ជាការឆ្លើយតប អាជ្ញាធរក្រុងតេអេរ៉ង់ បានព្រមានភ្លាមៗថា ខ្លួននឹងវាយបកវិញដោយប្រើប្រាស់អាវុធថ្មីដែលមានអានុភាពបំផ្លិចបំផ្លាញខ្ពស់ ប្រសិនបើអាម៉េរិក ហ៊ានបើកការវាយប្រហារណាមួយ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera លោក ស្កុត បេសសេន រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក បានអះអាងកាលពីថ្ងៃទី២១ ខែកញ្ញា ថា ចាប់ពីថ្ងៃទី២៣ ខែកញ្ញា តទៅ ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ ទាំងអស់នឹងត្រូវបិទខ្ទប់ប្រតិបត្តិការជាសកល។ ការព្រមាននេះមិនត្រឹមតែតម្រង់ទិសលើក្រុមហ៊ុនអាកាសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរាប់បញ្ចូលទាំងអាកាសយានដ្ឋាន ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈ ភ្នាក់ងារលក់សំបុត្រ និងអាជីវកម្មពាក់ព័ន្ធនានានៅបរទេស ដែលផ្តល់សេវាកម្មដល់ក្រុមហ៊ុនអ៊ីរ៉ង់ផងដែរ។
វិធានការដ៏ក្តៅគគុកនេះ គឺជាជំហានវាយប្រហារថ្មីមួយទៀតនៅក្នុងយុទ្ធនាការបង្កើនសម្ពាធអតិបរមាផ្នែកសេដ្ឋកិច្ចរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីធ្វើឱ្យអ៊ីរ៉ង់រងការកាត់ផ្តាច់ទាំងស្រុងពីប្រព័ន្ធហិរញ្ញវត្ថុ និងពាណិជ្ជកម្មអន្តរជាតិ។ បន្ថែមលើនេះ អាម៉េរិក ក៏បានគំរាមដាក់ទណ្ឌកម្មលើក្រុមហ៊ុនបរទេសទាំងឡាយណា ដែលបន្តធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់ក្នុងវិស័យយុទ្ធសាស្ត្រផ្សេងទៀតដូចជា ថាមពល ការដឹកជញ្ជូនតាមសមុទ្រ បច្ចេកវិទ្យា មាស និងទ្រព្យសម្បត្តិឌីជីថលជាដើម។
ការចេញមុខគំរាមកំហែងរបស់លោក ស្កុត ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក ហ៊ើ លីហ្វឹង (He Lifeng) ដើម្បីរៀបចំរបៀបវារៈមុនជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាថ្ងៃទី២៤ ខែកញ្ញា ខាងមុខនេះ។
ឆ្លើយតបនឹងការគំរាមកំហែងនេះ ភាគីអ៊ីរ៉ង់ បានចេញមុខប្រកាសថា ខ្លួននឹងប្រែក្លាយអាវុធសង្គ្រាមប្រភេទថ្មី ដែលមានអានុភាពប្រកបដោយគ្រោះថ្នាក់បំផុតយកមកប្រៀបប្រដៅ និងតបតវិញភ្លាមៗ ប្រសិនបើសហរដ្ឋអាម៉េរិក ហ៊ានបើកការវាយប្រហារយោធាសាជាថ្មី។
ទីភ្នាក់ងារព័ត៌មាន Fars របស់អ៊ីរ៉ង់ បានសម្រង់សម្តីលោក ហូសេន ម៉ូហេបប៊ី (Hossein Mohebbi) អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ដែលបានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ប្រសិនបើមានអំពើឈ្លានពានថ្មីណាមួយកើតឡើង កងកម្លាំងអ៊ីរ៉ង់ មិនត្រឹមតែប្រើប្រាស់អាវុធវាយប្រហារប្រភេទថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកសមរភូមិ និងភូមិសាស្ត្រសង្គ្រាមឱ្យកាន់តែធំជាងមុនជាក់ជាមិនខាន។ ទោះជាយ៉ាងណាអ្នកនាំពាក្យរូបនេះ មិនបានទម្លាយលម្អិតអំពីលក្ខណៈបច្ចេកទេស នៃអាវុធថ្មីនោះ ឬបញ្ជាក់ពីទីតាំងគោលដៅដែលត្រូវវាយប្រហារនោះឡើយ៕
អត្ថបទៈ សួន ឡង់ទី