លោក អានុទីន ឆានវីរៈគុល

តើមានកត្តាអ្វីខ្លះទាញទម្លាក់ប្រជាប្រិយភាពរបស់លោក អានុទីន និងបក្សកាន់អំណាចឱ្យដាំក្បាលចុះព្រមគ្នា?


នៅលើឆាកអន្តរជាតិ នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ឆានវីរៈគុល បានបង្ហាញសកម្មភាពការទូតយ៉ាងសកម្ម និងក្លៀវក្លាជាមួយបណ្តាប្រទេសនានា តែនៅក្នុងប្រទេសវិញ វិបត្តិជាច្រើនកំពុងរត់មករកលោករួមទាំងគណបក្សកាន់អំណាច។ កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ថា នៅពេលនេះប្រជាប្រិយភាពរបស់លោកនាយករដ្ឋមន្ត្រី បានដាំក្បាលចុះ៨% ខណៈគណបក្សភូមិចៃថៃ របស់លោក ក៏បានធ្លាក់ចុះ ៩,៦% ផងដែរ។
លោក អានុទីន ឆានវីរៈគុល
ដោយ

កម្រិតនៃការគាំទ្រនៅក្នុងប្រទេសថៃ ទៅលើនាយករដ្ឋមន្ត្រីលោក អនុទីន ឆានវីរ៉ាគុល និងគណបក្សភូមិចៃថៃ បានធ្លាក់ចុះយ៉ាងគំហុក ដែលបង្កើតជាមន្ទិលសង្ស័យជុំវិញសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការរក្សាទំនុកចិត្តពីសាធារណជន និងការដោះស្រាយបញ្ហាប្រឈមនានា។ ត្រឹមតែរយៈពេល៣ខែ បន្ទាប់ពីឡើងកាន់តំណែងជាផ្លូវការរដ្ឋបាលរបស់ លោក កំពុងប្រឈមមុខនឹងការមិនពេញចិត្តកាន់តែខ្លាំងឡើងពីពលរដ្ឋ ដោយសារតែស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ ភាពចម្រូងចម្រាសជាបន្តបន្ទាប់ និងអវត្តមាននៃសមិទ្ធផលគោលនយោបាយសំខាន់ៗ ដែលលោក និងគណបក្សបានសន្យាពេលរកសំឡេងឆ្នោត។
ការស្ទង់មតិប្រចាំត្រីមាសចុងក្រោយបង្អស់របស់វិទ្យាស្ថានជាតិរដ្ឋបាលអភិវឌ្ឍន៍ (NIDA) របស់ថៃ បានបង្ហាញថា លោក ណាថាផុង រឿងបញ្ញាវុធ (Nattapong Ruangpanyawut) មេដឹកនាំគណបក្សប្រជាជន ដែលជាគណបក្សប្រឆាំងដ៏ធំនៅថៃ នៅតែជាឥស្សរជននយោបាយដែលពលរដ្ឋថៃ គាំទ្រច្រើនបំផុត ដោយទទួលបានអត្រាគាំទ្ររហូតដល់២៦% ខណៈលោក អនុទីន ទទួលបានត្រឹមតែជាង២១% ប៉ុណ្ណោះ។
ក្រៅពីប្រជាប្រិយភាពផ្ទាល់ខ្លួនរបស់មេដឹកនាំ ប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចភូមិចៃថៃ ក៏បានស្រុតចុះគួរឱ្យកត់សម្គាល់ផងដែរ ពោលគឺបានធ្លាក់ចុះពីជាង២៦% មកនៅត្រឹមតែ១៧%។ ក្រុមអ្នកវិភាគបានអះអាងថា នេះគឺជាសញ្ញាអវិជ្ជមានដ៏ធំមួយ ព្រោះទាំងប្រជាប្រិយភាពមេដឹកនាំ និងគណបក្សនយោបាយសុទ្ធតែប្រឈមមុខនឹងការធ្លាក់ចុះព្រមគ្នា។
លោកសាស្ត្រាចារ្យ ស៊ូវិឆា ពូអារី (Suvicha Pouaree) នាយកវិទ្យាសា្ថន NIDA បានគូសបញ្ជាក់ថា ក្រុមអ្នកបោះឆ្នោតដែលលែងពេញចិត្តនឹងលោក អានុទីន និងគណបក្សភូមិចៃថៃ ភាគច្រើនជាពលរដ្ឋ ដែលមានអាយុចាប់ពី៤៦ឆ្នាំឡើងទៅ មនុស្សចាស់ ក្រុមអ្នកអភិរក្សនិយម កសិករ ស្ត្រីមេផ្ទះ និងក្រុមពលករ។ អ្វីដែលគួរឱ្យបារម្ភ គឺប្រជាប្រិយភាពនេះបានធ្លាក់ចុះ សូម្បីតែនៅក្នុងតំបន់ដែលធ្លាប់ជាមូលដ្ឋានបង្អែកដ៏រឹងមាំរបស់គណបក្សភូមិចៃថៃ ផ្ទាល់តែម្តង។
មូលហេតុចម្បងដែលទាញទម្លាក់ប្រជាប្រិយភាពរបស់លោក អានុទីន និងគណបក្សភូមិចៃថៃឱ្យស្រុតចុះយ៉ាងខ្លាំងបែបនេះ គឺដោយសារតែបញ្ហាវិបត្តិសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ភាពគ្មានប្រសិទ្ធភាព ឬភាពយឺតយ៉ាវនៃវិធានការជួយសង្គ្រោះពលរដ្ឋ កង្វះសមិទ្ធផលថ្មីៗសម្រាប់ប្រទេសជាតិ ព្រមទាំងរឿងអាស្រូវពុករលួយ និងកំណើននៃបទឧក្រិដ្ឋផ្សេងៗ។
ជុំវិញបញ្ហានេះលោក ស្ទីថន ថាណានីធីឆុត (Stithorn Thananithichot) សាស្ត្រាចារ្យនៅវិទ្យាសាស្ត្រនយោបាយបានលើកឡើងថា គោលនយោបាយ និងដំណោះស្រាយ ដែលរដ្ឋាភិបាលរបស់លោក អានុទីន ដាក់ចេញហាក់គ្មានប្រសិទ្ធភាព ហើយពលរដ្ឋ ក៏មិនទាន់ទទួលបានផលប្រយោជន៍អ្វីឡើយ។
ទោះជាយ៉ាងណាលោកបានកត់សម្គាល់ថា នៅពេលនេះស្ថានភាពរបស់គណបក្សភូមិចៃថៃនៅតែមានប្រៀបខ្លះ ដោយសារតែគណបក្សប្រឆាំងនៅខ្វះកម្លាំងមានសក្តានុពល ប៉ុន្តែលោកជឿជាក់ថា ការដាំក្បាលចុះ នៃប្រជាប្រិយភាពនាពេលនេះកំពុងបង្កើតនូវផលប៉ះពាល់ជាបន្តបន្ទាប់នៅក្នុងជួររដ្ឋាភិបាល ដែលអាចនឹងឈានទៅរកការជំរុញឱ្យមានការរុះរើគណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗខាងមុខ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ថៃនឹងតម្រូវឱ្យពលរដ្ឋដាក់ប្រាក់បញ្ញើពី១៥ម៉ឺនដុល្លារឡើងទៅបញ្ជាក់ពីប្រភពចំណូល ដើម្បីទប់ស្កាត់ការលាងលុយកខ្វក់

បញ្ហាអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ អាជីវកម្មខុសច្បាប់ និងការចរាចរណ៍សាច់ប្រាក់ខ្មៅដែលបានមកពីការជួញដូរគ្រឿងញៀន និងកញ្ឆានៅក្នុងសង្គមថៃ ក្ន…

ទីក្រុងបាងកក ជាប់ចំណាត់ថ្នាក់លេខ១ ដែលមានហានិភ័យឆបោក និងចោរលូកហោប៉ៅលួចទ្រព្យខ្ពស់ជាងគេ

ប្រសិនបើអ្នកកំពុងមានគម្រោងធ្វើដំណើរទៅបរទេស សូមបង្កើនការប្រុងប្រយ័ត្ន ខណៈរបាយការណ៍ថ្មីមួយបានបង្ហាញថា ទីក្រុងទេសចរណ៍ល្បីៗចំនួន៥ នៅលើពិភពលោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ