តាមទិន្ន័យ ពីភ្នាក់ងារវិនិយោគបរទេសរបស់វៀតណាម បានឲ្យដឹងថា ក្នុងចំណោមទឹកប្រាក់៣២ ពាន់លានដុល្លារអាមេរិក ដែលជាការវិនិយោគផ្ទាល់ពីបរទេសនេះ គឺមានប្រមាណជិត១៥ ពាន់លានដុល្លារអាមេរិក គឺត្រូវបានចាក់បញ្ចូលក្នុងគម្រោងថ្មីៗជិត៣៥០០ គម្រោង កើនឡើង២៨% សម្រាប់ចំនួនគម្រោង ប៉ុន្ដែមានការថយចុះ៧% សម្រាប់តម្លៃទុនវិនិយោគ។ ជាមួយគ្នានេះ មានទុនវិនិយោគ ប្រមាណជិត៦ពាន់លានដុល្លារ គឺត្រូវបានចាក់បញ្ចូលទៅក្នុងគម្រោងកំពុងដំណើរការស្រាប់ ។
គួរកត់សម្គាល់ថាចាប់ពីខែមករាដល់ខែវិច្ឆិកាចំនួនគណៈប្រតិភូធុរកិច្ចដែលបានមកដល់ប្រទេសវៀតណាមដើម្បីស្វែងរកឱកាសវិនិយោគ បានកើនឡើង ៣០ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ពួកគេភាគ ច្រើនមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង ចិនដីគោក ហុងកុង និងសិង្ហបុរី។វិស័យផលិតកែច្នៃ នៅតែជាវិស័យដ៏ទាក់ទាញបំផុតសម្រាប់ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសវៀតណាម។ ជាក់ស្ដែង ក្នុងអំឡុង១១ខែ ឆ្នាំនេះ វិស័យនេះ បានស្រូបទាញការវិនិយោគពីបរទេស ក្នុងទំហំទឹកប្រាក់ ជាង២១ ពាន់លានដុល្លារអាមេរិក ដែលមានប្រមាណជាង ៦៨% នៃទុនវិនិយោគផ្ទាល់ពីបរទេសសរុប។ វិស័យជួញដូរលើអចលនទ្រព្យ ឈរលំដាប់ទី២ មានទុនវិនិយោគជាង៣ពាន់លានដុល្លារ បន្ទាប់មក គឺវិស័យលក់ដុំ លក់រាយ និងវិទ្យសាស្ត្រ និបច្ចេកវិទ្យា។
វៀតណាមទទួលបានការវិនិយោគផ្ទាល់ពីប្រទេស និងតំបន់ចំនួន ១១៧ ដែលក្នុងនោះ ហុងកុង នៅតែជាឈរលំដាប់ជួយមុខគេបង្អស់ ដែលបានវិនិយោគនៅវៀតណាម ដែលមានតម្លៃជាទឹកប្រាក់ ជាង៦ពាន់លានដុល្លារ បន្ទាប់មក តាមពីក្រោយដោយ កូរ៉េខាងត្បូង មានទុនវិនិយោគ ជិត៦ពាន់លានដែរ ខណៈដែលសិង្ហបុរី មានជាង៤ពាន់លានដុល្លារ។ ក្រៅពីនេះគឺ ចិនដីគោក និងជប៉ុន ក៏មានវិនិយោគច្រើននៅវៀតណាមផងដែរ។
ទិន្នន័យពី ភ្នាក់ងារវិនិយោគបរទេសរបស់វៀតណាមដដែលនេះ បានឲ្យដឹងទៀតថា វិស័យវិនិយោគបរទេស បានរកចំណូលពីការនាំចេញ ដល់ទៅប្រមាណ ១៦៦ ពាន់លានដុល្លារអាមេរិក នៅ១១ខែឆ្នាំនេះ កើន ៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឬស្មើនឹង៦៩% នៃទំហំនាំចេញសរុបរបស់ប្រទេសវៀតណាមទាំងមូល។ វិស័យវិនិយោគបរទេសក៏បានចំណាយលើការនាំចូលប្រមាណ១៣៤ ពាន់លានដុល្លារ កើនឡើង៣%ផងដែរ ដែលបានធ្វើឲ្យវៀតណាមមានអតិរេកពាណិជ្ជកម្មពីវិស័យនេះ ប្រមាណជាង៣២ ពាន់លានដុល្លារអាមេរិក។
គិតមកទល់នឹងខែវិច្ឆិកាឆ្នាំ២០១៩នេះ ប្រទេសវៀតណាមមានគម្រោងវិនិយោគពីបរទេសមានសុពលភាពប្រមាណ ៣ម៉ឺនគម្រោង ជាមួយនឹងទុនចុះបញ្ជីប្រមាណជាង៣៦០ ពាន់លានដុល្លារអាមេរិក។
ទន្ទឹមគ្នានេះ នៅរយៈពេល១១ខែ ឆ្នាំនេះដែរ ក្រុមហ៊ុនវៀតណាមក៏បានវិនិយោគនៅក្រៅប្រទេសប្រមាណជាង ៤៦០ លានដុល្លារអាមេរិក ជាមួយចំនួនគម្រោង ១៧៧ គម្រោង។ ក្នុងនោះ គម្រោងថ្មីៗមាន ១៤៨ គម្រោងដែលមានតម្លៃទុនវិនិយោគ ៣៥៤ លានដុល្លារអាមេរិក៕