ដើម្បីបន្តការរីកចម្រើន និងប្រកួតប្រជែងជាមួយបណ្ដាប្រទេសជឿនលឿនក្នុងតំបន់ វៀតណាម កំពុងរៀបចំធ្វើកំណែទម្រង់ទ្រង់ទ្រាយធំ ដោយប្ដូរពីការពឹងផ្អែកលើកម្លាំងពលកម្មថោក និងវិនិយោគបរទេសឆ្ពោះទៅរកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចឌីជីថលធ្វើជាក្បាលម៉ាស៊ីនជំរុញកំណើនថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Net កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។
នៅឆ្នាំ១៩៨៦ វៀតណាម បានចាប់ផ្តើមកំណែទម្រង់ដោយបើកទ្វារសេដ្ឋកិច្ចទីផ្សារ និងទាក់ទាញវិនិយោគបរទេស។ គោលនយោបាយនេះបានជួយឱ្យវៀតណាម ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតមួយនៅលើពិភពលោក។ បច្ចុប្បន្ន វៀតណាម ស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំបំផុតទាំង៣០របស់ពិភពលោក និងស្ថិតក្នុងចំណោមប្រទេសពាណិជ្ជកម្មធំបំផុតទាំង១៥។ ប៉ុន្តែរដ្ឋាភិបាលវៀតណាម យល់ថា គំរូអភិវឌ្ឍន៍ជាតិ ដែលពឹងផ្អែកលើកម្លាំងពលកម្មថោក ធនធានធម្មជាតិ និងវិនិយោគបរទេសមិនអាចជំរុញការរីកចម្រើនក្នុងរយៈពេលវែងបានទៀតឡើយ។
ទោះបីជាចំណូលក្នុងមនុស្សម្នាក់របស់វៀតណាម បានកើនដល់ប្រមាណ៥,០០០ដុល្លារអាម៉េរិក ក៏ដោយ ក៏នៅតែទាបជាងថៃ ដែលមានប្រមាណ៧,៥០០ដុល្លារអាម៉េរិក និងម៉ាឡេស៊ី មានជាង១៣,០០០ ដុល្លារអាម៉េរិក ក្នុងមនុស្សម្នាក់។ ហេតុផលនេះហើយបានជាបក្សកុម្មុយនីស្តវៀតណាម បានដាក់ចេញសេចក្តីសម្រេចមួយ ដើម្បីផ្លាស់ប្ដូរគំរូអភិវឌ្ឍន៍ជាតិទាំងមូល។
គោលនយោបាយថ្មីនេះនឹងផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បញ្ញាសិប្បនិម្មិត ការផ្លាស់ប្ដូរឆ្ពោះទៅរកការធ្វើឌីជីថលនីយកម្ម ទិន្នន័យ ធនធានមនុស្សមានជំនាញ និងវិស័យឯកជន ជាកម្លាំងជំរុញសេដ្ឋកិច្ចថ្មី ជំនួសឱ្យការពឹងផ្អែកលើកម្លាំងពលកម្មថោកដូចកាលពីអតីតកាល។ ជាមួយគ្នានេះ វៀតណាម ក៏គ្រោងកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋ ពង្រឹងការអប់រំ អភិវឌ្ឍវិទ្យាសាស្ត្រ ការពារបរិស្ថាន និងលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ ដោយមានគោលដៅកសាងប្រទេសឱ្យក្លាយជាសេដ្ឋកិច្ចទំនើប បៃតង មានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងឈានទៅរកការក្លាយជាប្រទេសអភិវឌ្ឍន៍នាពេលអនាគត៕
ដោយ: តែម សុខុម