ប៉ុន្ដែ ការកំណត់ពីជោគវាសនាកម្មវិធីនុយក្លេអ៊ែរបស់ទីក្រុងតេអេរ៉ង់ គឺមិនបានរាប់បញ្ចូលនៅក្នុងក្របខណ្ឌនេះទេ ពោលគឺ នៅតែបន្ដដាក់លើតុកចរចាគ្នាបន្ថែមទៀត។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារអន្តរជាតិធំៗជាច្រើនបានចុះផ្សាយនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦។
លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្ដាញសង្គម Truth Social នៅព្រឹកថ្ងៃទី ១៥ ខែមិថុនា (ម៉ោងនៅកម្ពុជា) ថា «កិច្ចព្រមព្រៀងជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ឥឡូវនេះបានបញ្ចប់ហើយ»។ លោកក៏បានបញ្ជាក់ពីការបើកច្រកសមុទ្រហ័រម៉ូសឡើងវិញផងដែរ។
ការបង្ហាញពីពន្លឺសន្ដិភាពនេះ បានធ្វើឱ្យតម្លៃប្រេងឆៅពិភពលោកបានដាំក្បាលធ្លាក់ចុះប្រមាណ ៤% នៅព្រឹកថ្ងៃចន្ទ ទី ១៥ ខែមិថុនានេះ ខណៈតម្លៃភាគហ៊ុននៅអាស៊ីវិញបានស្ទុះងើបឡើងផងដែរ។
បើទោះបីជា មិនមានការបញ្ចេញនូវខ្លឹមសារនៃលក្ខខណ្ឌព្រមព្រៀងគ្នាលម្អិតរវាងអាម៉េរិក និងអ៊ីរ៉ង់ក្ដី ប៉ុន្ដែ បើតាមនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif កតិកាសញ្ញានេះបានអំពាវនាវឱ្យមាន "ការបញ្ចប់ប្រតិបត្តិការយោធាជាបន្ទាន់ និងជាអចិន្ត្រៃយ៍លើគ្រប់វិស័យ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ"។
មេដឹកនាំលោកខាងលិចជាច្រើន បានស្វាគមន៍ការសម្រេចបាននូវកិច្ចព្រមព្រៀងបឋមរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ប៉ុន្តែពួកគេនៅតែអំពាវនាវឱ្យមានវិធានការតឹងរ៉ឹង ដើម្បីរារាំងទីក្រុងតេអេរ៉ង់ មិនឱ្យអភិវឌ្ឍសមត្ថភាពអាវុធនុយក្លេអ៊ែរឡើយ៕