ពិធីផ្លាស់ប្តូរកិច្ចព្រមព្រៀងនេះ បានប្រព្រឹត្តទៅនៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម EMMANUEL MACRONប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំងមកកាន់ព្រះរាជាណាចក្រកម្ពុជា។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ អ្នកឧកញ៉ា សៀ ឬទ្ធី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WORLDBRIDGE GROUP ក្នុងនាមក្រុមហ៊ុន WORLDBRIDGE GROUP។
ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន SEMMARIS នឹងបំពេញតួនាទីជាទីប្រឹក្សាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍគម្រោងទីផ្សារលក់ដុំកសិ-ចំណីអាហារអន្តរជាតិនៅកម្ពុជា ដោយផ្តល់នូវជំនាញបច្ចេកទេស និងបទពិសោធន៍ដែលទទួលបានពីការគ្រប់គ្រងទីផ្សារ RUNGIS ដែលជាទីផ្សារលក់ដុំផលិតផលស្រស់ដ៏ធំបំផុតមួយរបស់ពិភពលោក អស់រយៈពេលជាង ៥០ ឆ្នាំមកហើយ។ ដោយក្នុងនោះវិសាលភាពនៃការគាំទ្ររបស់ក្រុមហ៊ុន SEMMARIS រួមមានការផ្តល់យោបល់យុទ្ធសាស្ត្រលើការគ្រប់គ្រងទីផ្សារ ការរៀបចំទីតាំង និងការអភិវឌ្ឍពាណិជ្ជកម្មការចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកប្រតិបត្តិការ ការរៀបចំសិក្ខាសាលាជាយុទ្ធសាស្ត្រនៅប្រទេសកម្ពុជា ការណែនាំ និងតភ្ជាប់បណ្តាញដៃគូ រួមមានប្រតិបត្តិករទីផ្សារ អង្គការ/ស្ថាប័នវិជ្ជាជីវៈ និងស្ថាប័នសាធារណៈពាក់ព័ន្ធ។ មុនពេលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ ឯកឧត្តមប្រធានាធិបតី EMMANUEL MACRON ក៏បានលើកឡើងអំពីផែនការបង្កើតទីផ្សារលក់ដុំនៅកម្ពុជា ថានោះជាឧទាហរណ៍ដ៏ជាក់ស្តែងមួយនៃកាលានុវត្តភាពថ្មីៗ ដែលកើតចេញពីការនាំយកជំនាញបច្ចេកទេសរបស់ប្រទេសបារាំងមកចូលរួមអភិវឌ្ឍក្នុងប្រទេសកម្ពុជាផងដែរ។
អ្នកឧកញ៉ា សៀ ឬទ្ធី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WORLDBRIDGE GROUP បានមានប្រសាសន៍ថា៖«កម្ពុជាកំពុងមានកំណើនផលិតកម្មកសិកម្មជាបន្តបន្ទាប់ ប៉ុន្តែនៅតែមានការបាត់បង់តម្លៃនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់រវាងអ្នកផលិត និងអ្នកប្រើប្រាស់។ ទីផ្សារលក់ដុំទំនើបអាចជួយដោះស្រាយបញ្ហានេះ ដោយផ្តល់នូវទីផ្សារប្រកបដោយតម្លាភាព និងប្រសិទ្ធភាពសម្រាប់អ្នកផលិត ខណៈធានាបាននូវគុណភាព និងសុវត្ថិភាពចំនីអាហារសម្រាប់អ្នកទិញ។ យើងមានកិត្តិយសក្នុងការទទួលបានជំនាញ និងបទពិសោធន៍ពី SEMMARIS ខណៈពេលដែលយើងអភិវឌ្ឍគម្រោងដែលសមស្របទៅនឹងបរិបទកម្ពុជា និងស្របតាមស្តង់ដារអន្តរជាតិ។ ជាពិសេស កិច្ចព្រមព្រៀងនេះបានធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានាធិបតី EMMANUEL MACRON ដែលនេះគឺជាសក្ខីភាពឆ្លុះបញ្ចាំងពីកម្រិតនៃទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។»
ក្រុមហ៊ុន WORLDBRIDGE GROUP នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីជំរុញការអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ។ ព័ត៌មានលម្អិតបន្ថែមនឹងត្រូវប្រកាសជូនជាបន្តបន្ទាប់នៅដំណាក់កាលក្រោយ។