ព្រឹទ្ធសភា និងរដ្ឋសភាអាម៉េរិក

ព្រឹទ្ធសភា និងរដ្ឋសភាអាម៉េរិកបោះឆ្នោតឱ្យបញ្ឈប់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ខណៈលោក ត្រាំ រិះគន់ការសម្រេចនេះ


វិបត្តិភូមិសាស្ត្រនយោបាយ និងការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានឈានចំណុចរបត់ថ្មីមួយដ៏សំខាន់ ប៉ុន្តែលើកនេះកើតមានឡើងនៅក្នុងផ្ទះរបស់អាម៉េរិកខ្លួនឯង។ កាលពីថ្ងៃទី២៣ ខែមិថុនា ព្រឹទ្ធសភារបស់សហរដ្ឋអាម៉េរិកបានបោះឆ្នោតគាំទ្រច្បាប់មួយ ដែលបង្គាប់ឱ្យលោក ដូណាល់ ត្រាំ បញ្ឈប់រាល់សកម្មភាពយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ នេះត្រូវបានគេមើលឃើញថា ជាការបង្ហាញទស្សនៈមិនពេញចិត្ត និងការប្រឆាំងដោយចំហពីសំណាក់សភាអាម៉េរិកទៅលើប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ។
ព្រឹទ្ធសភា និងរដ្ឋសភាអាម៉េរិក
ដោយ

តើការសម្រេចចិត្តរួមគ្នារវាងរដ្ឋសភា និងព្រឹទ្ធសភានេះនឹងជះឥទ្ធិពលកម្រិតណាដល់អំណាចធ្វើសង្គ្រាមរបស់លោក ត្រាំ?

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ព្រឹទ្ធសភាអាម៉េរិកបានបោះឆ្នោតអនុម័តគាំទ្រការបញ្ឈប់សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ក្នុងសំឡេងប្រផិតប្រផើយ៥០ទល់នឹង៤៨សំឡេង ក្រោយរដ្ឋសភាបានអនុម័តកាលពីដើមខែមិថុនា នេះ។ ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងស្រទាប់នយោបាយអាម៉េរិក ដោយសូម្បីតែសមាជិកព្រឹទ្ធសភាជាន់ខ្ពស់មួយចំនួនមកពីគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ ខ្លួនឯង ក៏បានសម្តែងការមិនពេញចិត្តចំពោះជម្លោះប្រដាប់អាវុធនេះដែរ។

នេះគឺជាប្រវត្តិសាស្ត្រលើកដំបូងបំផុត ដែលរដ្ឋសភា និងព្រឹទ្ធសភាអាម៉េរិកបានស្របគំនិតគ្នាអនុម័តច្បាប់រួម ដើម្បីបង្គាប់ឱ្យប្រធានាធិបតីដកកងទ័ពចេញពីជម្លោះប្រដាប់អាវុធគិតចាប់តាំងពីច្បាប់ស្តីពីអំណាចធ្វើសង្គ្រាមត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៣ មក។ បើទោះបីជាអ្នកវិភាគមើលឃើញថា ការបោះឆ្នោតនេះមានទម្ងន់ជានិមិត្តរូបនយោបាយ ខ្លាំងជាងការអនុវត្តជាក់ស្ដែងក៏ពិតមែន ប៉ុន្តែវាបានគូសបញ្ជាក់យ៉ាងច្បាស់ពីការធ្លាក់ចុះ នៃប្រជាប្រិយភាព និងឥទ្ធិពលរបស់លោក ត្រាំ នៅក្នុងសភា ដែលកាលពីមុន តែងតែទទួលបានការគាំទ្រស្ទើរតែទាំងស្រុងពីបក្សរបស់ខ្លួន។ លើសពីនេះបញ្ហាបានកើតឡើងចំពេលដែលរដ្ឋបាលលោក ត្រាំ កំពុងត្រៀមស្នើសុំកញ្ចប់ថវិការាប់សិបពាន់លានដុល្លារបន្ថែមទៀតពីសភា ដើម្បីយកទៅចំណាយលើការធ្វើសង្គ្រាមនេះ។

ទោះជាយ៉ាងណាផ្លូវច្បាប់នៃសេចក្តីសម្រេចនេះនៅមានភាពស្រពេចស្រពិលនៅឡើយ។ ក្រោមច្បាប់អំណាចធ្វើសង្គ្រាមឆ្នាំ១៩៧៣ សេចក្ដីសម្រេចរួមរបស់សភាទាំងពីរនេះនឹងមិនត្រូវបានបញ្ជូនទៅសេតវិមាន ដើម្បីឱ្យលោក ត្រាំ ចុះហត្ថលេខាឡើយ។ ប៉ុន្តែអ្នកជំនាញផ្នែកច្បាប់បានរំឮកថា កាលពីឆ្នាំ១៩៨៣ តុលាការកំពូលធ្លាប់បានសម្រេចថា រាល់វិធានការរឹតត្បិតអំណាចបែបនេះ ត្រូវតែមានហត្ថលេខាយល់ព្រម ឬការវេតូពីប្រធានាធិបតី ទើបមានប្រសិទ្ធភាពច្បាប់ដាច់ខាត។ ជាមួយគ្នានេះសេតវិមានបានចេញមុខតវ៉ាថា ច្បាប់ស្តីពីអំណាចធ្វើសង្គ្រាមនេះ គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ ដូច្នេះប្រធានាធិបតី មិនមានកាតព្វកិច្ចត្រូវអនុវត្តតាមនោះទេ។

ភ្លាមៗក្រោយការបោះឆ្នោតរបស់ព្រឹទ្ធសភាលោក ដូណាល់ ត្រាំ បានបង្ហោះសារយ៉ាងក្តៅក្រហាយនៅលើបណ្ដាញសង្គម Truth Social ដោយរិះគន់ការសម្រេចចិត្តរបស់ព្រឹទ្ធសភាថា ធ្វើឡើងខុសពេលវេលា និងគ្មានន័យទាល់តែសោះ។ លោក ត្រាំ ថែមទាំងបានចោទប្រកាន់សមាជិកព្រឹទ្ធសភា ដែលបោះឆ្នោតគាំទ្រនោះថា កំពុងតែធ្វើឱ្យប្រទេសអ៊ីរ៉ង់បានចិត្ត និងកំពុងបង្កឧបសគ្គធ្វើឱ្យការងារដឹកនាំ និងការសម្រេចចិត្តរបស់លោកកាន់តែជួបការលំបាក៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


ចិន បញ្ចេញមហិច្ឆតាពង្រីកឥទ្ធិពលប្រាក់យន់ ដើម្បីប្រជែងនឹងប្រាក់ដុល្លារអាម៉េរិក

សមរភូមិហិរញ្ញវត្ថុពិភពលោកកំពុងឡើងកម្តៅខ្លាំង ខណៈប្រទេសចិន កំពុងបោះជំហានវាយលុកយ៉ាងគំហុកក្នុងយុទ្ធសាស្ត្រទម្លាក់ឥទ្ធិពលប្រាក់ដុល្លារអាម៉េរិ…

ប្រទេសផ្សេងៗចាប់ផ្តើមជម្លៀសនាវានិងនាវឺកដែលជាប់គាំងនៅឈូងសមុទ្រពែក្សតាមច្រកសមុទ្រហ័រម៉ូស

អង្គការសមុទ្រអន្តរជាតិបានប្រកាសជាផ្លូវការថា ផែនការជម្លៀសនាវា និងក្រុមនាវិកទ្រង់ទ្រាយធំជាង១១,០០០នាក់ ដែលបានជាប់គាំងបានចាប់ផ្តើមបើកប្រតិប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ