ក្រុមវិនិយោគិនធំៗរបស់វៀតណាម រួមមាន កំពូលមហាសេដ្ឋី ផាម ញ៉ាត វួង និងភរិយារបស់មហាសេដ្ឋីវៀតណាមម្នាក់ទៀត គឺលោក ហូ ហ៊ុង អាញ់ (Ho Hung Anh) បានសហការគ្នាបង្កើតក្រុមហ៊ុនថ្មីមួយមានឈ្មោះថា VinEnergo Holding ជាមួយដើមទុនចុះបញ្ជីប្រមាណ៣ពាន់លានដុល្លារ។ តាមការប្រកាស ក្រុមហ៊ុនថ្មីនេះនឹងផ្តោតសំខាន់លើសេវាកម្មប្រឹក្សាយោបល់គ្រប់គ្រង និងការស្រាវជ្រាវទីផ្សារ។ ក្រៅពីនេះ ក្រុមហ៊ុន ក៏មានប្រតិបត្តិការលើការសាងសង់រោងចក្រថាមពលឧស្ម័នធម្មជាតិរាវ និងរោងចក្រថាមពលខ្យល់ផងដែរ។
ឯកសារលេចធ្លាយមួយបានឱ្យដឹងថា លោក ផាម ញ៉ាត វួង ដែលជាប្រធានក្រុមហ៊ុន Vingroup គឺជាម្ចាស់ភាគហ៊ុនធំជាងគេបង្អស់នៅក្នុងក្រុមហ៊ុនថ្មីនេះ ដោយក្តោបក្តាប់ភាគហ៊ុនរហូតដល់៦៦%។ ក្នុងនោះ ភរិយា និងប្អូនស្រីរបស់លោកកាន់កាប់ភាគហ៊ុនសរុបប្រមាណ១០% ខណៈដែលក្រុមអ្នកជំនួញធំៗផ្សេងទៀតកាន់កាប់ភាគហ៊ុនក្នុងរង្វង់ត្រឹម៥% ក្នុងម្នាក់ៗតែប៉ុណ្ណោះ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ ការបង្កើតក្រុមហ៊ុនថ្មីនេះធ្វើឡើងចំពេលដែលក្រុមហ៊ុនផលិតរថយន្ត VinFast របស់កំពូលមហាសេដ្ឋីរូបនេះ កំពុងជួបវិបត្តិបំណុល និងបញ្ហាវិនិយោគនៅក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុននេះកំពុងជាប់បំណុលប្រមាណ៧ពាន់លានដុល្លារ និងកំពុងអំពាវនាវលក់ភាគហ៊ុន ដើម្បីសម្រាលបន្ទុកបំណុលទាំងនោះ។ ទោះបីក្រុមហ៊ុន VinFast កំពុងជួបវិបត្តិបំណុល ប៉ុន្តែក្រុមហ៊ុនមេរបស់ខ្លួន Vingroup ទទួលបានប្រាក់ចំណេញប្រមាណ២១៣លានដុល្លារនៅត្រីមាសទី១ ឆ្នាំ២០២៦៕
ដោយៈ សរ សុជាតិ