣ រងការខាតបង់ជាង១ពាន់លានដុល្លារ ដោយសារសង្គ្រាមអ៊ីរ៉ង់


ក្រុមហ៊ុនអាកាសចរណ៍រដ្ឋទាំង៣របស់ចិន បានរាយការណ៍ពីការខាតបង់ថវិកាយ៉ាងធ្ងន់ធ្ងរនៅឆមាសទី១ ឆ្នាំ២០២៦ នេះ ដែលជាការខាតបង់ប្រចាំឆមាសក្នុងរយៈពេល៧ឆ្នាំជាប់ៗគ្នា។ វិបត្តិនេះកើតឡើងក្រោយការហក់ឡើងកំហុកនៃតម្លៃប្រេងសាំងយន្តហោះ ខណៈទស្សនវិស័យសេដ្ឋកិច្ចសម្រាប់រយៈពេលនៅសល់នៃឆ្នាំនេះ នៅតែស្ថិតក្នុងភាពស្រពេចស្រពិល ដោយសាររដូវកាលទេសចរណ៍នារដូវក្តៅគ្មានសញ្ញាកើនឡើងទាល់តែសោះ។ តើការខាតបង់នេះបានបង្ហាញសញ្ញាយ៉ាងណាពីវិស័យអាកាសចរណ៍ចិន?
​​​​​​​​ វិស័យអាកាសចរណ៍
ដោយ

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃទី៣១ ខែសីហា ថា ក្រុមហ៊ុនអាកាសចរណ៍រដ្ឋទាំង៣របស់ចិន រួមមាន Air China, China Eastern Airlines និង China Southern Airlines បានខាតបង់រហូតដល់ទៅជាង៨ពាន់លានយន់ ឬជាង១,២ពាន់លានដុល្លារអាម៉េរិកនៅឆមាសទី១ ឆ្នាំនេះ។ ការខាតបង់ដ៏ធ្ងន់ធ្ងរនេះ គឺជាការប្រែប្រួលភ្លាមៗ បើធៀបនឹងប្រាក់ចំណេញជាង៧១៧លានដុល្លារ កាលពីត្រីមាសទី១ ដែលកាលណោះទទួលបានការគាំទ្រពីកំណើនតម្រូវការធ្វើដំណើរយ៉ាងកំហុកក្នុងអំឡុងបុណ្យចូលឆ្នាំចិន។ ផលប៉ះពាល់នេះបានទាញទម្លាក់តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនយក្សទាំង៣ ឱ្យដាំក្បាលចុះភ្លាមៗ នៅក្នុងទីផ្សារជួញដូរភាគហ៊ុនចិនដីគោក និងហុងកុង នៅថ្ងៃទី៣១ ខែសីហា។
ក្នុងនោះ ក្រុមហ៊ុន Air China បានខាតបង់ច្រើនជាងគេរហូតដល់ជិត៦៤០លានដុល្លារកើនឡើងពីជាង២៦៩លានដុល្លារ ដែលបានខាតបង់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈក្រុមហ៊ុន China Eastern Airlines: ខាតបង់ជាង៣២៧លានដុល្លារ និងក្រុមហ៊ុន China Southern Airlines ខាតបង់ជាង៥៥០លានដុល្លារ។
លទ្ធផលដ៏សោកសៅនេះ បានរំលេចឱ្យឃើញយ៉ាងច្បាស់ពីភាពផុយស្រួយ នៃវិស័យអាកាសចរណ៍ចិន ក្នុងដំណាក់កាលស្តារឡើងវិញក្រោយវិបត្តិជំងឺរាតត្បាត។ ក្រុមហ៊ុន China Eastern បានលើកឡើងថា បរិយាកាសប្រាក់ចំណេញត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសារការរំខាននៃជើងហោះហើរអន្តរជាតិ និងតម្លៃប្រេងសាំងយន្តហោះដែលបន្តហក់ឡើងខ្ពស់ ក្រោមឥទ្ធិពលនៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា។
ការចំណាយលើប្រេងឥន្ធនៈរបស់ក្រុមហ៊ុននីមួយៗបានកើនឡើងចន្លោះពី៣៥% ទៅ៣៨% ក្នុងឆមាសទី១ ឆ្នាំនេះ។ ក្រុមអ្នកវិភាគបានគូសបញ្ជាក់ថា បើទោះបីជាតម្លៃប្រេងសាំងយន្តហោះបានថមថយបន្តិច ពីកម្រិតកំពូលកាលពីត្រីមាសទី២ ក៏ដោយ ក៏ថ្លៃដើមបច្ចុប្បន្ននៅតែខ្ពស់ជាងកម្រិតមុនផ្ទុះសង្គ្រាមលើសពី៥០% ដដែល។
អ្នកវិភាគរបស់ធនាគារ HSBC បានកែសម្រួលការព្យាកររបស់ខ្លួនថា ក្រុមហ៊ុនអាកាសចរណ៍រដ្ឋទាំង៣របស់ចិន អាចនឹងរងការខាតបង់រួមគ្នាសរុបរហូតដល់២,៥ពាន់លានដុល្លារនៅពេញមួយឆ្នាំ២០២៦។ ការព្យាករណ៍នេះវាផ្ទុយពីអ្វី ដែលទីផ្សារធ្លាប់បានរំពឹងទុកកាលពីមុនថា ក្រុមហ៊ុនទាំង៣នឹងអាចប្រមូលប្រាក់ចំណេញរួមគ្នាបានប្រមាណ១៩៣លានដុល្លារ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


កសិករវៀតណាម កំពុងប្ដូរពីដំណាំកាហ្វេទៅដាំទុរេន ក្រោយមានតម្រូវការខ្ពស់ពីទីផ្សារចិន

តំបន់ខ្ពង់រាបកណ្តាលនៃប្រទេសវៀតណាម ត្រូវបានគេស្គាល់ថា ជាជង្រុកកាហ្វេដ៏ធំមួយ ដែលផលិតគ្រាប់កាហ្វេបានរហូតដល់ទៅ១ភាគ៦ នៃទិន្នផលសរុបនៅលើពិភពល…

ការចូលចតរបស់នាវាផ្ទុកយន្តហោះអាម៉េរិក នៅប៉ាតាយ៉ា បានផ្តល់ក្តីសង្ឃឹមសេដ្ឋកិច្ច តែបង្កក្តីបារម្ភពីទេសចរណ៍ផ្លូវភេទ

ដំណើរឈប់សំចតរបស់នាវាផ្ទុកយន្តហោះអាម៉េរិក USS Abraham Lincoln នៅក្បែរប៉ាត់តាយ៉ា ប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងជួយជំរុញសេដ្ឋកិច្ចក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ